ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ បាន​រាយការណ៍​ផ្ដាច់​មុខ​ដោយ​សម្ភាសន៍​មន្រ្តី​កំពូល​កាណាដា​​ម្នាក់​ ដែល​និយាយ​ថា​ ការ​បើក​ទទួល​សិស្ស​និស្សិត​ពី​ឥណ្ឌា​ឱ្យ​ទៅ​សិក្សា​នៅ​ក្នុង​ប្រទេស​កាណាដា​ បាន​ធ្លាក់​ចុះយ៉ាង​ខ្លាំង​កាល​ពី​ចុង​ឆ្នាំ​មុន​ ​ដោយ​សារ​តែ​ជម្លោះ​ការ​ទូត​រវាង​ប្រទេស​ទាំង​ ២​ ទាក់​ទង​នឹង​សំណុំ​រឿង​សម្លាប់​មេដឹកនាំ​សាសនា​ស៊ិក​។

រដ្ឋ​មន្ត្រី​អន្តោ​ប្រវេសន៍​កាណាដា​ ​លោក​ Marc Miller ​បាន​បន្ថែម​​ក្នុង​បទ​សម្ភាសន៍​ដដែល​ថា​​ ​​ចំនួន​នៃ​ការ​​ផ្ដល់​សិទ្ធិ​សិក្សា​នៅ​កាណាដាទៅ​ដល់​សិស្ស​ឥណ្ឌា​ ទំនង​​​ជា​មិន​ងើប​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​។​​លោ​ក​​និយាយ​ថា​ ភាព​តាន​តឹង​​ទំនង​ជា​នឹង​បន្ត​បន្ថែម​ទម្ងន់​លើ​តួលេខ​នេះ​ ខណៈភាព​តាន​តឹង​នៃ​​ទំនាក់​ទំនង​រវា​ង​កាណាដា​ និង​ឥណ្ឌា​​ «​​បាន​កាត់​បន្ថយ​សមត្ថភាព​របស់​យើង​ពាក់​កណ្តាល​ ក្នុង​ការ​ដំណើរ​ការ​​ទទួល​ពាក្យ​សុំ​បន្ត​ការ​សិក្សា​​ជា​ច្រើន​ពី​ប្រទេស​ឥណ្ឌា​»​។ 

រដ្ឋ​មន្រ្តី​ដដែល​បន្ត​ថា​ ការ​ធ្លាក់​ចុះ​ជា​ក់​ស្ដែង​គឺ​ដោយ​សារ​តែ​ឥណ្ឌា បាន​​​បណ្ដេញចេញ​​អ្នក​ការ​ទូត​កាណាដា​​ដែល​ទទួល​បន្ទុក​​លើ​ដំណើរ​ការ​ផ្ដល់​សិទ្ធិ​បន្ត​ការ​សិក្សា​ និង​ការ​ធ្លាក់​ចុះ​នៃ​ការ​ដាក់​ពាក្យ​ពី​សិស្ស​និស្សិត​​​ឥ​ណ្ឌា​ ដោយ​សារ​តែ​វិបត្តិ​ការទូតដូច​គ្នា​។


​ភាព​តាន​តឹង​ការ​ទូត​រវាង​ប្រទេស​ទាំង​២​ ​បាន​​​​ផ្ទុះ​ឡើង​កាល​​ឆ្នាំ​មុន​ ក្រោយ​​នាយក​រដ្ឋ​មន្រ្តី​កាណាដា​ លោក​ ចាស្ទីន​ ឌ្រូដូ​ ​​បាន​និយាយ​ថា​ អ្នក​ស៊ើប​អង្កេត​​​កាណាដា​មាន​ភស្តុតាង​ដែល​ត​​​​ភ្ជាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ឥណ្ឌា​ទៅ​​នឹង​ឃាតកម្ម​​​លើ​​មេដឹកនាំ​ស៊ិខ​ លោក ​​Hardeep Singh Nijjar​ នៅ​ខេត្ត​ប្រ៊ីធីហ្សកូឡុំប៊ី​ កាល​ពី​ខែ​មិថុនា​​ ឆ្នាំ​មុន​។

លោក​ Nijjar​ ដែល​គាំទ្រ​ការ​ផ្ដាច់​ខ្លួន​របស់​​សាសនិក​​​ស៊ិខ​នៅ​ឥណ្ឌា​ ត្រូវ​បាន​រដ្ឋាភិបាល​ឥណ្ឌា​រាប់​ចូល​ថា​ជា​ភេរវករ​។ 


​នៅ​ខែ​​តុលា​ ប្រទេស​កាណាដា​​បង្ខំ​​ដក​អ្នក​ការ​ទូត​ចំនួន​ ៤១​​ នាក់​ ឬ​២/៣ នៃ​​បុគ្គលិក​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ឥណ្ឌា​ តាម​ការ​បញ្ជា​ពី​រដ្ឋាភិបាល​ឥណ្ឌា​។​ ​​​វិវាទ​ដដែល​ បាន​ជំរុញ​ឱ្យ​និស្សិត​ឥណ្ឌា​ ស្វែង​រក​ទៅ​សិក្សា​នៅ​ប្រទេស​ផ្សេង​ៗ​។

កត្តា​ទាំង​នោះ​ បាន​នាំ​ឱ្យ​ការ​ផ្ដល់​សិទ្ធិ​ដល់​​សិស្ស​និស្សិត​ឥណ្ឌារបស់​កាណាដានៅ​ត្រី​មាស​ទី​៤ នៃ​ឆ្នាំ​២០​២៣​​ បាន​​​​ធ្លាក់​ចុះ​​រហូត​ដល់​ ៨៦ ភាគរយ បើ​ធៀប​នឹង​ត្រី​មាស​ទី​៣​​ ​​ ពោល​​គឺ​ពី​ចំនួន​​ ១០៨ ៩៤០ នាក់​ មក​ត្រឹម​ ១៤ ៩១០ នាក់។ នេះ​បើ​តាម​ការ​ស្រង់​ទិន្ន​ន័យ​របស់​រ៉យទ័រ​។ ​ ​
លោក​ C. Gurusubramanian ​ទីប្រឹក្សា​នៃ​គណៈកម្មការ​ជាន់​ខ្ពស់​នៃ​ប្រទេស​ឥណ្ឌា​ ប្រចាំ​ក្រុង​អូតាវ៉ា​ រប​ស់​កាណាដា​ បាន​​និយាយ​ថា​ ​​និស្សិត​​ឥណ្ឌា​​ដែល​សិក្សា​​នៅ​បរទេស​​មួយ​ចំនួន​ កំពុង​សម្លឹង​មើល​ជម្រើស​ផ្សេ​ង​ទៀត​ក្រៅ​ពី​ប្រទេស​កាណាដា​ ដោយ​សារ​ការ​ព្រួយ​បារម្ភ​នា​ពេល​ថ្មី​ៗ​នេះ​ ទាក់​ទង​នឹង​កង្វះ​លំនៅដ្ឋាន​ និង​​​កង្វះ​ទី​​កន្លែង​បង្រៀន​សម​រម្យ​​នៅ​វិទ្យាស្ថាន​​មួយ​ចំនួន​របស់​កាណាដា​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ សិស្ស​និស្សិត​ឥណ្ឌា​រួម​ចំណែក​ដ៏​ធំ​បំផុត ​លើ​ចំនួន​សិស្ស​ពី​ប​រទេស​​​ក្នុង​ប្រទេស​កាណាដា​ ​​ដោយ​មាន​ច្រើន​ជាង​ ៤១ ភាគរយ​ ឬ​ ២២៥ ៨៣៥ នាក់​ ក្នុង​ចំណោម​សិ​ ស្ស​បរទេស​ដែល​មាន​​ទទួល​បាន​ការ​ផ្ដល់​សិទ្ធិ​ទាំង​អស់​ក្នុង​ឆ្នាំ​ ២០២២។

គេ​មើល​ឃើញ​ថា​ និស្សិត​​ពី​បរទេស​ គឺ​ជា​ប្រភព​ចំណូល​ដ៏​ធំ​​សម្រាប់​សាកល​វិទ្យាល័យ​​នានា​របស់​កាណាដា​​​​ដោយ​ផ្ដល់​​ចំណូល​បាន​ប្រហែល​ ១៦,៤ ប៊ីលាន​​ដុល្លារ​ ជា​រៀង​រាល់​ឆ្នាំ​។ ការ​ធ្លាក់​ចុះ​នៃ​ការ​ផ្ដល់​សិទ្ធិ​សិក្សា​ទៅ​និស្សិត​បរទេស​រួម​មាន​ឥណ្ឌា​ នឹង​​បង្ក​ជា​បញ្ហា​លើ​បញ្ហា​នេះ​។

​កាណាដា​ គឺ​ជា​ទិសដៅ​ដ៏​ពេញ​និយម​សម្រាប់​និស្សិត​បរទេស​ ​​ដោយ​សារ​​​សិស្ស​និស្សិត​មាន​​ភាព​ងាយ​ស្រួល​ក្នុង​ការ​​ទទួល​បាន​សិទ្ធិ​ធ្វើ​ការ​ ​​ក្រោយ​បញ្ចប់​វគ្គ​សិក្សា​ក្នុង​ប្រទេស​នេះ​​៕