ទិន្នន័យ​ពី​សាជីវកម្ម​ទិន្នន័យ​អន្តរជាតិ (IDC) បាន​បង្ហាញថា ក្រុមហ៊ុន​ផលិតផល​បច្ចេកវិទ្យា Apple របស់​សហរដ្ឋអាមេរិក បានរួម​ចំណែក​ ១/៥ លើ​ទីផ្សារ​ចែកចាយ​ទូរស័ព្ទ​របស់​ពិភព​​លោក ដោយ​វ៉ា​ដាច់​ក្រុមហ៊ុន​ Samsung របស់​កូរ៉េខាងត្បូង ក្លាយជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដ៏​ធំជាងគេ​បំផុត​ជា​លើកដំបូង​ក្នុង​រយៈពេល​ ១២ ​ឆ្នាំ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន BBC​។​

​ក្រុមហ៊ុន Samsung ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ​២ ដោយ​រួមចំណែក​ទីផ្សារ​ដូចគ្នា​ប្រមាណ ​១៩,៤ ​ភាគរយ ខណៈ​ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​ចិន​ដូចជា Xiaomi ក្រុមហ៊ុន OPPO និង​ក្រុមហ៊ុន Transsion​ ឈរ​នៅតាម​លំដាប់​ពីក្រោយ​។​


​ការលក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បាន​ធ្លាក់ចុះ ក្រោយ​ប្រជាជន​ជាច្រើន​ទូទាំង​ពិភពលោក​ដូរ​ម៉ាក​ទូរស័ព្ទ​ឱ្យ​កាន់តែ​ទំនើប​ក្នុង​វិបត្តិ​កូ​វីដ ​១៩ រួចហើយ​។  

​របាយការណ៍​ពី IDC បង្ហាញថា ស្មា​ត​ហ្វូ​ន​ជិត ១,២​ ប៊ី​លាន​គ្រឿង ត្រូវបាន​លក់​កាលពី​ឆ្នាំមុន ពោលគឺ​ធ្លាក់ចុះ​ជាង ៣ ភាគរយ ធៀប​នឹង​ឆ្នាំ ២០២២​។ វា​គឺជា​ចំនួន​លក់​ទាប​បំផុត​ក្នុង​រយៈពេល​ ១​ ទសវត្សរ៍​កន្លងទៅ ដោយ​អ្នកប្រើប្រាស់​ជាច្រើន​បាន​កាត់បន្ថយ​ការចំណាយ ដោយសារតែ​ការប្រឈមមុខ​នឹង​បញ្ហា​ផ្នែក​សេដ្ឋកិច្ច និង​អត្រា​ការប្រាក់​ខ្ពស់​។ ទោះយ៉ាងណា​អ្នកជំនាញ​ព្យាករ​ថា ទីផ្សារ​លក់​ស្មា​ត​ហ្វូ​ន​នឹង​ងើបឡើង​វិញ​នៅ​ឆ្នាំនេះ​។​


IDC លើកឡើងថា ក្រុមហ៊ុន Apple បាន​លក់​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ប្រមាណ ២៣៤​ លាន​គ្រឿង កាលពី​ឆ្នាំមុន ដែល​ធ្វើឱ្យ​ក្រុម​ហ៊ុន​នេះ​ឈរ​នៅ​លំដាប់​ទី​ ១ ​ជា​លើកដំបូង​បំផុត​លើ​ទីផ្សារ​លក់​ស្មា​ត​ហ្វូ​ន ទោះបីជា​ប្រឈម​មុខ​នឹង​បញ្ហា​ផ្នែក​ច្បាប់ និង​ការ​​ប្រកួតប្រជែង​ជាថ្មី​ពី​ក្រុមហ៊ុន Huawei នៅ​ប្រទេស​ចិន ដែលជា​ទីផ្សារ​ធំ​បំផុត​របស់ Apple​។​

IDC ថា ទីផ្សារ​ស្មា​ត​ហ្វូ​ន​កំពុង​ឈានចូល​ដល់ «​ពេលវេលា​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​»៕