​នាយករដ្ឋមន្ត្រី​ចិន លោក លី​ ឈាង (Li Qiang)​​ បាន​ថ្លែង​ទៅកាន់​មេដឹកនាំ​អាជីវកម្ម​នៅ ក្នុង​វេទិកា​សេដ្ឋកិច្ច ពិភពលោក (World Economic Forum) នៅ​ទីក្រុង​ដា​វ៉ូស (Davos) ប្រទេស​ស្វ៊ី​ស​នៅ​ថ្ងៃទី​ ១៦ ខែមករា ឆ្នាំ​ ២០២៤​ ថា នវានុវត្តន៍​បច្ចេក​​វិទ្យា​មិនគួរ​ត្រូវបាន​ប្រើប្រាស់​ជា​មធ្យោបាយ​ដើម្បី​រឹតបន្តឹង ឬ​រារាំង​ប្រទេស​ដទៃ​ទេ​។​

​លោក លី បាន​ថ្លែងថា​៖ «​ដើម្បី​ឈានទៅរក​ការប្រកួតប្រជែង​ប្រកបដោយ​ផ្លែផ្កា គឺ​ត្រូវ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នវានុវត្តន៍​»​។​

​លោក លី បាន​អះអាងថា ភាពជឿនលឿន​ខាង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​គួរតែ​ផ្តល់​ផល​​ប្រយោជន៍​ដល់​មនុស្ស​គ្រប់រូប មិនមែន​ប្រើ​ដើម្បី​រារាំង​ការរីក​​ចម្រើន​របស់​ប្រទេស​ដទៃ​នោះទេ​។ លោក​ថ្លែង​មិន​ចំពោះ​ពី​ឈ្មោះ​នៃ​ប្រទេស​ណាមួយ​ជាក់​លាក់​នោះទេ ប៉ុន្តែ​កន្លងមក ប្រទេស​ចិន​តែងតែបាន​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក​ប្រកាន់​គោល​ការណ៍​បើកចំហ ជាពិសេស​គឺ​ត្រូវ​លុប​ចោលការ​រឹតបន្តឹង​លើ​ក្រុមហ៊ុន​ចិន​មិនឱ្យ​ទិញ​បច្ចេក​វិទ្យា​ទំនើបៗ​ពី​ក្រុមហ៊ុន​អាមេរិក​។​


​ក្នុង​រយៈពេល​ ២ ឆ្នាំ​ចុង​ក្រោយនេះ សហរដ្ឋអាមេរិក​បាន​ផ្តោតលើ​ការ​កាត់ផ្ដាច់​ចិន​ចេញពី​ការ​ចូលទៅ​កាន់​ទីផ្សារ​អាមេរិក​ដើម្បី​ទិញ​ឧបករណ៍​ពាក់កណ្តាល​ចម្លង ​(Semiconductor) កម្រិត​ខ្ពស់​ដែល​អាច​ប្រើប្រាស់​សម្រាប់​បង្កើត​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI)​ ដោយសារតែ​អាមេរិក​មានការ​ព្រួយបារម្ភ​ថា​ចិន​នឹង​យក​បច្ចេកវិទ្យា​របស់ខ្លួន​ទៅ​បង្កើន​សមត្ថភាព​យោធា​។​

​បន្ទាប់ពី​ថ្លែង​សុន្ទរកថា​រួច លោក លី បាន​ពិភាក្សា​បន្ថែម​អំពី​ហានិភ័យ និង​ឱកាស​នៃ​ការបង្កើត AI ដូចជា​មុខងារ​តប​សារ​ដោយសារ​ស្វ័យប្រវត្តិ ChatGPT ជាដើម​។​


​លោក លី លើកឡើងថា ប្រទេស​ចិន​គាំទ្រ​ពហុភាគី​និយម និង​បាន​អំពាវនាវ​ឱ្យ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការជាស​កល​បន្ថែមទៀត​។ លោក​បន្តថា ប្រទេស​ចិន​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​ដ៏​គួរឱ្យ​ព្រួយបារម្ភ​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​លំហូរ​ទិន្នន័យ​ឆ្លង​ព្រំដែន និង​ធានាឱ្យមាន​ការចូលរួម​ដោយ​ស្មើភាព​គ្នា​នៅក្នុង​ដំណើរការ​លទ្ធកម្ម​រប​ស់​រដ្ឋាភិបាល​។​

​យ៉ាងណាក៏ដោយ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក្រុមហ៊ុន​បរទេស​ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ចិន បាន​ប្រឈមមុខ​នឹង​បញ្ហា​ពាក់ព័ន្ធ​នឹង​ច្បាប់​យ៉ាង​តឹងរ៉ឹង​ជុំវិញ​ការប្រមូល​ទិន្នន័យ និង​ការនាំចេញ​ជាដើម​។

​លើសពីនេះ ពួកគេ​បាន​រិះ​គន់​ថា រដ្ឋាភិបាល​ចិន​អនុវត្ត​គោលនយោបាយ​ធុរកិច្ច​មិន​ស្មើភាព​គ្នា និង​អយុត្តិធម៌ តាមរយៈ​ការផ្ដល់ឱ្យ​ក្រុមហ៊ុន​ចិន​ក្នុងស្រុក​នូវ​អាទិភាព និង​អត្ថប្រយោជន៍​ច្រើនជាង​ក្រុមហ៊ុន​វិនិយោគ​ពី​បរទេស​។​

​ប្រទេស​ចិន​បានប្រកាស​ផ្តល់ជូន​ពលរដ្ឋ​ស្វ៊ី​ស​ទាំងអស់​នូវ​សិទ្ធិ​ចូលក្នុង​ប្រទេស​ចិន​ដោយ​គ្មាន​ទិដ្ឋាការ ហើយ​ជា​ថ្នូរ​មកវិញ ស្វ៊ី​សបាន​ប្ដេជ្ញា​ថា​នឹង​ជួយ​សម្រួល​ពលរដ្ឋ​ចិន និង​អាជីវកម្ម​ចិន​ដល់​ការទទួលបាន​ទិដ្ឋាការ​ងាយ​ស្រួល​ជាង​មុន ដើម្បី​អាច​ចូល​ទស្សនា​ឬ​វិនិយោគ​នៅក្នុង​ប្រ​ទេស​ស្វ៊ី​ស​។ ប៉ុន្តែ កាលបរិច្ឆេទ​ជាក់លាក់​នៃ​ការអនុវត្ត​វិធានការ​នេះ នៅ​មិនទាន់​បានប្រកាស​ជា​ផ្លូវការ​នៅឡើយ​។​

​លោក លី ក៏បាន​រំលេច​ថា សេដ្ឋកិច្ច​ចិន​បាន​កើនឡើង​ប្រមាណ​ជា ៥,២% ក្នុង​ឆ្នាំ​ ២០២៣​។ យ៉ាងណាមិញ ការិយាល័យ​ស្ថិតិ​ជាតិចិន​នឹង​ចេញផ្សាយ​តួលេខ​សេដ្ឋកិច្ច​នេះ​ជា​ផ្លូវការ និង​ទិន្នន័យ​ផ្សេងៗ​ទៀត​នៅក្នុង​ថ្ងៃ​ពុធ​នេះ​។ លោក លី បាន​សង្កត់ធ្ងន់ថា ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រទេស​ចិន​មិន​ផ្ដោតលើ​ការចាក់​លុយ​ចូលទៅក្នុង​ចរន្ត​សេដ្ឋកិច្ច​នោះទេ ប៉ុន្តែ​ចិន​បាន​ផ្ដោតលើ​ការផ្តល់​អាទិភាព​ដល់​កត្តា​ជំរុញ​ពី​ខាងក្នុង​មកវិញ ដើម្បី​ទទួលបាន​ផល​ជះ​វិជ្ជមាន​ក្នុង​រយៈពេល​វែង​។​

​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ឆ្នាំនេះ​គ្មាន​វត្តមាន​ផ្ទាល់​របស់​មេដឹកនាំ​សំខាន់​ ២ ​រូប​គឺ ប្រធានាធិបតី​ចិន និង​សហរដ្ឋ​​អាមេរិក​ដែល​ប្រជែង​គ្នា​៕