អាជ្ញាធរថៃ​កំពុង​បន្ត​ស៊ើប​អង្កេត​​​ ករណី​ផ្ទុះ​រោងចក្រ​កាំជ្រួច​មួយ​នៅ​ភាគ​កណ្តាល​ប្រទេស​ថៃ​បាន​បង្ក​ឱ្យ​មនុស្ស​យ៉ាងហោច​ណាស់​មនុស្ស ​២៣ នាក់​បាន​ស្លាប់ កាលពី​ថ្ងៃ​ពុធ​ទី ១៧ ខែ​មករា​ នៅ​​ក្នុង​ខេត្ត ​Suphan Buri ដែល​មាន​ចម្ងាយ​ប្រហែល​១២០​គីឡូម៉ែត្រ​ភាគ​ខាងជើង​ទីក្រុង​បាងកក។

ក្រោយ​ការ​ផ្ទុះ​​នោះ ​នាយករដ្ឋ​មន្ត្រី​ថៃ​ លោក​សេដ្ឋា ថាវីស៊ីន ដែល​កំពុង​មាន​វត្តមាន​នៅឯ​វេទិកា​សេដ្ឋកិច្ច​ពិភព លោក (WEF) នៅ​​ទីក្រុង​ដា​វ៉ូស​ប្រទេស​ស្វីស​បាន​ជំរុញ​ឱ្យមាន​ការស៊ើប​អង្កេត​ជា​បន្ទាន់​ក្រោយ​ទទួលបាន​ព័ត៌មាន​សង្ខេប​អំពី​ការផ្ទុះ​នេះ។ នេះ​បើ​យោងតាម​ការ​ចុះ​ផ្សាយ​របស់ AP។​

ខណៈ​ឧ​ត្ត​ម​សេនីយ៍​ទោ​លោក ​Naiyawat Phademchid បាន​និយាយថា​ពេលនេះ​ក្រុម​មន្ត្រី​កំពុង​បិទ​តំបន់​ជុំវិញ​នោះ​ហើយ​ធ្វើការ​កំណត់​អត្តសញ្ញាណ​សាកសព​នៅពេលដែល​ស្ថានភាព​មានការ​ប្រសើរឡើង។ 


អភិបាលខេត្ត​ Suphan Buri​ លោក ​Nattapat​ Suwanprateep បាន​បញ្ជាក់​ប្រាប់ AFP ​ដោយ​យោង​ទៅតាម​របាយ​ការណ៍​របស់​ក្រុម​អ្នក​សម្អាត​គ្រឿង​ផ្ទុះ ​EOD ថា​ចំនួន​អ្នក​ស្លាប់​ពិតជា​មាន​ចំនួន ២៣នាក់។ លោក ​Nattapat បាន​បញ្ជាក់​បន្ថែមថា​រោងចក្រ​នេះ​បាន​ដំណើរការ​ដោយ​ស្របច្បាប់​និង​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។

បើតាម​ការិយាល័យ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា៖ «លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​ចុះ​ពិនិត្យ​រោងចក្រ​នេះ​ដើម្បី​ពិនិត្យ​មើលថា​តើ​វា​ដំណើរការ​ដោយ​ស្របច្បាប់​ឬ​អត់​ហើយ​ការផ្ទុះ​នេះ​បណ្តាលមកពី​ការធ្វេសប្រហែស​ឬ​យ៉ាងណា។ហើយ​ច្បាប់​ត្រូវតែ​អនុវត្ត​ឱ្យបាន​ពេញលេញ​ព្រោះ​អ្នកស្លាប់​និង​របួស​ជា​ជនស្លូតត្រង់»។


រូបភាព​ដែល​ចែករំលែក​ដោយ​ក្រុម​សង្គ្រោះ​ក្នុង​តំបន់​បានបង្ហាញ​ឱ្យឃើញ​នូវ​កំទេចកំទី​ដែក​ដែល​រាយប៉ាយ​នៅលើ​ដី​និង​ផ្សែងខ្មៅ​យ៉ាង​សន្ធោសន្ធៅ។

ការផ្ទុះ​នៅក្នុង​រោងចក្រ​ផលិត​កាំជ្រួច​និង​ឧបករណ៍​បាញ់​កាំជ្រួច​ផ្សេងទៀត​មិនមែនជា​រឿង​ចម្លែក​ទេ​នៅ​ប្រទេស​ថៃ​ដោយ​កាលពី ២០២៣ មនុស្ស ១០នាក់​ក៏បាន​បាត់បង់​ជីវិត និង​មនុស្ស​រហូតដល់​ជាង ១០០នាក់​បាន​រងរបួស​ប​ន្ទា​ប់​ពី​មានការ​ផ្ទុះ​នៅក្នុង​ឃ្លាំង​កាំជ្រួច​នៅក្នុង​ខេត្ត Narathiwat ភាគខាងត្បូង​ប្រទេស​ថៃ។

ជាមួយគ្នានេះ​ប្រទេស​ថៃ​ក៏មាន​កំណត់ត្រា​សុវត្ថិភាព​មិនល្អ​ក្នុង​វិស័យ​សំណង់​ផងដែរ​ដោយ​គ្រោះថ្នាក់​ដែល​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​កើតមាន​ជារឿយ៕