ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ ​បាន​និយាយ​នៅ​ថ្ងៃទី១៧ ​ខែ​មករា​​នេះ​ ថា​ខ្លួន​បាន​កត់​សម្គាល់​ឃើញ​យន្ត​ហោះ​កងទ័ព​អាកាស​ចិន​ចំនួន ១៨ គ្រឿង ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​និង​ថែមទាំង​បានធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​នាវាចម្បាំង​នៅ​ជុំវិញ​កោះ​ដែលជា​សកម្មភាព​យោធា​ទ្រង់ទ្រាយ​ធំ​ដំបូង​គេ​នៅក្រោយ​ការបោះឆ្នោត។

ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយថា​ចាប់ពី​ម៉ោង​ប្រហែល ៧និង៥០នាទី​យប់ នា​ថ្ងៃទី ១៧ ខែមករា​ខ្លួន​បាន​សម្គាល់​ឃើញ​យន្តហោះ​ចំនួន១៨ គ្រឿង​រួមទាំង​យន្តហោះ​ចម្បាំង Su-30 ដែល​កំពុង​ប្រតិបត្តិការ​នៅ​ភាគ​ខាងជើង​និង​ភាគ​កណ្តាល​ដោយ​ឆ្ពោះទៅ​ភាគ​និរតី​នៃ​កោះ​នេះ។

ក្រសួង​​នេះ​ បាន​បន្ថែមថា ​យន្តហោះ​ចំនួន១១គ្រឿង​បាន​ឆ្លងកាត់​ខ្សែបន្ទាត់​ព្រំដែន​របស់ច្រក​សមុទ្រ​តៃវ៉ាន់ និង​តំបន់​ដែល​នៅ​ជិត​នោះ​ដោយ​ធ្វើការ​ជាមួយ​នាវាចម្បាំង​ដើម្បី​អនុវត្ត​ការ​ល្បាត​ដើម្បី​ត្រៀមប្រយុទ្ធ​រួមគ្នា។


ដោយឡែក​ខ្សែបន្ទាត់​ព្រំដែន​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ (មិន​ផ្លូវការ) ធ្លាប់ជា​របាំង​ពុះ​ចែក​រវាង​ភាគី​ទាំងពីរ​ឱ្យដាច់​ពីគ្នា​ ប៉ុន្តែ​បច្ចុប្បន្ន យន្តហោះ​របស់​ចិន​តែងតែ​ហោះហើរ​ពីលើ​បន្ទាត់​នេះ​ដោយ​មិន​ញញើត​សោះ​ឡើយនិង​ថែមទាំង​បាន​អះអាង​ទៀតថា​ខ្លួន​មិន​ទទួលស្គាល់​នូវ​ខ្សែបន្ទាត់​ខណ្ឌ​ចែក​ផ្ទៃ​ទឹក​នោះទេ។

ក្រសួងការពារជាតិ​តៃវ៉ាន់​ក៏បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ផងដែរ​ថា៖«សន្តិសុខ​នៃ​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ការអភិវឌ្ឍ​និង​ស្ថិរភាព​ពិភពលោក​ហើយ​វា​ជា​កាតព្វកិច្ច និង​ជា​ទំនួល​ខុសត្រូវ​មួយ​ដែល​ភាគី​ទាំងអស់​នៅក្នុង​តំបន់​ត្រូវតែ​ចូលរួម​ឈឺឆ្អាល»។


ក្រសួង​ការ​ពារជាតិ​តៃវ៉ាន់ បាន​បញ្ជាក់ថា៖​«យោធា​នឹង​បន្ត​ពង្រឹងសមត្ថភាព​ការពារ​ស្វ័យការពារ​របស់​យើង​ដើម្បី​ឆ្លើយតប​ចំពោះ​ការគំរាមកំហែង​របស់​សត្រូវ​ទាំង​ក្នុង​និង​ក្រៅ​តំបន់»។​

ប៉ុន្តែ​ យ៉ាងណា​នា​ថ្ងៃទី១៧ មករា​ដដែល​ការិយាល័យ​ចិន​ទទួលបន្ទុក​លើ​កិច្ចការ​តៃវ៉ាន់​បាន​និយាយថា​ជំហរ​របស់​ទីក្រុង​ប៉េកាំង​ដែលថា​ខ្លួន​នឹង​ប្រើប្រាស់​កម្លាំង​ដើម្បី​នាំយក​តៃវ៉ាន់​មក​នៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន​គឺ​សំដៅលើ​ការប្រើប្រាស់​កម្លាំង​លើ​ការជ្រៀតជ្រែក​ពី​បរទេស​និង​ការ​បំបែក​ខ្លួន​មួយចំនួនតូចៗប៉ុណ្ណោះ​ពោលគឺ​មិន​សំដៅលើ​តៃវ៉ាន់​ផ្ទាល់​នោះទេ។

ក្នុង​រយៈពេល ៤ ឆ្នាំ​កន្លងមកនេះ​ប្រទេស​ចិន​ដែល​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ទឹកដី​របស់ខ្លួនជារឿយៗតែង​បញ្ជូន​យន្តហោះ​ចម្បាំង និង​នាវាចម្បាំង​ទៅកាន់​តំបន់​ជុំវិញ​កោះ​នេះ។

នៅមុន​ការបោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់ថ្មីៗនេះ​ទៀតសោត​ចិន​បានដាក់​សម្ពាធ​យោធា​កាន់តែខ្លាំង​លើ​តៃវ៉ាន់ ប៉ុន្តែ​យ៉ាងណា​កោះ​នេះ​នៅតែ​អះអាង​ពី​ជំហ​ប្រជាធិបតេយ្យ​របស់ខ្លួន​ដោយ​មិន​ចុះ​ញ​ម​ជាមួយ​ឥទ្ធិពល​របស់​ចិនដីគោក​នោះឡើយ។

ការណ៍​នេះ​បាន​នាំឱ្យ​លោក Lai Ching-te មកពី​គណៈបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​កាលពី​ថ្ងៃទី១៣ មករា ឆ្នាំ២០២៤ ខណៈដែល​ចិន​កំពុង​សង្កៀត​ធ្មេញ​ដាក់​គណៈបក្ស​នេះ​ជាខ្លាំង។

ប៉ុន្តែ​បើទោះជា​យ៉ាងនេះ​ក្ដី​ចិន​នៅតែ​ព្រមាន​តៃវ៉ាន់​ឱ្យ​បន្ទន់​ជំហរ​រឹងរូស​របស់ខ្លួន​ខណៈ​ដែល​ភាគី​តៃវ៉ាន់​នៅតែ​អះអាង​ពី​សិទ្ធិសេរីភាព​របស់​ប្រជាជន​ខ្លួន​ក្នុងការ​ជ្រើសរើស​អនាគត​ដោយ​ខ្លួនឯង៕