មួយថ្ងៃ​បន្ទាប់ពី​អ៊ីរ៉ង់​ បាន​បើក​ការវាយប្រហារ​តាម​អាកាស​ដើម្បី​កំណត់​គោលដៅ​ក្រុម​ជី​ហាដ​ (Jihadist Group) ដែលមាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ ​បាន​សងសឹក​ វិញ​ដោយ​ការវាយប្រហារ​នៅ​ទីតាំង​ជាច្រើន​ក្នុងប្រទេស​អ៊ីរ៉ង់។ យោង​ បណ្តាញ​សារព័ត៌មាន WION។

សារ​ព័ត៌មាន​ខាងលើ បាន​ដកស្រង់​ប្រភព​យោធា​ប៉ា​គី​ស្ថាន​បាន​អះអាងថា ប៉ា​គី​ស្ថាន​វាយ​ប្រហារ​​លើ​​ទីតាំង​របស់់​​​ក្រុម​ជនជន​ជាតិ​ Baloch ដែល​យោធា​​ប៉ាគីស្ថាន​​បាន​បរិយាយ​ថា​ជា​​«ភេរវករ» នៅក្នុង​ប្រទេស​អ៊ីរ៉ង់ តាមរយៈ​កម្លាំង​ទ័ពអាកាស ចូល​ទៅ​​​ក្នុង​តំបន់ Saravan និង Jalq ដែល​ជ្រៅ​ក្នុងប្រទេស​អ៊ីរ៉ង់។

ប្រភព​បាន​បន្ថែមថា ទីតាំង​ជាច្រើន​ត្រូវបាន​កងកម្លាំង​ប៉ា​គី​ស្ថាន​កំណត់​គោលដៅ​នៅក្នុង​ប្រទេស​អ៊ីរ៉ង់។


​ប្រទេស​​ប៉ា​គី​ស្ថាន​នៅ​ពេល​ក្រោម​មក​ទៀតត​ ​បាន​អះអាងថា ​ខ្លួន​បាន​បើក​ប្រតិបត្តិការ​មួយ​ឈ្មោះ​កូដ «Marg Bar Sarmachar» ដើម្បី​បើក​ការវាយប្រហារ​យោធា​យ៉ាង​ជាក់លាក់​នៅក្នុង​ប្រទេស​អ៊ីរ៉ង់។

កាលពី​ថ្ងៃ​ពុធ ក្រសួងការបរទេស​ប៉ា​គី​ស្ថាន​បាន​អះអាងថា កុមារ​២​​នាក់​ត្រូវបាន​សម្លាប់ និង​បី​នាក់​​ផ្សេងទៀត​រងរបួស​នៅក្នុង​ការវាយប្រហារ​តាម​អាកាស «ខុសច្បាប់» របស់​អ៊ីរ៉ង់​កាល​ពី​យប់​ថ្ងៃ​អង្គារ​។


ប៉ា​គី​ស្ថាន​បាន​ឆ្លើយតប​​ជាមួយ​ហេតុការណ៍​ដែល​កើត​ឡើង​នៃ​កា​របាញ់​ប្រហារ​របស់​អ៊ីរ៉ង់​​ដោយ​បណ្តេញ​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ និង​បាន​ហៅ​បេសកជន​របស់ខ្លួន​ចេញពី​ក្រុង​តេ​អេ​រ៉ង់។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​អ៊ីរ៉ង់​បាន​និយាយថា អ៊ីរ៉ង់​បានកំណត់​គោលដៅ​ជំរុំ​ពីរ​របស់​ក្រុម Jaish al-Adl ដែល​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​​អ៊ីស្លាម​និកាយ​ស៊ុននី​និង​ធ្វើចលនា​បំបែក​ខ្លួន​នៅក្នុង​តំបន់ Panjgur របស់​ក្រុម​កុលសម្ព័ន្ធ Balochistan ក្នុង​ប្រទេស​អ៊ីរ៉ង់​បច្ចុប្បន្ន​។ 

ទីក្រុង​តេ​អេ​រ៉ង់ ធ្លាប់បាន​ភ្ជាប់​ក្រុម​សកម្ម​ប្រយុទ្ធ​​ភេរវករ​​ជី​ហាដ​ជាមួយនឹង​ការវាយប្រហារ​លើក​ងក​ម្លាំ​ង​សន្តិសុខ​របស់ខ្លួន។

ខណៈពេលដែល​សហរដ្ឋ​អាមេរិក ​បាន​ថ្កោលទោស​ការវាយប្រហារ​រ​បស់​អ៊ីរ៉ង់​ នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន បន្ថែម​ពីលើ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​ទីក្រុង​តេ​អេ​រ៉ង់​ នៅ​អ៊ីរ៉ង់ និង​ស៊ី​រី ប្រទេស​ចិន​បាន​ជំរុញ​ឱ្យ​ទីក្រុង​តេ​អេ​រ៉ង់ និង​អ៊ី​ស្លា​ម៉ា​បាដ អនុវត្ត​ការអត់ធ្មត់។

ប្រទេស​ឥណ្ឌា​បាន​និយាយថា ខ្លួន​យល់​ពី«សកម្មភាព​ដែល​ប្រទេស​នានា​ធ្វើ​ក្នុងការ​ការពារ​ខ្លួន»។
ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​ប៉ា​គី​ស្ថាន​ហាក់ដូចជា​កើនឡើង​នៅពេលដែល​វិបត្តិ​នៅ​សមុទ្រ​ក្រហម​ជុំវិញ​ការរំខាន​ពាណិជ្ជកម្ម​នៅតែ​បន្ត​កើតមាន ​ចំពេល​មានការ​វាយប្រហារ​ដ៏​ខ្លាំងក្លា​ដោយ​ក្រុមហ៊ូធី​របស់​យេ​ម៉ែន​លើផ្លូវ​ដឹកជញ្ជូន៕​​