អាជ្ញាធរម៉ូហ្សាំប៊ិក នៅទ្វីបអាហ្វ្រិក បានសម្ដែងការព្រួយបារម្ភចំពោះជំងឺចម្លែកមួយ ដែលបានឆ្លងរាលដាល និងសម្លាប់សត្វគោជាង ៩០០ ក្បាល នៅតំបន់ភាគកណ្ដាលរបស់ប្រទេសរចាប់តាំងពីខែធ្នូ ២០២៣ ដែលកំពុងបង្កផលប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នោះ។
បណ្ដាញព័ត៌មាន BBC បានចុះផ្សាយកាលពីថ្ងៃពុធថា ម្ចាស់គោ និងពេទ្យសត្វមិនស្គាល់ថាវាជាជំងឺអ្វីនោះទេ ដោយវាបានផ្ទុះឡើងនៅក្នុងខេត្ត Manica ដែលជាប់ព្រំដែនជាមួយប្រទេសហ្ស៊ីមបាវ៉េ ហើយបានរីករាលដាលលើស្រុកចំនួន៣នៃខេត្តនេះ។
ក្រោមកង្វល់នេះ ប្រជាជនក្នុងតំបន់កំពុងស្នើសុំការឆ្លើយតបជាបន្ទាន់ពីអាជ្ញាធរបសុពេទ្យរបស់ប្រទេស ដើម្បីការពារការខាតបង់បន្ថែមទៀត ចំពេលមានការព្រួយបារម្ភថា ជំងឺចម្លែកនេះអាចរីករាលដាលនិងសម្លាប់សត្វគោក្របីកាន់តែច្រើន។
អ្នកចិញ្ចឹមគោម្នាក់ ឈ្មោះ Fernando Cupenha មកពីភូមិ Manhene ស្រុក Manica ដែលជាតំបន់រងផលប៉ះពាល់ខ្លាំងបំផុត បាននិយាយប្រាប់អ្នកសារព័ត៌មានថា ជំងឺចម្លែងដដែលបានបង្កឱ្យសត្វគោលែងឃ្លានស្មៅ ហើយអស់កម្លាំង រហូតដល់ដេកងាប់។ លោកព្រមានថា ជំងឺដដែលអាចប៉ះពាល់ដល់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាជន ដោយសារវាជាប្រភពចំណូលដ៏ធំ។
ចំណែកឯកសិករចិញ្ចឹមគោផ្សេងទៀត បានរអ៊ូរទាំថា អាជ្ញាធរបសុសត្វខេត្តមិនទាន់បានឆ្លើយតបយ៉ាងណាទេ រាប់តាំងពីពួកគេយកឈាមរបស់សត្វទៅធ្វើសំណាកវិភាគតាំងពីខែធ្នូមក។
កាលពីដើមឆ្នាំមុនមក ជំងឺដ៏កម្រមួយដែលកើតឡើងពីសត្វចៃ បានសម្លាប់សត្វគោជិត ៤០០ ក្បាល នៅក្នុងភូមិ Chinhambudzi នៃខេត្ត Manica ដដែល របស់ម៉ូហ្សាំប៊ិក រួចម្ដងមកហើយ៕