​នៅពេលដែល​ប្រទេស​អូស្ត្រាលី​ និង​ចិន ​ព្យាយាម​ផ្សះផ្សា​ទំនាក់​ទំនង​ដែល​ល្អក់កករ​ឡើងវិញ ការអត្ថាធិប្បាយ​ជុំវិញ​ឧបទ្ទវ​ហេតុដែល​អូស្ត្រាលី​ជឿថា​យោធា​ជើង​ទឹក​ចិន​ប្រើប្រាស់​សូ​ណា (sonar ដែលជា​ប្រព័ន្ធ​ដែល​គេ​ប្រើប្រាស់​ដើម្បី​ធ្វើឱ្យ​ស្រអាប់​សម្រាប់​កម្ចាត់​អ្វីមួយ​នៅក្នុង​ទឹក​) បណ្តាលឱ្យ​ទាហាន​ជើង​​ទឹក​អូស្ត្រាលី​រងរបួស កំពុង​ធ្វើឱ្យ​ទំនាក់ទំនង​ពួកគេ​មិនល្អ​។​

​យោង​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​ ១៨ ​មករា​ បាន​ច្រានចោល​ការអត្ថាធិប្បាយរ​បស់​ឯកអគ្គរដ្ឋទូត​ចិន​ដែល​ចង់​បង្វែរ​ការស្តីបន្ទោស​ពី​កងទ័ព​​ជើង​ទឹក​របស់​ប្រទេស​ចិន​ចំពោះ​ការរង​របួស​របស់​អ្នក​មុជទឹកយោធា​អូស្ត្រាលី​នៅក្នុង​ឧប្បត្តិ​ហេតុ​នៅ​ជិត​ប្រទេស​ជប៉ុន​កាលពី​ខែវិច្ឆិកា​។​

​នាយករដ្ឋមន្ត្រី​លោក អាន់​ថូ​នី អាល់​បា​នី​ស (Anthony Albanese) បាន​និយាយថា លោក​៖ «​មិន​ឃ្លេងឃ្លោង​គោលជំហរ​» ចំពោះ​ការអត្ថាធិប្បាយ​របស់​ឯក​អគ្គរដ្ឋទូត​ចិន Xiao Qian នៅ​ថ្ងៃ ​១៧ ​មករា​ថា កប៉ាល់​កង​​ទ័ពជើងទឹក​ចិន​មិន​ប្រើប្រាស់​សូ​ណា​។​


​នាយករដ្ឋមន្ត្រី អាល់​បា​នី​ស  ​បាន​និយាយ​កាលពី​ខែវិច្ឆិកា​ថា នាវាចម្បាំង​របស់​ចិន​បានធ្វើ​សកម្មភាព​ប្រកបដោយ​គ្រោះ​​ថ្នាក់​ដោយ​ប្រើ​ប្រព័ន្ធ​សូ​ណា ក្នុងអំឡុងពេល​ឧបទ្ទវហេតុ​ជាមួយ​នាវា​កងទ័ពជើងទឹក​​អូស្ត្រាលី​នៅក្នុង​ដែនទឹក​របស់​ប្រទេស​ជប៉ុន ដែល​បណ្តាលឱ្យ​អ្នក​មុជទឹក​យោធា​អូស្ត្រាលី​រងរបួស​នៅពេលដែល​គាត់​កំពុង​សម្អាត​មង​នេសាទ​ពី​កប៉ាល់ ហើយ​ឧបទ្ទវ​ហេតុនេះ​បានធ្វើឱ្យ​ខូច​ទំនាក់ទំនង​។​

​សន្និសីទ​សារព័ត៌មាន​ប្រចាំឆ្នាំ​មួយ​កាលពី​ថ្ងៃ​ពុធ លោក Xiao បាន​និយាយថា ប្រទេស​ចិន «​មិនបាន​ផ្តួចផ្តើម​ប្រើ​ប្រព័ន្ធ សូ​ណា​»​ទេ ដោយ​បន្ថែមថា​មាន​កប៉ាល់​កងទ័ពជើងទឹក​ជប៉ុន​ស្ថិត​នៅក្បែរនោះ​។ លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​៖ «​តើ​មាន​សូ​ណា​ពី​ភាគី​ម្ខាង​ទៀត​ឬ​អត់ យើង​មិនដឹង​ទេ​»៕