​ចិន និង​ហ្វីលីពីន​ដែល​មួយ​រយៈពេល​ចុងក្រោយ​នេះ​ផ្ទុះ​រឿង​ប្រឈមមុខ​ដាក់គ្នា​ក្នុង​ដែនទឹក បាន​យល់ព្រម​ស្វែងរក​ការប្រាស្រ័យ​ទាក់ទង​គ្នា​ឱ្យ​ល្អ​ជាង​​មុន និង​ការគ្រប់គ្រង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ចិន​ទើប​ព្រមាន​ប្រធានាធិបតី​ហ្វីលីពីន​រឿង​ចេញ​សារ​អបអរសាទរ​ប្រធានាធិបតី​តៃវ៉ាន់​ទើប​ជាប់ឆ្នោត​។​​

មន្ត្រី​កិច្ចការបរទេស​ចិន និង​ហ្វីលីពីន​បាន​យល់ព្រម​កែលម្អ​ទំនាក់ទំនង​ដែន​សមុទ្រ និង​ដើម្បី​គ្រប់គ្រង​ជម្លោះ និង​ភាពខុសគ្នា​ឱ្យបាន​ត្រឹមត្រូវ តាមរយៈ​កិច្ចពិភាក្សា​ជា​មិត្ត​ភាពទាក់ទង​នឹង​បញ្ហា​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​យោង​សេចក្តីថ្លែងការណ៍រ​បស់​ក្រសួង​​ការបរទេស​ចិន​ចុះ​ថ្ងៃទី​​ ១៨ ខែមករា​។​

​នៅពេល​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៨​ នៃ​យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី​ចិន​-​ហ្វីលីពីន​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​នៅ​ទីក្រុង​សៀង​ហៃ ឧបការី​រដ្ឋមន្ត្រី​ការ​​បរទេស​ចិន លោក Nong Rong និង​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​ហ្វីលីពីន លោកស្រី Theresa Lazaro ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយ​បង្ហាញ​ពី​ឆន្ទៈ​ដោះស្រាយ​ការ​យល់ច្រឡំ​គ្នា​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​​ខាងត្បូង​ដែល​ប្រទេស​ទាំង​ ២​ តែង​ជួបប្រទះ និង​នាំឱ្យ​រីក​រាលដាល​។​


​ក្នុង​កិច្ចពិភាក្សា ភាគី​ទាំង​ ២ ​បានបញ្ជាក់​ជាថ្មី​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មិនមែនជា​រឿង​ទាំង​មូលនៃ​ទំនាក់ទំនង​ទ្វេភាគី​ទេ​។​ចិន និង​ហ្វីលីពីន​តែង​ប្រឈមមុខ​ដាក់គ្នា​ជាច្រើន​នាពេល​ថ្មីៗ​នេះ​នៅក្នុង​ដែនទឹក​ដែលមាន​ជម្លោះ​មួយចំនួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ភាគី​ទាំង​ ២​ មានការ​ចោទប្រកាន់​ជុំវិញ​ការធ្វើ​ពាណិជ្ជកម្ម​ដែល​បង្កជម្លោះ​នៅក្នុង​ផ្លូវទឹក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​។​

​ទីក្រុង​ប៉េកាំង​កាលពី​ចុងខែ​សីហា ឆ្នាំ​មុន បាន​បញ្ចេញ​ផែនទី​១​ បង្ហាញ​ការ​ទាមទារ​អធិបតេយ្យភាព​លើ​ស្ទើរតែ​សមុទ្រ​ចិន​ខាងត្បូង​ទាំងមូល រួមទាំង​ផ្នែក​ខ្លះ​នៃ តំបន់សេដ្ឋកិច្ច ផ្តាច់មុខ​នៃ​ប្រទេស​ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ហើយ​ប្រទេស​ទាំងនេះ​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​។​


​សេចក្តីថ្លែងការណ៍​រប​ស់​មន្ត្រី​ការ​បរ​ទេស​ទាំង ​២ បាន​បញ្ជាក់ថា​៖«​ការរក្សា​ទំនាក់ទំនង និង​ការសន្ទនា​គឺ​ចាំបាច់​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​ដែនសមុទ្រ​»​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា ភាគី​ទាំង ​២ ​បាន​ព្រមព្រៀងគ្នា​ក្នុងការ​គ្រប់គ្រង​ជម្លោះដែនសមុទ្រ​ឱ្យបាន​ត្រឹមត្រូវ និង​ភាពខុសគ្នា​តាមរយៈ​ការពិគ្រោះ​យោបល់​ជា​មិត្ត ក៏ដូចជា​ដោះស្រាយ​ភាពអាសន្ន​ដែនសមុទ្រ​ឱ្យបាន​ត្រឹមត្រូវ​។​ចិន​ទាមទារ​ឱ្យ​ភាគី​ហ្វីលីពីន​គោរព​តាម​គោលការណ៍​ចិន​តែ​ ១៕