ប្រទេសថៃ ខកខានការផ្តល់ជូនប្រាក់ដល់ប្រជាជនដែលមានចំណូលទាបតាមការសន្យាដែលលោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានប្រកាសភ្លាមៗក្រោយស្បថចូលកាន់តំណែងកាលពីចុងខែសីហា ឆ្នាំមុន។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ជូឡាពូន អាម៉នវីវា់ត់ (Julapun Amornvivat) បានលើកឡើងថា គម្រោងកាបូបឌីជីថលដែលគ្រោងនឹងផ្ដល់កញ្ចប់ថវិកាចំនួន ១ ម៉ឺនបាត (២៨០ ដុល្លារ) ក្នុងម្នាក់ទៅកាន់ប្រជាជនថៃដែលមានចំណូលទាប នឹងមិនចាប់ផ្តើមអនុវត្តនៅក្នុងខែឧសភាតាមការសន្យានោះទេដោយមានកត្តារាំងស្ទះមួយចំនួន។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ (Pheu Thai) ត្រូវពិគ្រោះយោបល់ជាមួយគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) និងទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗទៀតមុនពេលអាចអនុវត្តគម្រោងដែលមានទឹកប្រាក់សរុប ៥០០ ពាន់លានបាតនេះ។ ដូច្នេះគម្រោងកាបូបឌីជីថលនេះនឹងមិនអាចរៀបចំរួចរាល់ដើម្បីដាក់ចេញអនុវត្តក្នុងខែឧសភាខាងមុខទេ។
ការលើកឡើងទៅកាន់អ្នកសារព័ត៌មានរបស់លោក ជូឡាពូន នេះធ្វើឡើងនៅ ១ ថ្ងៃបន្ទាប់ពីអនុគណៈកម្មាធិការក្នុង NACC ខាងលើបានបញ្ចេញមតិយោបល់ជំទាស់នឹងគម្រោងកាបូបឌីជីថលនេះហើយត្រូវបានគេហទំព័រព័ត៌មានផ្សេងៗចុះផ្សាយយ៉ាងច្រើន។
លោកបានលើកឡើងថា លោកមិនអាចបញ្ជាក់ថា តើមតិជំទាស់នេះជាមតិតំណាងឱ្យគោលជំហរផ្លូវការរបស់ NACC ឬក៏យ៉ាងណានោះទេដោយសារតែរដ្ឋាភិបាលមិនបានទទួលឯកសារផ្លូវការពីគណៈកម្មការនេះនៅឡើយ។
ដោយឡែករដ្ឋមន្ត្រីដែលដឹកនាំក្រុមការងាររៀបចំគម្រោងកាបូបឌីជីថលបានអះអាងថាមតិជំទាស់ដែលបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយគឺជាគោលជំហរជាក់ច្បាស់ហើយ។ យ៉ាងណាក៏ដោយលោកបានបញ្ជាក់ថា៖«ប៉ុន្តែគណៈរដ្ឋមន្ត្រី និងគណៈកម្មាធិការកាបូបឌីជីថលត្រូវរង់ចាំឯកសារផ្លូវការពី NACC សិន»។ លោកបានបន្ថែមថាទាំងរដ្ឋាភិបាល និងគណៈកម្មាធិការបើកចំហក្នុងការស្តាប់មតិយោបល់ពីសាធារណជននិងស្ថាប័នពាក់ព័ន្ធនានា។
អនុគណៈកម្មាធិការរបស់ NACC បានប្រមូលមតិយោបល់ពីភ្នាក់ងារសេដ្ឋកិច្ចផ្សេងៗជាច្រើន ហើយបានសន្និដ្ឋានជារួមថា បើផ្អែកតាមស្ថានភាពសេដ្ឋកិច្ចរបស់ថៃបច្ចុប្បន្នការស្នើប្រាក់កម្ចី ៥០០ ពាន់លានបាត ដើម្បីអនុវត្តគម្រោងកាបូបឌីជីថលនេះជារឿងដែលមិនត្រឹមត្រូវនោះទេ។ អនុគណៈកម្មាធិការនេះបានសង្កត់ធ្ងន់ថា លុះត្រាតែប្រទេសកំពុងជួបវិបត្តិធ្ងន់ធ្ងរដូចជាវិបត្តិសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ ១៩៩៧ ទឹកជំនន់នៅឆ្នាំ ២០១២ ឬជំងឺរាតត្បាតកូវីដ ១៩ ក្នុងឆ្នាំ ២០២០ និង ២០២១ ជាដើមទើបប្រទេសថៃគួរខ្ចីកញ្ចប់សាច់ប្រាក់យ៉ាងច្រើននេះមកប្រើប្រាស់ដើម្បីជួយសេដ្ឋកិច្ច។
ទោះបីជាអគ្គលេខាធិការ NACC លោក នីវ៉ាត់ឆៃ កាសេមង្គល (Niwatchai Kasemongkol) បានលើកឡើងថាអនុគណៈកម្មាធិការរបស់ NACC បានបញ្ជូនរបាយការណ៍ទៅ NACCដើម្បីពិនិត្យហើយប៉ុន្តែមិនទាន់មានការសម្រេចណាមួយនៅឡើយទេ។
ទន្ទឹមនឹងនេះលោក ជូឡាពូន បានថ្លែងគាំទ្រគម្រោងកាបូបឌីជីថលនេះដោយលោកបានកត់សម្គាល់ថា គម្រោងនេះគឺបានទទួលការយល់ព្រមពីអ្នកបោះឆ្នោតនៅថ្ងៃទី ១៤ ខែឧសភា រួចស្រេចហើយ និងថែមទាំងបានដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាលថ្មីទៅកាន់រដ្ឋសភាថែមទៀតផង។
លោក ជូឡាពូន បានបដិសេធការចោទប្រកាន់ដែលថា រដ្ឋាភិបាលថៃនឹងប្រើប្រាស់សំណើរបស់ NACC ដើម្បីលុបចោលគម្រោងកាបូបឌីជីថលនេះ ដែលនាំទៅដល់ការកោតសរសើរលើការសម្រេចចិត្តពេលនោះ៕