នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នាយកប្រតិបត្តិក្រុមហ៊ុន Google លោក ស៊ុនដា ពិឆៃ (Sundar Pichai) បានសរសេរសារជូនដំណឹងដល់និយោជិតទាំងអស់ថា ការកាត់បន្ថយចំនួនបុគ្គលិកក្នុងក្រុមហ៊ុនអាចនឹងកើតមានឡើងបន្ថែមទៀតនៅក្នុងឆ្នាំ២០២៤ នេះ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Google ទើបនឹងបានបញ្ឈប់បុគ្គលិកប្រមាណជា ១០០០ នាក់បន្ថែមទៀតកាលពីពេលថ្មីៗនេះ។ លោក ពិឆៃ បានបន្ថែមថា តួនាទីមួយចំនួនអាចនឹងត្រូវប៉ះពាល់ ដោយសារតែមានការបែងចែក និងផ្លាស់ប្តូរជាបន្តបន្ទាប់។
សាររបស់លោក ពិឆៃ បានទទួលស្គាល់ថា ក្រុមហ៊ុនពិតជាបានកាត់បន្ថយបុគ្គលិករបស់ខ្លួន ដូចទៅនឹងការរាយការណ៍ដោយសហជីពកម្មករពិតមែន ពោលគឺបានបញ្ឈប់បុគ្គលិកចំនួន ១០០០ នាក់។ លោកបានបញ្ជាក់ថា Google ដែលស្ថិតនៅក្រោមក្រុមហ៊ុនមេ Alphabet មានមហិច្ឆតា និងគោលដៅវិនិយោគលើចំណុចអាទិភាពធំៗ ដូច្នេះហើយ ក្រុមហ៊ុនត្រូវធ្វើការសម្រេចចិត្តយ៉ាងលំបាកដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន។
លោក ពិឆៃ ក៏បានរំលេចផងដែរថា ក្រុមហ៊ុនបានសម្រេចចិត្តដ៏លំបាក ដោយបានកាត់បន្ថយបុគ្គលិកក្នុងផ្នែកស្រាវជ្រាវ ផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម និងផ្នែកគ្រប់គ្រងវេទិកា YouTube។ លោកបានបន្តថា វិធានការកាត់បន្ថយបុគ្គលិកនៅឆ្នាំនេះ នឹងមិនប៉ះពាល់ដល់បុគ្គលិក ១២០០០ នាក់ដូចកាលពីខែមករា ឆ្នាំ២០២៣នោះទេ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនយក្សមួយនេះ មានបុគ្គលិកធ្វើការសរុបចំនួន ១៨២០០០ នាក់។
លោក ពិឆៃ បានកត់សម្គាល់ថា យន្តការកាត់បន្ថយបុគ្គលិកនៅឆ្នាំនេះគឺតិចជាងឆ្នាំមុន ហើយនឹងមិនប៉ះពាល់ដល់ក្រុម ឬផ្នែកទាំងអស់នោះទេ។ លោកបានរំលេចថា ក្រុមហ៊ុន Alphabet បានជួលបុគ្គលិកលើសចំនួនក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ដោយសារតែការវាយតម្លៃខុសទៅលើស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
ការបង្ហាញពីគោលបំណងកាត់បន្ថយបុគ្គលិករបស់នាយកប្រតិបត្តិ Google រូបនេះ នៅតែបន្តកើតមាន បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនេះ ធ្លាប់បានបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំក្រោយជំងឺរាតត្បាតកូវីដ១៩បានធូរស្បើយកាលពីឆ្នាំមុនក៏ដោយ។ ទន្ទឹមនឹងនេះ ដំណឹងអំពីវិធានការនេះ ក៏បានកើតឡើងចំពេលដែលក្រុមហ៊ុនធំៗមួយចំនួនទៀតដូចជា Spotify និង Amazon ជាដើម បានអនុវត្តវិធានការកាត់បន្ថយបុគ្គលិករបស់ខ្លួនដូចគ្នា។
យោងតាមគេហទំព័រ layoffs.fyi ដែលជាគេហទំព័រតាមដានការបាត់បង់ការងារក្នុងវិស័យបច្ចេកវិទ្យា បានបង្ហាញថាមានការបញ្ឈប់ការងារជាសកលចំនួន ៧ ៧៨៥ នាក់នៅដើមឆ្នាំ២០២៤ នេះ។ តួលេខនេះតិចជាងឆ្នាំមុន បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ពោលគឺរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ក្រុមហ៊ុនបច្ចេកវិទ្យាបានបញ្ឈប់បុគ្គលិករបស់ខ្លួនរហូតដល់ទៅ ៣៨០០០ នាក់។
កាលពីថ្ងៃពុធកន្លងទៅ លោក ពិឆៃ បាននិយាយថា ការកាត់បន្ថយការងារនាពេលថ្មីៗនេះ មានគោលបំណងធ្វើឱ្យប្រតិបត្តិការការងារដំណើរការងាយស្រួល និងបង្កើនល្បឿនការងារនៅក្នុងផ្នែកមួយចំនួនរបស់ក្រុមហ៊ុន។ លោកក៏បានបញ្ជាក់ផងដែរថា តួនាទីការងារមួយចំនួនទៀតនឹងត្រូវលុបចោលចេញពីក្រុមហ៊ុននៅពេលអនាគត។
លោកបានលើកឡើងជាចុងក្រោយថា «ការផ្លាស់ប្តូរជាច្រើននេះត្រូវបានផ្សព្វផ្សាយជាសាធារណៈរួចហើយ។ ដើម្បីឱ្យមានតម្លាភាព ក្រុមមួយចំនួននឹងធ្វើការសម្រេចចិត្តលើការបែងចែកធនធានបន្ថែមនៅឆ្នាំនេះ ហើយតួនាទីការងារមួយចំនួនអាចនឹងរងផលប៉ះពាល់»៕