យោង​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​​នៅ​មុន​នេះ​បន្តិច ​មនុស្ស​យ៉ាងហោចណាស់៣០​នាក់​បាន​ស្លាប់ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​បាន​វាយប្រហារ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល ដោយ​ក្រុម​ជួយសង្គ្រោះ​កាលពី​ថ្ងៃទី២ខែមករា ព្យាយាម​ទៅដល់​តំបន់​ដាច់ស្រយាល​ដែល​អគារ​ត្រូវបាន​ដួលរលំ ផ្លូវ​ខូច និង​ដាច់​ចរន្តអគ្គិសនី​ដល់ផ្ទះ​រាប់ម៉ឺន​ខ្នង។

អានុភាព​នៃ​ការរញ្ជួយ​ដី​កម្រិត​បឋម​កម្រិត ៧.៦ រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​នៅ​ពាក់កណ្តាល​រសៀល ថ្ងៃទី១ខែមករា ដោយបាន​ជំរុញ​ឱ្យ​អ្នកស្រុក​នៅ​តំបន់ឆ្នេរ​មួយចំនួន​ត្រូវ​ភៀសខ្លួន​ទៅកាន់​ទីទួល​ខ្ពស់ ខណៈដែល​រលក​យក្ស​ស៊ូណាមិ​បាន​បោកបក់​លើ​ឆ្នេរ​ភាគ​ខាងលិច​របស់​ប្រទេស​ជប៉ុន ដោយបាន​បោកបក់​រថយន្ត និង​ផ្ទះសំបែង​មួយចំនួន​ចូលទៅក្នុង​សមុទ្រ។

បុគ្គលិក​យោធា អ្នក​ពន្លត់អគ្គីភ័យ និង​ប៉ូលីស​រាប់ពាន់​នាក់មក​ពី​ទូទាំងប្រទេស​ត្រូវបាន​ប​ញ្ជូ​ន​ទៅកាន់​តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត​នៅក្នុង​​ជ្រោយ Noto ក្នុង​ខេត្ត Ishikawa។


ទោះបីជា​យ៉ាងណាក៏ដោយ កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ត្រូវបាន​រារាំង​ដោយ​ផ្លូវ​ដែល​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ និង​បាន​បិទផ្លូវ ហើយ​អាជ្ញាធរ​ បាន​និយាយថា ពួកគេ​ពិបាក​នឹង​វាយតម្លៃ​ពី​ទំហំ​ពេញលេញ​នៃ​ការដួលរលំ​នេះ។

សេវាកម្ម​ផ្លូវដែក សេវា​សាឡាង និង​ជើងហោះហើរ​ជាច្រើន​ទៅកាន់​តំបន់​នេះ​ត្រូវបាន​ផ្អាក។


អាកាសយានដ្ឋាន Noto បាន​បិទ​ដោយសារតែ​ការខូចខាត​ផ្លូវ​រត់ ស្ថានីយ និង​ផ្លូវ​ចូល ដោយមាន​មនុស្ស ៥០០ ​នាក់​ជាប់គាំង​នៅ​ខាងក្នុង​រថយន្ត​នៅក្នុង​ចំណត​របស់​វា។

នាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា (Fumio Kishida) បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​គ្រោះមហន្តរាយ​មួយ​កាលពី​ថ្ងៃទី២​ខែមករា​ថា៖«ការស្វែងរក និង​ជួយសង្គ្រោះ​អ្នក​ដែល​រង​ផលប៉ះពាល់​ដោយ​ការរញ្ជួយ​ដី​គឺជា​ការប្រយុទ្ធ​នឹង​ពេលវេលា»។

លោក​​ គីស៊ីដា បាន​និយាយថា ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ពិបាក​ទៅដល់​ចុង​ភាគ​ខាងជើង​នៃ​​ជ្រោយ Noto ដោយសារ តែ​ផ្លូវ​ខូច ហើយ​ការ​អង្កេត​​មើល​ដោយ​ប្រើប្រាស់​​ឧទ្ធម្ភាគចក្រ​បាន​រកឃើញ​ភ្លើង​ជាច្រើន និង​ការខូចខាត​យ៉ាង​ទូលំទូលាយ​ដល់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ។

អាជ្ញាធរ​នៅខេត្ត Ishikawa បាន​និយាយថា ពួកគេ​បានបញ្ជាក់​ពី​អ្នកស្លាប់​ចំនួន៣០នាក់​ពី​ការរញ្ជួយ​ដី​មកទល់ពេលនេះ ជាមួយនឹង​ពាក់កណ្តាល​នៃ​អ្នកស្លាប់​ទាំងនោះ​នៅក្នុង​ទីក្រុង Wajima ដែល​រងគ្រោះ​ខ្លាំង​នៅ​ជិត​ចំណុចកណ្តាល​នៃ​ការរញ្ជួយ​ដី​នេះ។

ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អគ្គីភ័យ​របស់​ប្រទេស​ជប៉ុន​បាន​និយាយថា ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​បាន​និង​កំពុង​ពន្លត់​ភ្លើង​នៅក្នុង​ទីក្រុង​ជាច្រើន និង​ព្យាយាម​រំដោះ​មនុស្ស​បន្ថែមទៀត ​ដែល​ជាប់​នៅក្នុង​អគារ​ដែល​ដួលរលំ។

យោងតាម​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន បានឱ្យដឹងថា ការរញ្ជួយ​ដី​ច្រើនជាង ១៤០ ​ត្រូវបាន​គេ​រកឃើញ​ចាប់តាំងពី​ការរញ្ជួយ​ដី​បាន​វាយប្រហារ​លើកដំបូង​កាលពី​ថ្ងៃទី១ ខែមករា។

​ទី​ភ្នាក់ងារ​នោះ​បាន​ព្រមាន​ថា​ការរញ្ជួយ​ខ្លាំង​បន្ថែមទៀត​អាច​នឹង​កើត​មាននៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ៕​