នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បាននិយាយនៅថ្ងៃអង្គារ ទី០២ ធ្នូ នេះថា ប្រទេសថៃ និងចិននឹងលើកលែងតម្រូវការទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំង២ជាអចិន្ត្រៃយ៍ ចាប់ពីខែមីនាទៅ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោកនាយករដ្ឋមន្ត្រី បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖«វានឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំង២ប្រសើរឡើង»។
យុទ្ធសាស្រ្តបែបនេះ កើតចេញពីការចរចាគ្នារវាងរដ្ឋាភិបាលថៃ និងអាជ្ញាធរពាក់ព័ន្ធចិន។
ការប្រកាសរបស់លោក សេដ្ឋា ធ្វើឡើងខណៈថៃ ដែលជាប្រទេសពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍នៅអាស៊ីអាគ្នេយ៍ បានលើកលែងលក្ខខណ្ឌតម្រូវសម្រាប់ភ្ញៀវទេសចរចិន ចាប់ពីខែកញ្ញា ឆ្នាំមុន រហូតដល់ខែកុម្ភៈឆ្នាំនេះ។
គេមើលឃើញលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍សម្រាប់ពលរដ្ឋនៃប្រទេសទាំង២ទៀតសោត នឹងក្លាយជាយុទ្ធសាស្រ្តទាក់ទាញភ្ញៀវទេសចរចិន ដោយនឹងជំរុញឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ។
ក្នុងឆ្នាំ២០២៣ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ២៨ លាននាក់ដោយលើសពីគោលដៅរបស់ខ្លួនបន្តិចហើយបង្កើតប្រាក់ចំណូលបានប្រមាណ ១,២ ទ្រីលានបាត (៣៤,៩៣ ប៊ីលានដុល្លារ)។
ក្នុងចំណោមនោះ មានភ្ញៀវទេសចរចិនប្រមាណ ៣,៥ លាននាក់ ខណៈភ្ញៀវទេសចរម៉ាឡេស៊ីឈរនៅលើកំពូលតារាងប្រមាណ ៤,៥ លាននាក់។ បើធៀបនឹងកំណត់ត្រាខ្ពស់បំផុតមុនវិបត្តិកូវីដ១៩ ថៃមានភ្ញៀវទេសចរមកលេងប្រមាណ ៣៩ លាននាក់ ហើយ ១១ លាននាក់ក្នុងនោះ មកពីប្រទេសចិន៕