​ខណៈ​​ហេតុការណ៍​​​​គ្រោះ​រញ្ជួយ​ដីនិង​រលកយក្សស៊ូណាមិ​មិន​ទាន់​​សាប​ឥទ្ធិពល​ផង ប្រទេស​ជប៉ុន​បាន​ជួប​ហេតុការណ៍​អាក្រក់​មិននឹក​ស្មាន​ដល់​​មួយទៀត​​គឺ​ឆេះយន្តហោះ​​នៅ​លើ​ផ្លូវរត់​ក្នុង​ពេលកំពុង​​ចុះ​ចត​នៅ​​អាកាសយានដ្ឋាន​អន្តរជាតិ Haneda ដែល​នៅ​​​កៀក​កណ្តាល​ក្រុង​តូក្យូ។ 

ទូរទស្សន៍​ជាតិ NHK បាន​រាយការណ៍​ថា យន្តហោះ​​មួយគ្រឿង​​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Japan Airlines បាន​ឆាប​ឆេះ បន្ទាប់ពី​ចុះចត​នៅ​អាកាសយានដ្ឋាន Haneda ទីក្រុង​តូ​ក្យូ​នៅ​ថ្ងៃ​អង្គារ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​​គ្រោះរញ្ជួយ​ដី​​​ដែល​មានកម្លាំង ​​៧,៨ ​រ៉ិចទ័រ និង​រលកយក្ស​ស៊ូណាមិ។

ក្នុង​ហេតុការណ៍​ឆេះ​យន្តហោះនេះ មិន​មាន​សេចក្តីរាយការណ៍​​​អំពីអ្នកដំណើរ​និង​អាកាសយានិក​និង​អ្នក​បម្រើ​ការ​នៅ​លើយន្តហោះ​ជួប​គ្រោះថ្នាក់​នោះទេ។


NHK បាន​រាយការណ៍​ថា​អ្នកដំណើរ ៣៦៧ នាក់​និង​សមាជិក​នាវិក១២នាក់​នៅលើ​យន្តហោះ​ប៉ុន្តែ​ពួកគេ​ទាំងអស់​អាច​ជម្លៀសចេញ​បាន​ដោយសុវត្ថិភាព​។​

​យោង​តាមការ​ផ្សាយ​របស់ Japan Times យន្តហោះ​ដែលឆេះ​នេះ​​គឺ​ហោះហើរ​ពី​អាកាសយានដ្ឋាន New Chitose ក្នុង​ទីក្រុង​ហុក​កៃ​ដូ ​មក​កាន់​​​អាកាសយានដ្ឋាន ​Haneda ហើយ​បាន​ឆេះ​ពេល​ចុះ​ចត​ប៉ះ​ដល់​​ដល់​​នៅ​លើ​ផ្លូវរត់​ C​ របស់​អាកាសយានដ្ឋាន៕​