ប្រទេស​អ៊ីរ៉ង់​ បាន​ច្រានចោល​ការអំពាវនាវរ​បស់​មហាអំណាច​សហរ​ដ្ឋ​អាមេរិក និង​អង់គ្លេស ដែល​បានប្រកាស​ឱ្យអ៊ីរ៉ង់​បញ្ឈប់​ការគាំទ្រ​ការវាយប្រហារ​របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​ ​(Houthi) ទៅលើ​នាវា​ទាំងឡាយណា​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​អ៊ី​ស្រា​អែល ធ្វើដំណើរ​ឆ្លងកាត់​តំបន់​សមុទ្រ​​ក្រហម​។​

អ៊ី​រ៉ង់​បាន​អះអាងថា ការប្រកាស​ចោទប្រកាន់​របស់​អាមេរិក និង​អង់គ្លេស គឺជា​ការជ្រៀតជ្រែក​ដោយ​គ្មាន​មូលដ្ឋាន​សោះ​។ ទោះយ៉ាងណាអ៊ី​រ៉ង់​បាន​បញ្ជូន​កងទ័ពជើងទឹក និង​នាវា​ពិឃាត​ទៅកាន់​តំបន់​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់​មួយ​នេះ​។​

​កាលពី​ថ្ងៃ​ចន្ទ កប៉ាល់​យោធា​អ៊ីរ៉ង់ ដែលជា​នាវា​ពិឃាត​ឈ្មោះ​ Alborz បានធ្វើ​ដំណើរ​ចូលទៅក្នុង​សមុទ្រ​ក្រហម​។ ក្នុងអំឡុង​​ពេល​កិច្ចប្រជុំ​ជាមួយ​អ្នកនាំពាក្យ​ក្រុម​ហ៊ូ​ធី លោក​ម៉ូ​ហាំ​ម៉េ​ដ អាប់​ឌុល​សា​ឡាំ (Mohammed Abdulsalam)​ លេខាធិការ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​កំពូល​អ៊ី​រ៉ង់​បាន​សរសើរ​សកម្មភាព​របស់​ក្រុម​ហ៊ូ​ធី​ដែល​ហ៊ាន​ប្រឆាំង​ការឈ្លានពាន​របស់អ៊ី​ស្រា​អែល​នៅ​តំបន់​ហ្គា​ហ្សា​។​


​ប៉ុន្មាន​សប្ដាហ៍​មកនេះ ក្រុម​​ហ៊ូ​ធី និង​សហរដ្ឋអាមេរិក​បាន​ប៉ះទង្គិច​គ្នា​នៅ​តំបន់​សមុទ្រ​ក្រហម​យ៉ាងខ្លាំង ដោយ​ក្រុម​ហ៊ូ​ធី​បាន​វាយប្រហារ​កប៉ាល់​ពាណិជ្ជកម្ម (Maersk) ហើយ​អាមេរិក​បាន​ប្រើ​ឧ​ទ្ធ​ម្ភា​គ​ចក្រ​យោធា​បាញ់​ពន្លិច​ទូក​ក្រុម​ហ៊ូ​ធី​ចំនួន ៣ ​គ្រឿងក្នុង​សមុទ្រ និង​សម្លាប់​ពួក​សកម្មប្រយុទ្ធ​ចំនួន​ ១០​ នាក់​។ ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ដោយសារ​ក្រុម​ហ៊ូ​ធី​បានបង្ហាញ​ការគាំទ្រ​ដល់​ក្រុម​ហា​ម៉ាស់​នៅ​ហ្គា​ហ្សា​។​ការវាយប្រហារ​គ្នា​ទៅវិញ​ទៅ​មកនេះ បាន​រំខាន​ដល់​ការដឹក​ជញ្ជូន​ទំនិញ​ផ្សេងៗ ព្រោះ​សមុទ្រ​​ក្រហម​គឺជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​នៅ​មជ្ឈិមបូព៌ា​។​

​អង់គ្លេស សហរដ្ឋអាមេរិក​ និង​ដៃគូ​អឺរ៉ុប​ផ្សេងទៀត កំពុង​រៀបចំ​ចេញ​សេចក្ដីប្រកាស​រួមគ្នា​មួយ ដើម្បី​ព្រមាន​ពួក​ឧទ្ទាម​ហ៊ូ​ធី​ដែល​កំពុង​ឈរជើង​នៅ​ប្រទេស​យេ​ម៉ែន ថា​នឹង​ទម្លាក់​គ្រាប់បែក​លើ​មូលដ្ឋាន​ឈរជើង​ពួកគេ ប្រសិនបើ​មិន​បញ្ឈប់​ការ​វាយ​​ប្រហារ​លើ​នាវា​នៅ​សមុទ្រ​ក្រហម​។ ជាការ​ឆ្លើយតប ក្រុម​ហ៊ូ​ធី​ប្រកាសថា ពួកគេ​នឹង​ឈប់​វាយប្រហារ ប្រសិនបើ​អ៊ីស្រា​អែល​អនុញ្ញាតឱ្យ​ក្រុម​ជំនួយ​មនុស្ស​ធម៌​ចូលទៅ​សង្គ្រោះ​ជនរងគ្រោះ​នៅ​តំបន់​ហ្គា​ហ្សា​ពេញលេញ​។​


​លោក អាប់​ឌុល​ម៉ាលី​ក អាល់​​ហ៊ូ​ធី (Abdulmalik al-Houthi) ​ដែលជា​មេដឹកនាំ​ក្រុម​ហ៊ូ​ធី​នៅ​ប្រទេស​យេ​ម៉ែន ធ្លាប់បាន​ព្រមាន​កម្ទេច​នាវាចម្បាំង​អាមេរិក​នៅ​សមុទ្រ​ក្រហម និង​ឈូង​សមុទ្រ​អេ​ដេ​ន ​(Aden)​ ប្រសិនបើ​អាមេរិក​ហ៊ាន​បើក​ការវាយប្រហារ​ប្រទេស​យេ​ម៉ែន​។ មុនពេល​ជំនួប​រវាង​អ៊ីរ៉ង់ និង​ក្រុម​ហ៊ូ​ធី រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក ដេវីដ កា​មេ​រ៉ុ​ន (David Cameron)​ បាន​ព្រមាន​សម​ភាគីអ៊ី​រ៉ង់ លោក ហូ​សេន អា​មី អាប់​ដូ​ឡា​ហៀន (Hossein Amir-Abdollahian) ​ថា រដ្ឋាភិបាល​ក្រុង​តេ​អេ​រ៉ង់​ត្រូវ​ចូលរួម​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នៅ​តំបន់​សមុទ្រ​ក្រហម​។​

​យ៉ាងណាមិញ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ី​រ៉ង់​បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​អង់គ្លេស ប៉ុន្តែ​បានបញ្ជាក់​ពី​ការ​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ចលនា​តស៊ូ​របស់​ប៉ា​ឡេ​ស្ទី​ន ហើយ​បាន​រិះគន់​ការចូល​ជ្រៀតជ្រែក​របស់​អង់គ្លេស ខណៈដែល​លោក​បានប្រកាស​ដោយ​មោទនភាព​ថាអ៊ី​រ៉ង់​គាំទ្រ​ចំពោះ​ការរំដោះ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​។​

​ក្រុម​សកម្មប្រយុទ្ធ​ហ៊ូ​ធី​បាន​គ្រប់គ្រង​តំបន់​សំខាន់ៗ​នៅ​ភាគ​ខាងជើង​ប្រទេស​យេ​ម៉ែន ប៉ុន្តែ​ពួកគេ​ខ្វះ​កម្លាំង​ទ័ព​ជើង​ទឹក​សំខាន់​។ រីឯ​សហរដ្ឋអាមេរិក វិញ បាន​ដឹកនាំ​បង្កើត​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ដើម្បី​ការពារ​ការដឹក​ជញ្ជូន​ឱ្យមាន​សុវត្ថិភាព ប៉ុន្តែ​ការការពារ​នេះ​ហាក់​នៅមានកម្រិត​។ កន្លងមក មានតែ​អង់គ្លេស​ប៉ុណ្ណោះ​ដែល​ផ្តល់ជំនួយ​ផ្នែក​នាវា ខណៈ​អា​រ៉ា​ប៊ី​សា​អ៊ូឌី​ត និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម សម្រេច​មិន​លូកដៃ​ដោយសារតែ​ការ​ព្រួយ​បារម្ភ​ផ្នែក​ការទូត​៕