ប្រជាជន​អ៊ីស្រាអែល​ នា​ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ បាន​ជួបជុំគ្នា​ធ្វើបាតុកម្ម​នៅ​ទីក្រុងតែល​អាវីវ (Tel Aviv) ដើម្បី​តវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​​ដឹកនាំ​ដោយ​​នាយក​រដ្ឋមន្ត្រី លោក ​បេន​ចា​មីន​ ណេ​តាន់​យ៉ា​ហ៊ូ​ ដោយ​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​របស់ខ្លួន​ថា​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ។

តាមរយៈ​ការមិន​ពេញចិត្ត​ចំពោះ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់លោក​ ណេតាន់​យ៉ា​ហ៊ូ​ បែបនេះ ​ប្រជាជន​អ៊ីស្រាអែល​ទាំងនោះ​ក៏បាន​តវ៉ា​ឱ្យមាន​ការបោះឆ្នោត​ជាថ្មី​ផងដែរ។

យ៉ាងណាក៏ដោយ​ ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នាពេលនេះ​ បាន​អង្រួន​ចលនា​ប្រទេស​ទាំងមូល​ឱ្យ​ចាប់ផ្ដើម​គិតគូ​ពី​ប្រជាជន​ស្លូតត្រង់​ដែល​បាន​បាត់​បង់ជីវិត​ក្នុង​សង្គ្រាម​កន្លងមក​និង​ប្រជាជន​មួយចំនួនទៀត​ដែល​ត្រូវបាន​ចាប់ធ្វើ​ចំណាប់ខ្មាំង។


ទន្ទឹមនឹង​សង្គ្រាម​ដែល​ឈាន​ចូលដល់​ខែ​ទី៤ទៅហើយនោះ​សម្ទុះ​នៃ​ការគាំទ្រ​លោកនាយក​រដ្ឋមន្ត្រី​នេ​តាន់​យ៉ា​ហ៊ូបាន​ធ្លាក់​ជា​លំដាប់​រីឯ​ចលនា​នៃ​ការតវ៉ា​ឱ្យ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ក៏មាន​ការវិវត្ត​កាន់តែខ្លាំង​ផងដែរ។

បើទោះជា​មានការ​មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ប៉ុន្តែ​ក្រុមអ្នកតវ៉ា​រាប់ពាន់នាក់​បានជ្រើសរើស​យក​ការធ្វើ​បាតុកម្ម​ដោយ​គ្មាន​អំពើហិង្សា​ពោលគឺ​គ្រាន់តែ​វាយ​ស្គរ​ស្រែក​ទ្រហោយំ​និង​គ្រវីទង់ជាតិ​អ៊ីស្រាអែល​ប៉ុណ្ណោះ។


អ្នក​តវ៉ា​ម្នាក់​ក្នុងចំណោម​អ្នក​តវ៉ា​ទាំងនោះ​គឺ​អ្នកស្រី Noam Alonដែលមាន​ប្អូនប្រុស​ជា​ទាហាន​និង​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​វាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់​កាលពី​ថ្ងៃទី៧ ខែតុលា​ឆ្នាំ២០២៣ បាន​និយាយថា៖ «រដ្ឋាភិបាល​បាន​បោះបង់ចោល​ពួកយើង​តាំងតែ​ពីថ្ងៃ​សង្គ្រាម​ផ្ទុះឡើង​ហើយ​នៅតែ​បន្ត​បោះបង់ចោល​យើង​រហូតដល់​រាល់ថ្ងៃនេះ»។

អ្នកស្រី​បាន​បន្តថា​រដ្ឋាភិបាល​បាន​បោះបង់​ប្រជាជន​ដែល​ជម្លៀស​ខ្លួន​ចេញពី​តំបន់​ហ្គាហ្សា​បោះបង់​ក្រុមគ្រួសារ​ជនរងគ្រោះ​និង​គ្រួសារ​ចំណាប់ខ្មាំង​ដោយ​ផ្ដោត​តែ​ទៅលើ​ការវាយប្រហារ​សងសឹក​ក្រុម​ហា​ម៉ាស់។

នៅក្នុង​ការតវ៉ា​អ្នកស្រី​បាន​និយាយ​ដោយ​សង្កត់ធ្ងន់ថា៖ «អំណាច​គឺ​នៅក្នុង​ដៃ​របស់​យើង! យើង​មាន​សិទ្ធិសេរីភាព​គ្រប់គ្រាន់​ក្នុងការ​ផ្លាស់ប្តូរ​និង​រៀបចំ​រដ្ឋាភិបាល​ឡើងវិញ​ដូច្នេះហើយ​រដ្ឋាភិបាល​ត្រូវតែ​ចុះចេញ​ឥឡូវនេះ!»។

ក្រោយ​ការស្រែក​តវ៉ា​របស់​អ្នកស្រី​បែបនេះ​ក្រុមអ្នកតវ៉ា​ឯទៀត​ក៏​នាំគ្នា​ស្រែក​បន្ទោរ​តាម​ក្រោយ​ថា ៖ «ចុះចេញឥឡូវនេះ!»។

យ៉ាងណាមិញ​កន្លង​មក​មេដឹកនាំ​គណបក្ស​ប្រឆាំង​ធ្លាប់​បានស្នើ​សុំឱ្យ​មានការ​បង្កើត​រដ្ឋាភិបាល​រួបរួម​មួយ​ដែល​មិនមែន​លោ​ក ណេ​តាន់​យ៉ា​ហ៊ូ​ ជា​អ្នកដឹកនាំ​ប៉ុន្តែ​គ្មាន​ចំណាត់ការ​ណាមួយ​ចំពោះ​សំណើ​នេះ​នោះទេ។

​ប្រជាជន​អ៊ីស្រាអែល​បាន​ខឹងសម្បារ​យ៉ាង​ខ្លាំង​ចំពោះ​លោ​ក ណេតាន់​យ៉ា​ហ៊ូ​នៅក្រោយ​ការវាយប្រហារ​កាលពី​ថ្ងៃ​ទី៧​ខែ​តុលា​ដែល​បានសម្លាប់​ជីវិត​មនុស្ស​អស់១៤០០នាក់។

ជាង​ពាក់​កណ្ដាល​នៃ​ប្រជាជន​អ៊ីស្រាអែល​ចង់ឱ្យ​លោ​កនេ​តាន់​យ៉ា​ហ៊ូ​ចុះ​ចេញពី​តំណែងភ្លាមៗបន្ទាប់ពី​សង្គ្រាម​នេះ​បញ្ចប់​ហើយ​មនុស្ស​៩​នាក់​ក្នុង​ចំណោម១០នាក់​និយាយថា​ការវាយលុក​របស់​ក្រុម​ហា​ម៉ាស់​នាពេលនោះ​សបញ្ជាក់​ឱ្យឃើញ​ពី​កម្សោយ​នៃ​ការដឹកនាំ​របស់​រដ្ឋាភិបាល​លោ​ក ណេ​តាន់​យ៉ា​ហ៊ូ៕