ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ​ ​បាន​រាយការណ៍​​កាល​ពី​​ថ្ងៃ​សៅរ៍ ​ទី​ ២០ ​ខែ​មករា​ថា​ ​​សិស្ស​​​យ៉ាង​ហោច​ណាស់​ ១៣ នាក់​បាន​ស្លាប់ ​ដោយសារ​ភ្លើង​ឆេះ​​​អន្តេវាសិកដ្ឋាន​ (កន្លែង​និស្សិត​ស្នាក់​នៅ​) ​ក្នុង​ខេត្ត​ហេណាន​ ភាគ​កណ្ដាល​ប្រទេស​ចិន​។

ភ្លើង​បានចាប់​ផ្ដើម​​ឆាប​ឆេះ​នៅ​​ជិត​រំលង​អាធ្រាត្រ​ថ្ងៃ​សុក្រ​លើ​សាលា​​​រង​គ្រោះ​ ឈ្មោះ​ Yingcai School ដែល​ជា​ប្រភេទ​សាលារៀន​ឱ្យ​សិស្ស​រៀន​ផង​ និង​រស់​នៅ​ផង​​ (Boarding school) ​ស្ថិត​នៅ​​​​ភូមិ​​ Yanshanpu ជាយ​​ក្រុង​​ Nanyang​​នៃ​ខេត្ត​ហេណាន​​ ហើយ​​បាន​បង្ក​ឱ្យ​សិស្ស​ម្នាក់​រង​របួស​។ 

គ្រូ​បង្រៀន​ម្នាក់​នៅ​សាលា​ Yingcai School ​បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ​ចិន​ Hebei Daily ​ថា​ ជន​រង​គ្រោះ​ទាំង​អស់​ ​​រៀន​ថ្នាក់​​ទី​​៣​ដូច​គ្នា​ ​និង​​មាន​អាយុ​ចន្លោះ​​ ៩​ និង​១០ឆ្នាំ​។


ប៉ូលិស​មិន​​បាន​សន្និដ្ឋាន​ភ្លាម​ៗ​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ឆាប​ឆេះ​នោះ​ទេ​ ខណៈ​អាជ្ញាធរ​ពាក់​ព័ន្ធ​កំពុង​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​ និង​បាន​ឃាត់​ខ្លួន​មនុស្ស​ម្នាក់​ដែល​ធ្វើ​ការ​ប្រចាំ​សាលា​។

អគ្គិភ័យ​ និង​គ្រោះ​ថ្នាក់​ដ៏​សាហាវ​ៗ​​ផ្សេង​ទៀត​ តែង​តែ​កើត​ឡើង​ជា​រឿយ​ៗ​នៅ​ក្នុង​ប្រទេស​ចិន​ ​​ដោយ​សារ​តែភាព​កម្សោយ​​​ផ្នែក​​​វិធានការ​​សុវត្ថិភា​ព​​ និង​ការ​អនុវត្ត​មិន​បាន​​ត្រឹម​ត្រូវ​ជា​ដើម​។


កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ មនុស្ស​ ២៦​​ នាក់​បាន​ស្លាប់​ និង​រាប់​សិប​នាក់​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ បន្ទា​ប់​ពី​អគ្គិភ័យ​ឆាប​ឆេះ​​ការិយាល័យ​ក្រុមហ៊ុន​ធ្យូងថ្ម​នៅ​ខេត្ត​ Shanxi ​ភាគ​ខាង​ជើង​ប្រទេស​ចិន​។​

ហេតុការ​ណ៍​​នេះ​ រលង​​បាន​តែ​ប្រមាណ​ខែ​ប៉ុណ្ណោះ​ ក្រោយ​​ដំបូល​​កន្លែង​ហាត់​ប្រាណ​នៅ​សាលា​រៀន​មួយ​ក្នុង​ខេត្ត Heilongjiang ​បាន​បាក់​សម្លាប់​មនុស្ស​ជាង​ ១០ នាក់​​​​កាល​​ពី​​ខែ​​កក្កដា​។ ​

កាលពី​​ខែ​មិថុនា​ ឆ្នាំ​មុន​ដដែល​ ហេតុការណ៍​ផ្ទុះ​​​ភោជនីយ​ដ្ឋាន​​សាច់​​អាំង​​មួយ​​ក្នុង​ក្រុង​ Shenyang នៃ​ខេត្ត​ Liaoning ​បាន​​បណ្តាល​​ឲ្យ​​មនុស្ស​ ៣១ ​នាក់​​ស្លា​ប់​។

ហេតុការណ៍​នេះ​ ​​បាន​​ជំរុញ​​ឲ្យ​​មាន​​ការ​​សន្យា​​ជា​​ផ្លូវ​​ការ​​នៃ​​យុទ្ធនាការ​​ទូទាំង​​ប្រទេស​​ដើម្បី​​លើក​​កម្ពស់​​សុវត្ថិភាព​​កន្លែង​​ធ្វើ​ការ​ ហើយ​វា​កើត​ឡើង​រំលង​បាន​ ២​ ខែ​ក្រោយ​​ភ្លើង​ឆេះ​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង​ប៉េកាំង​ ដែល​បាន​សម្លាប់​មនុស្ស​ជិត​ ៣០ នាក់​៕