ក្រុមប្រឹក្សា​សុវត្ថិភាព​ដឹកជញ្ជូន​ជាតិ​អាមេរិក ហៅ​កាត់​ថា NTSB កំពុង​ស៊ើបអង្កេត​រក​ក្រុមហ៊ុន​ផលិត​និង​ផ្គត់ផ្គង់​គ្រឿងយន្ត​ហោះ​ដល់​ក្រុមហ៊ុន​ប៊ូ​អ៊ីង (Boeing) បន្ទាប់ពី​ពួកគេ​បាន​រកឃើញ​កាលពី​ថ្ងៃទី១៧ ខែមករា​ ថា គន្លឹះទ្វារ​ដែល​របូត​ធ្លាក់​ចេញពី​យន្តហោះ​របស់​ក្រុមហ៊ុន​ Alaska Airlines ត្រូវបាន​ផលិត​នៅ​ប្រទេស​ម៉ាឡេស៊ី។ 

ក្រុមហ៊ុន Spirit AeroSystems គឺជា​ក្រុមហ៊ុន​ម៉ៅការ​បន្ត​របស់​ក្រុមហ៊ុន Boeing សម្រាប់​ផលិត​យន្តហោះ​ប្រភេទ 737 MAX 9 ដែល​បាន​ដាច់​ទ្វារ​ធ្លាក់​ពេល​កំពុង​ហោះហើរ​កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។

ប្រធាន NTSB លោកស្រី ចេ​នី​ហ្វឺ ហូ​ម៉េ​ន​ឌី (Jennifer Homendy) បាន​និយាយថា ទីភ្នាក់ងារ​ស៊ើបអង្កេត​កំពុង​ពិនិត្យមើល​ខ្សែសង្វាក់​ផ្គត់ផ្គង់​ជារួម​ទាំងមូល​តែម្ដង​ពោលគឺ​ចាប់តាំងពី​ដំណើរការ​ដឹកជញ្ជូន​ទ្វារ​ពី​ម៉ាឡេស៊ី​ទៅកាន់​សហរដ្ឋអាមេរិក ការដឹកជញ្ជូន​តាមផ្លូវ​ដែក​ទៅកាន់​រោងចក្រ Boeing នៅ​ទីក្រុង​រ៉េ​ន​តុ​ន (Renton)រដ្ឋ​វ៉ាស៊ីនតោន​និង​ការដំឡើង​នៅលើ​តួ​យន្តហោះ​ក្នុង​រោងចក្រ​ផ្ទាល់។


ទន្ទឹមនឹងនេះ​ផងដែរ រដ្ឋមន្ត្រី​ដឹកជញ្ជូន​ម៉ាឡេស៊ី លោក អាន់​ថូ​នី ឡូ​ក (Anthony Loke)បាន​លើកឡើងថា អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ម៉ាឡេស៊ី​បានផ្តល់​ជំនួយ​យ៉ាង​យកចិត្តទុកដាក់​ដល់រ​ដ្ឋ​បាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក (FAA)។

លោក​បាន​បន្តថា បើទោះជា​គន្លឹះទ្វារ​ត្រូវបាន​ផលិត​ក្នុងប្រទេស​ម៉ាឡេស៊ី​ក៏ដោយ ប៉ុន្តែ​វា​ត្រូវបាន​ទទួលស្គាល់​ស្តង់ដា​គុណភាព​ដោយ​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក​រួចទៅហើយ។


លោក​បាន​បញ្ជាក់ថា៖«អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ម៉ាឡេស៊ី​បាន​ផ្តល់ជំនួយ​យ៉ាងសកម្ម​ដល់ FAA បន្ទាប់ពី​បានទទួល​ដំណឹង​ថា គន្លឹះទ្វារ​នោះ​ត្រូវបាន​ផលិត​នៅ​ប្រទេស​ម៉ាឡេស៊ី»។ លោក​បាន​បន្តថា «ពួកគេ (FFA) បាន​លើកឡើងថា​ពួកគេ​នឹង​ស្វែងរក​ជំនួយ​ពី​យើង​ប្រសិនបើ​ចាំបាច់»។

កាលពី​ថ្ងៃទី៥ខែមករា ជើងហោះហើរ​លេខ ១២៨២ របស់​ក្រុមហ៊ុន ​Alaska Airlines បាន​ហោះ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ផត​ឡែ​ន​ដ៍ (Portland) ក្នុង​រដ្ឋ​អូ​រី​ហ្គិ​ន (Oregon) ឆ្ពោះទៅ​ទីក្រុង​អង់​តា​រី​អូ (Ontario)រដ្ឋ​កាលីហ្វ័រ​ញ៉ា (California)។ ទើបតែ​ហោះ​បាន​ពាក់​កណ្ដាលផ្លូវ គន្លឹះទ្វារ​របស់​យន្តហោះ Boeing 737 MAX 9 ក៏បាន​របូត​ចេញ បង្កើតបានជា​ប្រហោង ហើយ​អ្នកបើក​យន្តហោះ​ក៏បាន​សម្រេច​ចុះចត​ជាបន្ទាន់ភ្លាម។

សមាជិក​ព្រឹទ្ធសភា​អាមេរិក លោកស្រី ម៉ា​រៀ​កាន់​វ៉េ​ល (Maria Cantwell) និង​ជា​ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជ​កម្ម​អាមេរិក​បានលើកឡើង​ថា លោកស្រី​នឹង​បើកសវនាការ​ដោះស្រាយ​បញ្ហា​នេះ។ លោកស្រី​ក៏បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​អំពី​ដំណើរការ​ត្រួតពិនិត្យរ​បស់ FAA ទៅលើ​ក្រុមហ៊ុន Boeing ហើយ​បាន​ជំរុញ​ឱ្យ FAA ធ្វើ​សវនកម្ម​លើ​បញ្ហា​សុវត្ថិភាព​របស់​ក្រុមហ៊ុន Boeing ឡើងវិញ។

ព្រឹទ្ធសមាជិក​លោក តេដ គ្រូ​ស (Ted Cruz)មកពី​គណបក្ស​សាធារណរដ្ឋ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​ពាណិជ្ជកម្ម​បាន​សង្ក​ត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការស៊ើបអង្កេត​ក្នុងការ​ស្វែងរក​មូលហេតុ​នៃ​ឧប្បត្តិ​ហេតុនេះ ដើម្បី​ចៀសវាង​មិនឱ្យ​មានការ​កើតឡើង​នៅពេល​ក្រោយ​ទៀត។

កាលពី​ថ្ងៃ​ពុធ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Boeing លោក ដេ​វ កាល​ហ៊​ន (Dave Calhoun)និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Spirit AeroSystemsលោក ផេ​ត ហ្សា​ណា​ហាន់ (Pat Shanahan)បាន​ទៅ​ទស្សនកិច្ច​នៅ​ទីតាំង​ផលិត​របស់​ក្រុមហ៊ុន Spirit AeroSystems នៅ​ទីក្រុង​វិ​ច្ឆិ​តា (Wichita)នៅ​រដ្ឋ​ខេន​សាស (Kansas) ដោយផ្ទាល់។

ថ្លែង​ទៅកាន់​កម្មករ​រោងចក្រ វិស្វករ និង​បុគ្គលិក​ផ្នែក​ផ្សេងទៀត​ប្រហែលជា២៧០ នាក់ លោក​ហ្សា​ណា​ហាន់ បាន​ធានាថា​ក្រុមហ៊ុន​Spirit AeroSystemsនឹង​អនុវត្ត​វិធានការ​ផ្លាស់ប្តូរ និង​ការកែលម្អ​ដើម្បី​ទទួលបាន​ទំនុកចិត្ត​ពី​សាធារណជន​ឡើងវិញ។

ទន្ទឹមនឹងនោះ​លោក កាល​ហ៊​ន បាន​ថ្លែងថា ៖ «យើង​សូម​ប្តេជ្ញា​ថា​នឹង​ធ្វើឱ្យ​ប្រសើរឡើង មិនមែន​ត្រឹមតែ​ការនិយាយ​របស់​យើង​នោះទេ ប៉ុន្តែ​គឺ​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​វិស្វករ​ក្រុមហ៊ុន​Boeing និង​ក្រុមហ៊ុន​Spirit AeroSystemsក៏ដូចជា​ក្រុមការងារ​ផ្នែក​មេកានិច និង​អធិការកិច្ច​ជាដើម»។

នាយក​ប្រតិបត្តិ​ទាំងពីរ​រូបនេះ បាន​ឆ្លើយតប​ទៅនឹង​សំណួរផ្សេងៗរបស់​បុគ្គលិក ដោយបាន​បកស្រាយ​ពី​ប្រធានបទ​មួយ​ទៅមួយ ក្នុងនោះ​រួមមាន​មេរៀន​ដែល​ក្រុមហ៊ុន​ទាំងពីរ​អាច​រៀនសូត្រ​បាន​ពី​ឧបទ្ទវ​ហេតុនេះ ដែល​អាច​នឹង​នាំឱ្យមាន​ការផ្លាស់ប្ដូរ​កា​រ​រចនា​យន្តហោះ​នាពេល​អនាគត។ 

ថ្មីៗនេះ ក្រុមហ៊ុន Boeing បានតែងតាំង​អតីត​ឧ​ត្ត​មនា​វី​ឯក លោក​ខឺ​ឡែ​ន​ដ៍ ដូ​ណា​ល់ (Kirkland H Donald)នៃ​កងទ័ពជើងទឹក​អាមេរិក​ដែល​បាន​ចូលនិវត្តន៍ ជាទី​ប្រឹក្សា​ផ្តល់យោបល់​ដល់​នាយក​ប្រតិបត្តិ​លើ​ការបង្កើន​វិធីសាស្ត្រ​គ្រប់គ្រង​ការផលិត​ប្រកបដោយ​គុណភាព៕