មានសេចក្តីរាយការណ៍មួយចំនួនបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មានជើងហោះហើរពាណិជ្ជកម្មមួយគ្រឿងដែលធ្វើដំណើរពីប្រទេសឥណ្ឌាទៅកាន់ទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី បានធ្លាក់នៅខេត្ត Badakhshan ដែលសម្បូរទៅដោយភ្នំ ស្ថិតភាគឦសាន្តនៃប្រទេសអាហ្វហ្គានីស្ថានកាលពីយប់ថ្ងៃសៅរ៍។
តាមសេចក្តីរាយការណ៍របស់រ៉យទ័រ យន្តហោះរបស់ប្រទេសរុស្ស៊ីនោះដឹកមនុស្ស៦នាក់ បានបាត់ពីប្រព័ន្ធ ហើយអាជ្ញាធរតំបន់បានអះអាងពីការធ្លាក់។
រ៉យទ័របានដកស្រង់សេចក្តីប្រកាសរបស់អាជ្ញាធររុស្ស៊ីថា យន្តហោះនោះជាប្រភេទយន្តហោះសង្គ្រោះ ដែលគេជួល (charter ambulance) ហោះហើរពីប្រទេសឥណ្ឌា។
ទីភ្នាក់ងារព៏ត៌មានរុស្ស៊ី TASS បានដកស្រង់សេចក្តីរាយការណ៍របស់ព័ត៌មានក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺទីភ្នាក់ងារព័ត៌មាន Aamaj ដែលបានរាយការណ៍ថាយន្តហោះឥណ្ឌាមួយគ្រឿង ដែលហោះហើរទៅកាន់ទីក្រុងម៉ូស្គូ បានធ្លាក់នៅភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន។
ទីភ្នាក់ងារនេះបាននិយាយថា យន្តហោះដែលគ្រប់គ្រងដោយក្រុមហ៊ុនឥណ្ឌាមួយបានធ្លាក់នៅក្នុងខេត្ត Badakhshan ដោយសារតែបញ្ហាបច្ចេកទេស ទីភ្នាក់ងារបាននិយាយដោយមិនបានបញ្ជាក់អំពីម៉ូដែលយន្តហោះ និងចំនួនមនុស្សដែលរងគ្រោះក្នុងឧបទ្ទវហេតុនោះទេ។
អ្នកតំណាងនៃចលនាតាលីបង់ ក្នុងខេត្ត Badakhshan បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Khaama ថាក្រុមមួយត្រូវបានបញ្ជូនទៅកាន់តំបន់សម្រាប់ការស៊ើបអង្កេតលើកាលៈទេសៈនៃឧប្បត្តិហេតុនេះ។