​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ១៨ ខែមករា ឆ្នាំ​ ២០២៤​ កន្លងទៅ​ថ្មីៗ​បាន​និយាយថា ខ្លួន​នឹង​វិនិយោគ​ទឹកប្រាក់ ​១​ ពាន់​លាន​ដុល្លារ​លើ​ការកសាង​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ខាងក្រៅ​ទីក្រុង​ឡុង​ដ៍ដែល​នេះ​ជាការ​វិនិយោគ​ធំ​បំផុត​ចុងក្រោយ​របស់ខ្លួន​នៅក្នុង​ប្រទេស​អង់គ្លេស​ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការកើនឡើង​សម្រាប់​សេវាកម្ម​អ៊ី​ន​ធឺ​ណិ​ត​នៅក្នុង​តំបន់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ របស់​ក្រុមហ៊ុន Google បានឱ្យដឹងថា​មជ្ឈមណ្ឌល​ទិន្នន័យ​ថ្មី​នេះ​ស្ថិតនៅលើ​ផ្ទៃដី​ទំហំ ១៣​ ហិកតា​ដែល​ខ្លួន​បាន​ទិញ​ក្នុង​ឆ្នាំ ​២០២០ មាន​ទីតាំងនៅ​ទីក្រុង Waltham Cross មាន​ចម្ងាយ​ប្រមាណ ​១៥ ​ម៉ា​យ​ភាគ​ខាងជើង​នៃ​កណ្តាល​ទីក្រុង​ឡុង​ដ៍​។​

​រដ្ឋាភិបាល​អង់គ្លេស​ដែល​ជំរុញ​ការ​វិនិយោគ​ពី​សំណាក់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជួយ​ជ្រោមជ្រែង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ជាពិសេស​នៅក្នុង​ឧស្សាហកម្ម​កំពុង​រីកចម្រើន​ដូចជា​បច្ចេកវិទ្យា និង​បញ្ញា​សិប្បនិម្មិត​ហើយ​បាន​ពិ​ព័ណ៌នា​ការ​​វិនិយោគ​របស់ Google ថា​ជា «​ទំនុកចិត្ត​» លើ​ចក្រភព​អង់គ្លេស​។​


​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Rishi Sunak បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​៖ «​ការវិនិយោគ​១​ពាន់​លាន​ដុល្លារ​របស់ Google គឺជា​សក្ខីភាព​ថា ចក្រភព​អង់គ្លេស​គឺជា​មជ្ឈមណ្ឌល​ផ្នែក​បច្ចេកវិទ្យា និង​មាន​សក្តានុពល​ដ៏​ធំ​សម្រាប់​ការរីកចម្រើន​»​។​

​ការវិនិយោគ​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន Google ទិញ​អគារ​ការិយាល័យ​មួយ​កណ្តាល​ទីក្រុង​ឡុង​ដ៍​ក្នុងតម្លៃ​១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២២​ នៅ​ជិត​តំបន់ Covent Garden និង​ទីតាំង​មួយ​ផ្សេងទៀត​ដែល​ក្រុមហ៊ុន​កំពុង​សាងសង់​ការិយាល័យ​ថ្មី​នៅ​ជិត​តំបន់ King's Cross ហើយ​វា​ក៏​ជា​កន្លែង​ដែល​ក្រុមហ៊ុន​បញ្ញា​សិប្បនិម្មិត AI DeepMind​ កំពុងមាន​មូលដ្ឋាន​នៅ​ទីនោះ​ផងដែរ​។​


​ការវិនិយោគ​នេះ​ក៏​កើតឡើង​ត្រឹម​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​ក្រុមហ៊ុន Microsoft បង្ហាញ​ផែនការ​របស់ខ្លួន​ក្នុងការ​វិនិយោគ​ទឹកប្រាក់​ប្រមាណ ២,៥​ ពាន់​លាន​ផោន​ស្មើនឹង​ ៣,២ ​ពាន់​លាន​ដុល្លារ​ចូលទៅក្នុង​ចក្រភព​អង់គ្លេស​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​រួមទាំង​ការបង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​របស់ខ្លួន​ដើម្បី​គាំទ្រ​សេវាកម្ម AI នាពេល​អនាគត​។​

​លោក Ruth Porat ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់ Alphabet ដែលជា​ក្រុមហ៊ុនមេ​របស់ Google បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​៖«​មជ្ឈមណ្ឌល​ទិន្នន័យ​ថ្មី​នេះ​នឹង​ជួយ​បំពេញតម្រូវការ​សេវាកម្ម AI និង cloud ដែល​កំពុង​កើនឡើង​របស់​យើង​ហើយ​នាំមក​នូវ​ភាព​សំខាន់​ដល់​អាជីវកម្ម​នៅ​ទូទាំង​ចក្រភព​អង់គ្លេស​»​។​

​បច្ចេកវិទ្យា AI បាន​ក្លាយជា​អនាគត​នៃ​ការអភិវឌ្ឍ​ក្នុង​វិស័យ​បច្ចេកវិទ្យា ដោយ​ក្រុមហ៊ុន​យក្ស​នានា​បង្កើន​ការ​​វិនិយោគ​យ៉ាង​ធំ​សម្បើម​។ កាលពី​ខែតុលា ឆ្នាំ​ ២០២៣ ក្រុមហ៊ុន ​Google បានប្រកាស​ផែនការ​វិនិយោគ​ក​ ២​ ពាន់​លាន​ដុល្លារ ១​ សប្តាហ៍​ក្រោយ​ក្រុមហ៊ុន ​Amazon បានប្រកាស​វិនិយោគ​ ៤​ ពាន់​លាន​ដុល្លារ​ក្នុង​វិស័យនេះ​៕