មនុស្ស ៤ នាក់ ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​រួច​រស់​មានជីវិត បន្ទាប់ពី​យន្តហោះ​ឯកជន​មួយគ្រឿង ដែល​បាន​ដឹក​ជម្លៀស​អ្នកជំងឺ​ម្នាក់ និង​មនុស្ស​មួយចំនួនទៀតពី​ប្រទេស​ថៃ​ទៅកាន់​ប្រទេស​រុស្ស៊ី បាន​បាត់​ពី​អេក្រង់​រ៉ា​ដា ហើយ​បាន​ធ្លាក់​នៅ​តំបន់​ដាច់ស្រយាល​មួយ​កាលពី​ថ្ងៃ​សៅរ៍ ពោលគឺ​នៅ​តំបន់ភ្នំ​ភាគ​ឦសាន​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន។

អាជ្ញាធរ​អាកាសចរណ៍​រុស្ស៊ី​បាន​រាយការណ៍​ថា មនុស្ស ៦ នាក់ រួមមាន​អ្នកដំណើរ ២ នាក់ និង​សមាជិក​នាវិក ៤ នាក់​ បាន​ជិះ​នៅលើ​យន្តហោះ​សង្គ្រោះបន្ទាន់​នោះ ពី​អាកាសយានដ្ឋាន​យូ​ថា​ផាវ (Utapao) ក្បែរ​ទីក្រុង​ប៉ា​តា​យ៉ា (Pattaya) ទៅកាន់​ទីក្រុង​ម៉ូស្គូ ដោយ​ត្រូវ​ឆ្លងកាត់​ប្រទេស​ឥណ្ឌា និង​អ៊ូ​ស​បេ​គី​ស្ថាន។

ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ទៅដល់​កន្លែង​ធ្លាក់​យន្តហោះ​នៅក្នុង​ខេត្ត​បា​ដាក​ហ្សា​ន់ (Badakhshan) របស់​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន ដែលមាន​ចម្ងាយ​ប្រហែល ២៥០ គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​ទីក្រុង​កា​ប៊ុល ហើយ​បាន​រកឃើញ​អ្នក​នៅ​រស់រានមានជីវិត​ចំនួន ៤ នាក់ ​កាលពី​ថ្ងៃអាទិត្យ។


យោងតាម​ទីភ្នាក់ងារ​ដឹកជញ្ជូន​ផ្លូវអាកាស​របស់​រុស្ស៊ី និង​ក្រសួង​ដឹកជញ្ជូន​របស់​តា​លី​បង់​ បានឱ្យដឹងថា អ្នក​នៅ​រស់រានមានជីវិត​ចំនួន ៤ នាក់ ​ដែលមាន​របួស​ពេញ​ខ្លួន ត្រូវបាន​រកឃើញ​នៅក្បែរ​តំបន់​ធ្លាក់​យន្តហោះ។ រីឯ​ជោគវាសនា​របស់​មនុស្ស ២ រូប​ទៀត នៅ​មិនទាន់​ប្រាកដ​នៅឡើយ​ទេ។

អ្នកនាំពាក្យ​របស់​ពួក​តា​លី​បង់ លោក ហ្សា​ប៊ូ​ឡា មូ​ចា​ហ៊ី​ដ (Zabiullah Mujahid) បាន​និយាយថា ក្រុម​ស៊ើបអង្កេត​របស់​ពួកគេ​កំពុង​ស្វែងរក​យ៉ាងសកម្ម ដើម្បី​ជួយសង្គ្រោះ​ពួកគេ។ ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី​ RIA បាន​រាយការណ៍​ថា យន្តហោះ​បាន​ដឹក​ស្ត្រី​ជនជាតិ​រុស្ស៊ី​ម្នាក់ ដែល​ឈឺ​ធ្ងន់​ចេញពី​មន្ទីរពេទ្យ​ប៉ា​តា​យ៉ា ទៅកាន់​ប្រទេស​រុស្ស៊ី។


ទីភ្នាក់ងារសារព័ត៌មាន​ខាងលើ​បាន​បញ្ជាក់ថា​ស្ត្រី​រូបនេះ​ និង​ប្តី​របស់​លោកស្រី គឺជា​ជនជាតិ​រុស្ស៊ី​ទាំងពីរ​នាក់​ហើយ​ជា​អ្នក​ដែល​ចេញថ្លៃ​ចំណាយ​ដល់​ការហោះហើរ​នេះ។ យោងតាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​បង្ហាញថា ពួកគេ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា មកពី​ភាគខាងត្បូង​នៃ​ប្រទេស​រុស្ស៊ី។

យន្តហោះ​នេះ​មាន​ឈ្មោះថា​ Dassault Aviation Falcon 10 ហើយ​បាន​ចុះបញ្ជី​នៅ​ប្រទេស​រុស្ស៊ី ​ឆ្នាំ១៩៧៨ ផលិត​នៅ​ប្រទេស​បារាំង។ អ្នកបើក​យន្តហោះ​នេះ​បានលើកឡើង​ពី​ការ​ពី​កម្រិត​ប្រេង​នៅ​តិច ហើយ​បានបញ្ជាក់​ពី​ផែនការ​ចុះចត​នៅ​អាកាសយានដ្ឋាន​មួយ​ក្នុងប្រទេស​តាជី​គី​ស្ថាន។

អ្នកបើក​យន្តហោះ​ម៉ាស៊ីន​ភ្លោះ​នេះ បាន​រាយការណ៍​ថា ម៉ាស៊ីន​ទាំងពីរ​របស់​យន្តហោះ​បាន​រលត់ ហើយ ២៥ នាទី​ ក្រោយ មកយន្តហោះ​បាន​បាត់​ពី​អេក្រង់​រ៉ា​ដា។ យោងតាម​ទិន្នន័យ​តាមដាន​ជើងហោះហើរ Flight Radar 24 វិភាគ​ដោយសារ​ព័ត៌មាន Associated Press បានបង្ហាញ​ទីតាំង​ចុងក្រោយ​របស់​យន្តហោះ គឺ​នៅ​ភាគខាងត្បូង​ទីក្រុង​ប៉េ​ហ្សា​វ៉ា (Peshawar) ប្រទេស​ប៉ា​គី​ស្ថាន ប្រហែល​ម៉ោង ១ កន្លះ​ រសៀល​ថ្ងៃ​សៅរ៍ ម៉ោង​នៅ​ទីក្រុង​ប៉េ​ហ្សា​វ៉ា។

ក្រសួង​អាកាសចរណ៍​អា​ហ្វ​ហ្កា​នី​ស្ថាន​ ដឹកនាំ​ដោយ​តា​លី​បង់​ កំពុង​ស៊ើបអង្កេត​ឧប្បត្តិ​ហេតុនេះ ដោយបាន​លើកឡើងថា ករណីនេះ​អាច​បណ្តាលមកពី​បញ្ហា​បច្ចេកទេស។ ដោយឡែក គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​ប្រទេស​រុស្ស៊ី​ បាន​បើក​សំណុំរឿង​ព្រហ្មទណ្ឌ ដើម្បី​ពិនិត្យ​មើលថា​តើ​មានការ​រំលោភច្បាប់​សុវត្ថិភាព​ឬក៏​យ៉ាងណា។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន​យន្តហោះ​នេះ​ឈ្មោះថា​ Athletic Group LLC ដែលជា​ក្រុមហ៊ុន​តូច​មួយ​នៅ​រុស្ស៊ី មិនបាន​ឆ្លើយតប​នឹង​សំណើសុំ​ការអត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​នោះទេ។

ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ភាគច្រើន បាន​ហោះ​ជៀសវាង​ពី​ដែនអាកាស​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន ពោលគឺ​ចាប់តាំងពី​ពួក​តា​លី​បង់​បាន​ចូល​ដឹកនាំ​ប្រទេស​ក្នុង​ឆ្នាំ ២០២។ ជាទូទៅ យន្តហោះ​ដែល​ហោះ​ឆ្លងកាត់​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន គឺ​ហោះ​រំលង​តែ​ច្រករបៀង​វ៉ា​កាន (Wakhan) ត្រឹមតែ​ពីរ​ទៅ​បី​នាទី​ប៉ុណ្ណោះ។ 

ជាធម្មតា យន្តហោះ​ដែល​ធ្វើដំណើរ​ឆ្ពោះទៅ​ច្រករបៀង​នេះ ​ត្រូវ​បត់​ពី​ភាគ​ខាងជើង​ជិត​ទីក្រុង​ប៉េ​ហ្សា​វ៉ា​ហើយ​ចូល​តាម​ព្រំដែន​ប៉ា​គី​ស្ថាន មុនពេល​បត់​ចូល​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ៕