កាសែត​បាងកក​ប៉ុស្ដិ៍ (Bangkok Post) បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣ ថា សមាជិកសភា​គណបក្ស​ភឿ​ថៃ​មកពី​ខេត្ត​ស៊ីសាកេត​ជាប់​ព្រំដែន​ខេត្តព្រះវិហារ​ នឹង​ស្នើឱ្យ​នាយករដ្ឋមន្ត្រី លោក សេដ្ឋា ថា​វី​ស៊ីន (Srettha Thavisin) ជជែក​ជាមួយ​សម​ភាគី​កម្ពុជា​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅក្នុង​កិច្ចប្រជុំ​នាពេលខាងមុខ អំពី​ការបើក​ច្រកចូល​ទស្សនា​ប្រាសាទព្រះវិហារ​ឡើងវិញ។

ច្រកចូល​ប្រាសាទបុរាណ​មួយ​នេះ ពី​ស្រុក​ក​ន្ទ្រា​ល័ក (Kantharalak) ខេត្ត​ស៊ីសាកេត បាន​បិទ​ចាប់តាំងពី​ឆ្នាំ ២០០៨ ដោយសារ​ការប៉ះទង្គិច​គ្នា​នៅ​តំបន់​ព្រំដែន​រវាង​កងទ័ព​ថៃ និង​កម្ពុជា។

លោក ភូ​មីន លី​ធី​រ៉ា​ប្រា​សឺត (Phumin Leethiraprasert) សមាជិកសភា​បក្ស​ភឿ​ថៃ​មកពី​មណ្ឌល​ទី៤ នៃ​ខេត្ត​ស៊ីសាកេត បាន​លើកឡើងថា សមាជិកសភា​នឹង​ជួប​នាយករដ្ឋមន្ត្រី​ថៃ​ នៅ​ថ្ងៃ​ពុធ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អំពី​បញ្ហា​កម្ពុជា-ថៃ មុនពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃទី ៧ ខែកុម្ភៈ​ខាងមុខនេះ។


លោក​បាន​លើកឡើងថា សមាជិកសភា​គណបក្ស​ភឿ​ថៃ នឹង​ឆ្លៀតឱកាស​នេះ ដើម្បី​ស្នើសុំ​លោក ស្រេ​ត​ថាឱ្យ​ជជែក​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​អំពី​លទ្ធភាព​នៃ​ការបើកផ្លូវ​ទេសចរណ៍​ឡើងវិញ នៅ​តំបន់​ប្រាសាទព្រះវិហារ។

លោក​ ភូ​មីន បាន​ថ្លែងថា៖ «ការបើក​ឡើងវិញ​ឬ​អត់​នោះ​គឺ​អាស្រ័យ​លើ​ការពិភាក្សា​រវាង​នាយករដ្ឋមន្ត្រី​ទាំងពីរ។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​ការបើក​ទេសចរណ៍​ឡើងវិញ​នៅ​ជិត​ប្រាសាទ​នឹង​បង្ហាញ​ពី​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រជាជាតិ​ទាំងពីរ ដូច្នេះហើយ​ការបើក​ឡើងវិញ​គឺ​ទំនងជា​នឹង​អាចទៅរួច»។


កន្លងមក​ក៏​ធ្លាប់មាន​ការព្យាយាម​ជំរុញឱ្យមាន​ការបើក​ច្រកចូល​ទៅកាន់​តំបន់សំខាន់ៗផ្នែក​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ឡើងវិញ ជាពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ គណៈកម្មាធិការ​សភា​ទ​ទួល​បន្ទុក​កិច្ចការបរទេស ដឹកនាំ​ដោយ​សមាជិកសភា​បក្ស​ភឿ​ថៃ លោក ណុប​ផា​ដុន ប៉ា​តា​ម៉ា (Noppadon Patama) ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​លើ​បញ្ហា​នេះ​ផងដែរ។

កាលពី​ដើមខែ​នេះ គណៈកម្មាការ​ខាងលើ​បាន​អំពាវនាវ​ឱ្យ​លោក អានុព​ង្ស ស៊ូ​សូ​មី​ត (Anupong Suksomnit) អភិបាលខេត្ត​ស៊ីសាកេត និង​កង​កម្លាំងយោធា ផ្ដល់ជូន​នូវ​ព័ត៌មាន​លម្អិត​អំពី​ភាព​តានតឹង​នៅតាម​តំបន់​ព្រំដែន។

ក្នុងជំនួប​នោះ លោក អានុព​ង្ស បាន​លើកឡើងថា អាជ្ញាធរខេត្ត​ក្នុង​កិច្ចប្រជុំ​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន បាន​យល់ព្រម​រួមគ្នា​ស្នើឱ្យ​រដ្ឋាភិបាល​ថៃ និង​កម្ពុជា សហការគ្នា​ក្នុងការ​លើកកម្ពស់​ទេស​ចរណ៍​ជុំវិញ​ប្រាសាទ។

យោងតាម លោក​អភិបាលខេត្ត​ខាងលើ​បានឱ្យដឹងថា វិស័យ​ឯកជន​កំពុង​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ ហើយ​ពួកគេ​មាន​គោលបំណង​បញ្ចុះបញ្ចូល​ស្ថាប័ន​ពាណិជ្ជកម្ម​នានា ឱ្យ​គាំទ្រ​ដល់​ការបើក​ច្រកចូល​នេះ ដើម្បី​វិស័យ​ទេសចរណ៍​អាច​ងើបឡើង​វិញ។

លោក ណុប​ផា​ដុន អតីតរដ្ឋមន្ត្រី​ការបរទេស​ក៏បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការបើក​ដំណើរការ​ឡើងវិញ​ដោយ​សង្កត់ធ្ងន់​លើ​សក្តានុពល​ក្នុងការ​លើកកម្ពស់​ពាណិជ្ជកម្ម​តាម​ព្រំដែន ទាក់ទាញ​ការវិនិយោគ និង​ពង្រឹង​ការតភ្ជាប់​រវាង​សហគមន៍​នៅ​មូលដ្ឋាន។

យោងតាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក លោក ឆៃ វ៉ា​ឆា​រ៉ូ​ន​កេ (Chai Wacharonke) បានឱ្យដឹងថា នាយករដ្ឋមន្ត្រី​កម្ពុជា​គ្រោង​នឹងធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃទី ៧ខែកុម្ភៈ ហើយ​មេដឹកនាំ​ទាំងពីរ​ទំនងជា​នឹង​ជួប​ជជែក​អំពី​ការរួម​គ្នា​អភិវឌ្ឍ​ធនធាន​ថាមពល​នៅក្នុង​តំបន់​ទាមទារ​ត្រួតស៊ីគ្នា(Overlapping Claims Area)៕