នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យ ទី២១ ខែមករា បានច្រានចោលលក្ខខណ្ឌបញ្ចប់សង្រ្គាម និងដោះលែងចំណាប់ខ្មាំងរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់របស់ប៉ាឡេស្ទីន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការច្រានចោលនេះ ធ្វើឡើងក្រោយក្រុមហាម៉ាស់ចេញរបាយការណ៍បញ្ជាក់ពីការវាយប្រហារថ្ងៃ៧ខែតុលា ហើយអំពាវនាវឱ្យអ៊ីស្រាអែលបញ្ចប់ការឈ្លានពានហ្គាហ្សា ខណៈចំនួនអ្នកស្លាប់នៅហ្គាហ្សាក្រោមស្នាដៃយោធាអ៊ីស្រាអែល បានកើនលើស ២៥០០០ នាក់។
លោក ណេតាន់យ៉ាហ៊ូបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយយ៉ាងដូច្នេះថា៖«ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងរបស់យើង ក្រុមហាម៉ាស់ទាមទារឱ្យបញ្ចប់សង្រ្គាម ដកកងកម្លាំងរបស់យើងចេញពីតំបន់ហ្គាហ្សា ដោះលែងឃាតករ និងជនចាប់រំលោភទាំងអស់»។ លោកបន្ថែមថា លក្ខខណ្ឌមួយទៀតរបស់ក្រុមហាម៉ាស់ គឺទុកឱ្យក្រុមនេះនៅកាន់អំណាចដដែលនៅតំបន់ហ្គាហ្សា។
មេដឹកនាំអ៊ីស្រាអែលដដែលបានអះអាងបន្ត៖«ខ្ញុំបដិសេធទាំងស្រុងនូវលក្ខខណ្ឌដែលធ្វើឱ្យយើងចុះចាញ់ក្រុមបិសាចហាម៉ាស់»។
ក្រោមកិច្ចព្រមព្រៀងកាលពីចុងខែវិច្ឆិកាឆ្នាំមុន ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងជាង ១០០ នាក់ក្នុងចំណោម ២៤០ ដែលក្រុមនេះចាប់យកទៅអំឡុងថ្ងៃវាយប្រហារ (៧ តុលា) ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនចំនួន ២៤០ នាក់ ដែលជាប់ឃុំខ្លួន ក៏ដូចជាគុកនៅអ៊ីស្រាអែល។
ចាប់តាំងពីកិច្ចព្រមព្រៀងនោះបានបញ្ចប់មក លោក ណេថានយ៉ាហ៊ូបានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំង ដើម្បីធានាថាចំណាប់ខ្មាំងដែលនៅសេសសល់ចំនួន ១៣៦ នាក់ នឹងត្រូវបានក្រុមហាម៉ាស់ដោះលែងឱ្យមានសេរីភាព។
ទាក់ទិននឹងការណ៍នេះ គេឃើញមានការទាមទារផ្សេងៗពីក្រុមគ្រួសារជនរងគ្រោះ ឱ្យរដ្ឋាភិបាលអ៊ីស្រាអែលចេញចំណាត់ការថ្មី និងពន្លឿនការចរចាជាមួយក្រុមហាម៉ាស់ជាដើម។
ក្រៅពីនោះ លោក ណេតាន់យ៉ាហ៊ូ ក៏រងសម្ពាធផងដែរពាក់ព័ន្ធនឹងសកម្មភាពយោធាឃោឃៅររបស់អ៊ីស្រាអែល ក្នុងការសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន។ ទោះបែបនេះក្ដី នាយករដ្ឋមន្រ្តីដដែលគូសបញ្ជាក់នូវជំហររឹងទទឹងរបស់ខ្លួនជាថ្មីប្រឆាំងនឹងការបង្កើតរដ្ឋឯករាជ្យប៉ាឡេស្ទីន ដោយលើកឡើងថាវាជាគ្រោះថ្នាក់សម្រាប់វត្តមាននៃប្រជាជាតិអ៊ីស្រាអែល ទោះបីជាមានការស្នើរសុំពីលោក ចូ បៃដិន ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិក ពោលគឺប្រទេសសម្ព័ន្ធមិត្តដ៏ធំក៏ដោយ។
ប្រតិកម្មទៅនឹងការច្រានចោលលក្ខខណ្ឌរបស់ក្រុមហាម៉ាស់ពីសំណាក់លោក ណេថានយ៉ាហ៊ូ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ លោក Sami Abu Zuhriបានប្រាប់រ៉យទ័រថា ការបដិសេធបញ្ចប់ការវាយលុកយោធានៅតំបន់ហ្គាហ្សាបានន័យថា វាគ្មានឱកាសដែលចំណាប់ខ្មាំងអ៊ីស្រាអែលនឹងមានសេរីភាពឡើងវិញនោះទេ។
មុនលោក ណេតាន់យ៉ាហ៊ូ ប្រកាសការច្រានចោលនេះកាលពីថ្ងៃអាទិត្យ ក្រុមហាម៉ាស់បាននិយាយក្នុងរបាយការណ៍សាធារណៈមួយ ស្ដីពីការវាយប្រហារថ្ងៃ០៧ តុលា ដោយការពារទង្វើភេរវកម្មនៃក្រុមសកម្មប្រយុទ្ធរបស់ខ្លួន។
ក្រុមនេះបានអះអាងថា ខ្លួនគ្រោងកំណត់គោលដៅលើទីតាំងយោធាអ៊ីស្រាអែល និងចាប់ទាហានដែលជាចំណាប់ខ្មាំង ដើម្បីដាក់សម្ពាធដល់អាជ្ញាធរអ៊ីស្រាអែល ឲ្យដោះលែងជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ដែលជាប់ឃុំក្នុងពន្ធនាគារអ៊ីស្រាអែល។
មិនត្រឹមតែប៉ុណ្ណោះ សកម្មប្រយុទ្ធរបស់ខ្លួនបានជៀសវាងការប៉ះពាល់ជនស៊ីវិល ស្របតាម «ការប្តេជ្ញាចិត្តខាងសាសនា និងសីលធម៌» របស់កងកម្លាំងហាម៉ាស់។ ប៉ុន្តែថា «ប្រសិនបើមានករណីណាមួយដែលកំណត់គោលដៅជនស៊ីវិលនោះ នោះវាកើតឡើងដោយចៃដន្យហើយ»ព្រោះតែការប្រឈមមុខដាក់គ្នាជាមួយនឹងកងកម្លាំងអ៊ីស្រាអែល។
យ៉ាងណាមិញ ហាម៉ាស់បានសារភាពក្នុងរបាយការណ៍ដែលមានកម្រាស់ ១៦ទំព័រ ដដែល ថា «មានកំហុសមួយចំនួនបានកើតឡើង ដោយសារតែការដួលរលំយ៉ាងឆាប់រហ័សនៃប្រព័ន្ធសន្តិសុខ និងយោធារបស់អ៊ីស្រាអែល និងភាពចលាចលដែលផ្ទុះឡើងតាមតំបន់ព្រំដែនក្បែរហ្គាហ្សា»។
ប៉ុន្តែ ខណៈអំពាវនាវឱ្យអ៊ីស្រាអែលបញ្ចប់ «ការឈ្លានពាន» នៅហ្គាហ្សានោះ ក្រុមហាម៉ាស់បាននិយាយថា ខ្លួនត្រូវបោះជំហានចាំបាច់ ប្រឆាំងនឹងការកាន់កាប់ទឹកដីប៉ាឡេស្ទីន ហើយវាជាមធ្យោបាយធានាការដោះលែងអ្នកទោសប៉ាឡេស្ទីននៅអ៊ីស្រាអែលមកវិញ។
នៅថ្ងៃទី៧ ខែតុលា ឆ្នាំមុន ក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ដែលប្រដាប់ដោយអាវុធ បានទម្លោះព្រំដែនចូលក្នុងទឹកដីអ៊ីស្រាអែល ដោយចាក់ និងបាញ់សម្លាប់ជនស៊ីវិលតាមផ្លូវដែលពួកគេជួប ហើយវាយប្រហារចេញពីផ្ទះមួយទៅផ្ទះមួយ។ ក្រៅតែពីចាប់ចំណាប់ខ្មាំង ការវាយប្រហារភេរវកម្មនេះបានសម្លាប់មនុស្សចំនួន ១ ១៣៩ នាក់ ដែលភាគច្រើនជាជនស៊ីវិល។
ជាការសងសឹក អ៊ីស្រាអែលបានប្ដេជ្ញាបោសសម្អាតក្រុមហាម៉ាស់ឱ្យបាត់ស្រមោល តាមរយៈសកម្មភាពយោធាផ្សេងៗ រួមទាំងការទម្លាក់គ្រាប់បែកលើផ្ទះប្រជាជន ហើយអះអាងថា ផ្ទះទាំងនោះជាទីជម្រងរបស់ក្រុមសកម្មប្រយុទ្ធ។ គិតត្រឹមថ្ងៃអាទិត្យ សកម្មភាពយោធារបស់អ៊ីស្រាអែល ដែលអ្នករិះគន់ចាប់ទុកថាជាការប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្រ្គាមនោះ បានសម្លាប់មនុស្សជាង ២៥ ០០០ រួចទៅហើយ។ នេះបើតាមអាជ្ញាធរប៉ាឡេស្ទីននៅហ្គាហ្សា៕