ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​ចិនស៊ិនហួ​​ បាន​រាយការណ៍​ថា​ ការ​រអិល​បាក់​ដី​មួយ​បាន​វាយ​ប្រហារ​នៅ​តំបន់​ដាច់​ស្រយាល​ និង​​ភ្នំ​​នា​​ភាគ​និរតី​នៃ​ប្រទេស​ចិន​ ដោយ​កប់​មនុស្ស​យ៉ា​ង​ហោច​ណាស់​ ៤៧ នាក់​ ហើយ​គេ​មិន​ទា​ន់​ដឹង​ស្លាប់ ​ឬ​រស់​នៅ​ឡើយ​។ ​

ទីភ្នាក់ងារសារព័ត៌មាន​ស៊ីនហួ​​ បាន​រាយការណ៍​ដោយ​ស្រង់​​ព័ត៌មាន​អាជ្ញាធរ​ប្រចាំ​តំបន់​ ដែល​និយាយ​ថា​ ​គ្រោះ​ធម្មជាតិ​​នេះ​បាន​កើត​ឡើង​​នៅ​​ពេល​ព្រឹក​​មុន​ថ្ងៃ​រះ​ ​ក្នុង​​ស្រុក​ Zhenxiong ​នៃ​ខេត្ត​យូណាន​​ ខណៈ​ទូរទស្សន៍​រដ្ឋ​ CCTV បាន​ផ្សាយ​ថា​ ផ្ទះ​ចំនួន​ ១៨ ខ្នងដែល​មាន​មនុស្ស​រស់​នៅ​ ៤៧​ នាក់​ ​ត្រូវ​កប់​ក្នុង​ដី​ ហើយ​មនុស្ស​ជាង​ ២០០ នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​ជា​បន្ទាន់​ពី​តំបន់​កើត​ហេតុ​។ 

គិត​ត្រឹម​​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ អាជ្ញាធរ​រក​ឃើញ​សាក​សព​មនុស្ស​២​នាក់​ ពី​ក្នុង​ចំណោម​មនុស្ស​ទាំង​ ៤៧ នាក់​ដែល​បាត់​ខ្លួន​ ខណៈ​ភ្នាក់ងារ​ជួយ​សង្គ្រោះ​កំពុង​ប្រញាប់​ដៃ​ប្រញាប់​ជើង​ស្វែង​រក​ជន​រង​គ្រោះ​ រួម​ទាំង​អ្នក​ដែល​ជាប់​ក្នុង​គំនរ​អាគារ​បាក់​រលំ​។ 


ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជីនភីង​ បាន​ជំរុញ​ឱ្យ​មាន​ការ​រុះ​រាន់​​ក្នុង​ប្រតិបត្តិការ​ជួយ​សង្រ្គោះ​ ​ហើយ​បាន​បន្ថែម​ថា​វា​«​ចាំ​បាច់​ដើម្បី​ដោះ​ស្រាយ​ឱ្យ​បាន​ត្រឹម​ត្រូវ​ នូវ​ការងារ​នៃ​ការ​សម្រាល​ទុក្ខ​គ្រួសារ​នៃ​អ្នក​ស្លាប់​ និង​ការ​តាំង​ទី​លំនៅ​ថ្មី​របស់​ប្រជាជន​ដែល​រង​ផល​ប៉ះ​ពាល់​»។

ការ​រអិល​បាក់​ដី​តែង​កើត​មាន​ជា​រឿយ​ៗ​នៅ​ក្នុង​ខេត្ត​យូណាន​ ដែល​​ជា​តំបន់​ឆ្ងាយ​ដាច់​ស្រ​យាល​របស់​ចិន​ ​​មាន​ជួរ​ភ្នំ​ដ៏​ចោត​ៗ​ទល់​នឹង​ខ្ពង់​រាប​ហិមាល័យ​។ ​យ៉ាង​ណា​មិញ​ ​​​អ្នក​ជំនាញ​មិន​ទាន់​អាច​ពន្យ​ល់​​ជា​ផ្លូវ​ការ​ភ្លាម​ៗ​អំពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​រអិល​បាក់​ដី​នៅ​រដូវ​រងា​នេះ​ទេ​​។


គ្រោះ​មហន្តរាយ​នា​ថ្ងៃ​ចន្ទដដែល​​ ​កើត​ឡើង​ក្នុង​តំបន់​ជន​បទ​មួយ​ ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​កំពូល​ភ្នំ​ខ្ពស់​ៗ​​ គ្រប​ដណ្ដប់​ដោយ​ព្រិល​នា​រដូវ​រងា​។ ​ទិន្នន័យ​​អាកាស​ធាតុ​​បាន​​បង្ហាញ​​ថា​ សីតុណ្ហភាព​​ក្នុង​​ស្រុក​កើត​ហេតុ​ Zhenxiong​ បាន​ធ្លាក់​ចុះ​រហូត​ដល់​​ដក (–)​​៤ ​​​​អង្សាសេ​​នៅ​​ព្រឹក​​ថ្ងៃ​​ចន្ទ​។​

គេ​មើល​ឃើញ​ថា​ ប្រទេស​​ចិន​​បាន​​ជួប​​ប្រទះ​​នឹង​​គ្រោះ​​មហន្តរាយ​ធម្មជាតិ​​ញឹក​ញាប់​ជា​​​បន្ត​បន្ទាប់​គ្នា​ ​ក្នុង​​រយៈ​ពេល​​ប៉ុន្មាន​​ខែ​​ថ្មី​ៗ​​នេះ​​ ដោយ​សារ​តែ​បាតុភូមិ​ធាតុ​អាកាស​ ដូច​ជា​ព្យុះ​ស៊ីក្លូន​ជា​ដើម​។ ​

កាល​ពី​ខែ​កញ្ញា​ព្យុះ​ភ្លៀង​នៅតំ​បន់​ភាគ​ខាង​ត្បូង​នៃ​ខេត្ត​ក្វាងស៊ី​ បាន​បង្ក​ឱ្យ​មាន​ការ​បាក់​ដី​ភ្នំ​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៧​ នាក់​ ខណៈ​​ភ្លៀង​ធ្លាក់​​ខ្លាំង​បាន​បង្ក​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ស្រដៀង​គ្នា​នៅ​ជិត​ទីក្រុង ​Xi'an ​ភាគ​ខាង​ជើង​កាល​ពី​ខែ​សីហា​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ជាង​២០ នាក់​បាត់​បង់​ជីវិត​៕