តុលាការ​ខេត្ត​ Nghe An នៃ​ប្រទេស​វៀតណាម​​កាល​ពី​ថ្ងៃ​ចន្ទ​ ​បាន​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​ចំនួន​ ៩ នាក់​ និង​ដាក់​គុក​មនុស្ស​ ២ ​នាក់ ​អស់​មួយ​ជីវិត​ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ជួយ​ដូរ​គ្រឿង​ញៀន​។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​​កាសែត​ក្នុង​ស្រុក​ VnExpress។ 

ក្នុង​ចំណោម​ជន​ល្មើស​ទាំង​ ៩​ នាក់​ មានស្រ្តី​​ម្នាក់​ឈ្មោះ​ Tran Thi Mau អាយុ​ ៥៨ ឆ្នាំ​ គឺ​ជា​មេ​ក្លោង​ ខណៈ ​២​ នាក់​ ផ្សេង​ទៀត​ ដែល​ត្រូវ​ជាប់​គុក​អស់​មួយ​ជីវិត​នោះ មាន​ជាប់​ពាក់​ព័ន្ធ​​លើ​ឧក្រិដ្ឋ​កម្ម​ជួញ​ដូរ​គ្រឿង​ញៀន​ដដែល​​។

បើ​តាម​ VnExpress  លោក​ស្រី​ Mau ​និង​អ្នក​សម​គំនិត​ទាំង​ ៨​ នាក់​​​ បាន​ទិញ​ថ្នាំ​ញៀន​ពី​ប្រទេស​ជិត​ខាង​ឡាវ​ ដោយ​ជួល​អ្នក​ស្រុក​ឱ្យ​ដឹក​ជញ្ជូន​ចូល​ទៅ​ប្រទេស​​វៀតណាម​កាត់​តាម​ព្រៃ​ នៅ​ពេល​យប់​ដើម្បី​​កុំ​ឱ្យ​ប៉ូ​លិស​ចាប់​បាន​។


ក្រុម​ឧក្រិដ្ឋជន​ដដែល​ ​បាន​ជួញ​ដូរ​ដោយ​ជោគជ័​យ​នូវមេតំហ្វេតាមីន ហេរ៉ូអ៊ីន​ និង​ថ្នាំ​សំយោគ​ សរុប​​​ចំនួន​ ១០៥ គីឡូក្រាម ​​ចន្លោះពី​​ចុង​ឆ្នាំ​ ២០២១ រហូត​ដល់​ពួក​គេ​​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ក្នុង​ខែ​ឧសភា​ ឆ្នាំ​២០​២​២។ ​

វៀតណាម​ស្ថិត​ក្នុង​ចំណោម​ប្រទេស ​ដែល​មាន​​ច្បាប់​ប្រឆាំង​គ្រឿង​ញៀន​ដ៏​តឹង​រ៉ឹង​បំផុត​លើ​ពិ​ភពលោក។ ប្រសិន​បើ​​​អ្នក​ណា​ម្នាក់ ​​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​ពី​បទ​ជួញ​ដូរ​ហេរ៉ូអ៊ីន​ មេតំហ្វេតាមីន​ កូកាអ៊ីន​ ឬ​អាំហ្វេតាមីន​ ចាប់​ពី​ ១០០ ក្រាម​ទៅ​ នោះ​គេ​នឹង​​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ប្រហារ​ជីវិត​។​


ទោះ​បី​បែប​នេះ​ក្ដី​ ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​តែ​រីក​រាល​ដាល​នៅ​ឡើយ​ ដោយ​មាន​ជន​សង្ស័យ​ចំនួន​ ៤១ ៤០០ នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​​កាល​ពី​ឆ្នាំ​មុន​ ដែល​តួលេខ​នេះ​កើន​ឡើង​ពី​អ្នក​ជួញ​ដូរ​ប្រមាណ​ ៣៦ ០០០ នាក់​ក្នុង​ឆ្នាំ​ ២០២២​។  ​​នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​។

កាល​ពី​ខែ​វិច្ឆិកា​​ឆ្នាំ​មុន​ តុលាការ​​ក្រុង​ហូជីមិញ​ បាន​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​១៨​នាក់​ រួម​ទាំង​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​២​នាក់​ និង​ជន​ជាតិ​ចិន​ម្នាក់​ ក្នុង​សំណុំ​រឿង​ឆ្លង​ដែន​ ដោយ​ពួក​គេ​រង​ការ​​​ចោទ​ប្រកាន់​ពី​បទ​ដឹក​ជញ្ជូ​​ន​គ្រឿង​ញៀន​ ២១៦​គីឡូក្រាម​ពី​កម្ពុជា​ ទៅ​វៀតណាម​ក្នុង​ឆ្នាំ​ ២០២០​៕