សភា​រុស្ស៊ី​ បានចាប់ផ្តើម​ពិចារណា​លើ​សេចក្តីព្រាងច្បាប់​មួយ​កាលពី​ថ្ងៃ​ចន្ទ ដែល​នឹង​ផ្តល់​អំណាច​​ដល់​​រដ្ឋ​​ក្នុងការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ដែល​ត្រូវបាន​កាត់ទោស​ពីបទ​បរិហារកេរ្តិ៍​កងកម្លាំងប្រដាប់អាវុធ ឬ​សម្រាប់​ការអំពាវនាវ​ជា​សាធារណៈ​ចំពោះ​សកម្មភាព​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​រដ្ឋ។

​ការ​វិវត្ត​ចុងក្រោយនេះ​​បាន​ទាក់ទាញ​ការប្រៀបធៀប​​​​ចំពោះ​ការ​ដឹកនាំ​​​របស់​ Josef Stalin​ក្នុង​​ទសវត្សរ៍​ឆ្នាំ ១៩៣០​ ​ដែល​បាន​​ធ្វើ​ទុកបុកម្នេញ​លើ​​អ្នក​ដែល​រិះគន់​ ដោយចាត់​ទុក​​អ្នក​រិះគន់​ជា​«សត្រូវ​នៃ​រដ្ឋ» ហើយ​​ការ​សម្រេច​​ចុងក្រោយ​នេះ​អាច​ប៉ះពាល់​ដល់​ប្រជាជន​រុស្ស៊ី​រាប់ពាន់នាក់​ដែល​បាន​និយាយ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​ទីក្រុង​ម៉ូស្គូ​លើ​អ៊ុយ​ក្រែ​ន។

ការរិះគន់​អ្វីដែល​ទីក្រុង​ម៉ូស្គូ​ហៅថា «ប្រតិបត្តិការ​យោធា​ពិសេស» របស់ខ្លួន​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន បាន​ក្លាយជា​ឧក្រិដ្ឋកម្ម​នៅក្នុង​ប្រទេស​រុស្ស៊ី ចាប់តាំងពី​ថ្ងៃ​ដែល​វា​បានចាប់ផ្តើម​កាលពី​ជិត​២ឆ្នាំមុន ប៉ុន្តែ​សេចក្តីព្រាងច្បាប់​ថ្មី​នេះ​មាន​គោលបំណង​ដាក់ទណ្ឌកម្ម​ឱ្យ​កាន់តែ​តឹងរ៉ឹង​និង​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​។


ជា​ឧទាហរណ៍ វា​នឹង​អនុញ្ញាតឱ្យ​រដ្ឋ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ជនជាតិ​រុស្ស៊ី​​ដែល​បាន​ចាក​ចេញពី​ប្រទេស ហើយ​បាន​រិះគន់​សង្គ្រាម ប៉ុន្តែ​​ដែល​នៅ​​បន្ត​ពឹង​ផ្អែកលើ​ប្រាក់ចំណូល​ពី​ការជួល​ផ្ទះ​ឬ​អា​ផាត​មិន​​របស់​ពួក​គេ​នៅក្នុង​ប្រទេស​រុស្ស៊ី។

ប្រធានសភា​ជាន់​ទាប​នៃ​​​ប្រទេស​រុស្ស៊ី​ ដែលគេ​ស្គាល់ថា «សភា​ឌូ​ម៉ា» លោក Vyacheslav Volodin ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ហៅ​សេចក្តីព្រាងច្បាប់​ថ្មី​នេះ​ថា «ច្បាប់​​មិនស្មោះត្រង់ (the scoundrel law)»។



លោក​បាន​និយាយ​កាលពី​ចុង​សប្តាហ៍​ថា៖«អ្នកណា​ក៏ដោយ​ដែល​ព្យាយាម​បំផ្លាញ​ប្រទេស​រុស្ស៊ី ក្បត់​ប្រទេស​ ត្រូវតែ​ត្រូវបាន​បង្ហាញ​តាម​នោះ ហើយ​សង​ការខូចខាត​ដល់​ប្រទេស​ក្នុង​ទម្រង់​ជា​ទ្រព្យសម្បត្តិ​របស់​ពួកគេ»៕​