​កាសែត Wall Street Journal​ ដ៏​ល្បីល្បាញ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេ​រិ​ក  បាន​រាយការណ៍​ដោយ​ដក​ស្រង់​ឯកសារ​ព្រាង​មួយ ឱ្យដឹងថា សហភាព​អឺរ៉ុប​បាន​បង្កើត​ផែនការ​មួយ​ដែល​ខ្លួន​អាច​ផ្តល់​មូលនិធិ​ដែលមាន​តម្លៃ​ជាង ២០​ ​ពាន់​លាន​អឺរ៉ូ​ក្នុង​រយៈពេល ៤ ​ឆ្នាំ​ ខាងមុខ​ទៅឱ្យ​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ សម្រាប់​ការគាំទ្រ​ផ្នែក​យោធា​។​

សំណើ​នេះ​បាន​និយាយថា «​ដោយសារ​ការពឹងផ្អែក​របស់​អ៊ុយ​ក្រែ​ន​លើ​ការគាំទ្រ​ពី​ខាងក្រៅ ជម្រើស​ដែល​ធ្វើឡើង​ដោយ​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប និង​ដៃគូ​ក្នុង​រយៈពេល​ខាងមុខ​នឹង​អនុញ្ញាតឱ្យ​អ៊ុយ​ក្រែ​ន​មានការ​រីកចម្រើន​យ៉ាងពិត​ប្រាកដ ឬ​នឹង​ធ្វើឱ្យ​ខូច​ដល់​សមត្ថភាព​ទប់ទល់​យ៉ាងធ្ងន់ធ្ងរ​»​។​

​សំណើ​ថ្មី​នេះ​អំពាវនាវ​ឱ្យមាន​ការបង្កើត​មូលនិធិ​ដែល​នឹង​ប្រើ​​ប្រាស់​ថវិកា​ចំនួន​ ៦,៥​ ពាន់​លាន​អឺរ៉ូ​ពី​មូលនិធិ​សន្តិភាព​អឺរ៉ុប​ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០២២  ទឹកប្រាក់​ ៥ ​ពាន់​លាន​អឺរ៉ូ​ផ្សេងទៀត​នឹងត្រូវ​បានផ្តល់​ឥណទាន​ពី​ឆ្នាំ​ ២០២៤ ​ដល់​ឆ្នាំ​ ២០២៧​។ មូលនិធិ​ថ្មី​នេះ​នឹង​ផ្តល់​សំណង​ដល់​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​សម្រាប់​ការចំណាយ​នៃ​ការ​ផ្តល់ជំនួយ​យោធា​ដល់​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​។​


​ថវិកា​ដែល​នៅ​សេសសល់​ក្រៅពីនោះ​នឹងត្រូវ​ចំណាយ​លើ​កម្មវិធី​ហ្វឹកហ្វឺន​ការប្រយុទ្ធ​ សម្រាប់​យោធា​អ៊ុយ​ក្រែ​ន​។ នៅ​ឆ្នាំនេះ គម្រោង​ផ្តល់​សំណង​ដល់​ទៅ ៧,៥​ ពាន់​លាន​អឺរ៉ូ​ ដល់​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​។​

​កាសែត Wall Street Journal សរសេរថា​៖«​មន្ត្រី​សហភាព​​អឺរ៉ុប​បាន​និយាយថា រដ្ឋ​ជាស​មា​ជិ​ក​នឹង​ចាប់ផ្តើម​ការពិភាក្សា​ជា​ផ្លូវការ​អំពី​ផែនការ​នេះ​នៅ​ប៉ុន្មាន ថ្ងៃ​ខាងមុខ ហើយ​សំណើ​នេះ​ទំនងជា​ត្រូវបាន​ពិភាក្សា​ដោយ​មេដឹកនាំ​សហភាព​អឺរ៉ុប​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​ពួកគេ​នៅ​ថ្ងៃទី ​១ ខែកុម្ភៈ​។ ការសម្រេចចិត្ត​ចុងក្រោយ​ណាមួយ​ទំនងជា​ត្រូវ​ចំណាយពេល​ជាច្រើន​សប្តាហ៍​ត​ទៅមុខទៀត​»៕