​ប្រទេស​កូរ៉េខាងត្បូង ​បានឃើញ​ការ​ថយចុះ​ជា​លើកដំបូង​នៃ​ចំនួន​យានយន្ត​ដើរ​ដោយ​ថាមពល​ប្រេងឥន្ធនៈ​ដែល​បាន​ចុះបញ្ជី​ក្នុង​ឆ្នាំ​ ២០២៣​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ក្រសួង​​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី ​១៩ ខែមករា ឆ្នាំ​ ២០២៣​។​

​ចំនួន​រថយន្ត​ចុះបញ្ជី​សរុប​ក្នុងប្រទេស​កូរ៉េខាងត្បូង​ដែល​ដំណើរការ​ដោយ​ប្រើ​ឥន្ធនៈ​ដែល​រួមមាន​ប្រេងសាំង ម៉ា​ស៊ូ​ត​និង​ឧស្ម័ន​រាវ ឬ​ហ្គាស​បាន​ធ្លាក់ចុះ​ចំនួន ​៨៥ ០០០ ​គ្រឿង​ ដែល​ធ្វើឱ្យ​ចំនួន​រថយន្ត​ដើរ​ដោយ​ប្រេងឥន្ធនៈ​សរុប​ធ្លាក់​មក​នៅត្រឹម ​២៣ ៦៤៧​ លាន​គ្រឿងក្នុង​ឆ្នាំ​ ២០២៣​។​

​វា​ជាការ​ថយចុះ​ចំនួន ​០,៤​ ភាគរយ​ជា​លើកដំបូង​ចាប់តាំងពី​កំណត់ត្រា​រថយន្ត​ដើរ​ដោយ​ថាមពល​ប្រេងឥន្ធនៈ​បានចាប់ផ្តើម​កត់ត្រា​ដំបូង​នៅក្នុង​ទស​វត្សរ៍​ឆ្នាំ ​១៩៦០​។ ការថយចុះ​នេះ​ភាគ​ច្រើន​ជាការ​ថយចុះ​រថយន្ត​ប្រភេទ​ម៉ា​ស៊ូ​ត​និង​ហ្គាស ចំណែកឯ​រថយន្ត​សាំង​ដែល​ចុះបញ្ជី​នៅតែមាន​ការកើនឡើង​ចំនួន​ ២ ​ភាគរយ​។​


​ទោះជា​យ៉ាងណា ការធ្លាក់ចុះ​នេះ​មាន​កត្តា​រួមចំណែក​ជាច្រើន​ពី​សំណាក់​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កូរ៉េ​ខាងត្បូង​ដែលមាន​បំណង​កាត់បន្ថយ​ការបំពុល​ដោយ​យានយន្ត​។​

​ទាំងនេះ​រាប់បញ្ចូល​ទាំង​ការឈប់​ឱ្យប្រើ​ប្រាស់ ឬ​ចូលនិវត្តន៍​នូវ​យានយន្ត​ចាស់ៗ​ដែល​បញ្ចេញ​សារធាតុបំពុល​ច្រើនជាង​មុន ជាពិសេស​រថយន្ត​ដែល​ដំណើរ​ដោយ​ប្រេងម៉ាស៊ូត​។ គោលការណ៍​នេះ​បាន​អនុវត្ត​ចំពោះ​ទីក្រុង​សេ​អ៊ូ​ល​ទាំងមូល​តែ​រដ្ឋាភិបាល​ក៏មាន​ការលើកទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ម្ចាស់​រថយន្ត​សម្រាប់​ការលុបចោល​យានយន្ត​ដែល​បញ្ចេញ​ឧស្ម័ន​ពុល​ខ្ពស់​របស់ខ្លួន​។​


​គិត​ត្រឹម​ពេលនេះ​កូរ៉េខាងត្បូង​ មាន​រថយន្ត​សរុប​ដែល​បាន​ចុះបញ្ជី រួមទាំង​រថយន្ត​ប្រពៃណី និង​រថយន្ត​ដែល​មិន​ប៉ះពាល់​បរិស្ថាន​សរុប​ចំនួន ២៥,៤៩​ លាន​គ្រឿង​ដែល​កើនឡើង​ចំនួន​ ១,៧ ភាគរយ​។​

 រថយន្ត​សាំង​មាន​ច្រើនជាង​ពាក់កណ្តាល​នៃ​ចំនួន​រថយន្ត​សរុប​ពោលគឺ​ចំនួន​ ១២,៣១​ លាន​គ្រឿង និង​រថយន្ត​ម៉ា​ស៊ូ​ត​មាន​ ៩,៥​ លាន​គ្រឿង ខណៈ​រថយន្ត​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​មាន​ចំនួន​ ២,១ ២​លាន​គ្រឿង​ដែល​តំណាងឱ្យ​ជិត ១​ គ្រឿងក្នុង​ចំណោម​រថយន្ត​ ១២ ​គ្រឿង​។​

​នៅក្នុង​ប្រភេទ​រថយន្ត​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​នេះ​រថយន្ត​កូនកាត់ ឬ ​hybrids មាន​ប្រហែល ៧២ ​ភាគរយ រថយន្ត​អគ្គិសនី (EVs)​ ប្រហែល ​២៦​ ភាគរយ​ និង​រថយន្ត​ដែល​ប្រើ​ឧស្ម័ន​អ៊ីដ្រូហ្ស៊ែន​រួមជាមួយ​រថយន្ត​ផ្សេងទៀត​បំពេញ​២​ភាគរយ​ដែល​នៅសល់​៕