ការវាយប្រហារកប៉ាល់ដឹកទំនិញដែលឆ្លងកាត់ច្រកសមុទ្រក្រហមគិតមកដល់ពេលនេះក៏នៅតែមិនទាន់មានដំណោះស្រាយនៅឡើយ ខណៈដែលសហរដ្ឋអាមេរិកលូកដៃចូលជួយសង្គ្រាមនៅអ៊ីស្រាអែល ដែលជំរុញឱ្យក្រុមសម្ព័ន្ធមិត្តរបស់ហាម៉ាស់បង្កើនការវាយប្រហារលើកប៉ាល់ដែលសង្ស័យជារបស់ប្រទេសអ៊ីស្រាអែល ឬរបស់ប្រទេសសម្ព័ន្ធមិត្តអ៊ីស្រាអែល ទុកដូចជាការសងសឹកជួសក្រុមហាម៉ាស់។
ការណ៍នេះបាននាំឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ជាពិសេសប្រទេសដែលមានការនាំចេញទំនិញធំៗលើពិភពលោក។
លោក Han Changming ដែលជាម្ចាស់ក្រុមហ៊ុននាំចេញរថយន្តពីចិនទៅកាន់ទ្វីបអាហ្រ្វិកនិងនាំចូលរថយន្តប្រភេទ off-road ពីអឺរ៉ុបទៅវិញ បានឱ្យដឹងថា ការវាយប្រហារលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហមកំពុងគំរាមកំហែងដល់សុវត្ថិភាពរបស់បុគ្គលិកក្រុមហ៊ុនពាណិជ្ជកម្មរបស់លោក ក៏ដូចជាការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនលោកផងដែរ។
លោក Han Changming បានរៀបរាប់ថា៖ «ការរំខាននានានៅក្នុងការដឹកជញ្ជូនកន្លងមកនេះសឹងតែធ្វើឱ្យពួកយើងខាតបង់ប្រាក់ចំណេញរួចទៅហើយ ដោយតម្លៃនៃការដឹកជញ្ជូនកុងតឺន័រទៅកាន់អឺរ៉ុបបានកើនឡើងដល់ប្រហែល ៣ ០០០ ដុល្លារទៅ ៧ ០០០ ដុល្លារនៅក្នុងខែធ្នូ»។
ក្រុមហ៊ុនចិនមួយចំនួនទៀតដូចជា BDI Furniture ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏បាននិយាយផងដែរថា ពួកគេកំពុងពឹងផ្អែកកាន់តែច្រើនលើរោងចក្រនៅទីតាំងខុសៗគ្នាដូចជានៅប្រទេសតួកគីនៅតំបន់មជ្ឈិមបូព៌ា និងវៀតណាមនៅតំបន់អាស៊ីអាគ្នេយ៍ជាដើមដើម្បីកាត់បន្ថយផលប៉ះពាល់នានានៅពេលដឹកជញ្ជូន។
ការណ៍នេះបានធ្វើឱ្យក្រុមហ៊ុនផ្សេងៗទៀតរបស់ចិនយកបំណាំ និងចាប់ផ្ដើមប្រើប្រាស់វិធីនេះដើម្បីចៀសវាងការដឹកជញ្ជូន ប៉ុន្តែវិធីនេះក៏អាចជះផលអវិជ្ជមានផ្សេងទៀតដល់សេដ្ឋកិច្ចចិនផងដែរ។
លោក Marco Castelli ស្ថាបនិកក្រុមហ៊ុន IC Trade ដែលនាំចេញគ្រឿងយន្តរបស់ចិន ទៅកាន់អឺរ៉ុបបាននិយាយថា៖ «ប្រសិនរឿងនេះនៅតែមិនអាចដោះស្រាយបាននោះ ក្រុមហ៊ុនដឹកជញ្ជូននឹងត្រូវសម្រួលយន្ដការក្នុងការនាំចេញទំនិញក្នុងនោះក្រុមហ៊ុនមួយចំនួនអាចនឹងពិចារណាផ្លាស់ប្តូរទិសដៅទំនិញទៅប្រទេសឥណ្ឌាវិញ»។
វាក៏នឹងដាក់សម្ពាធកាន់តែខ្លាំងលើសេដ្ឋកិច្ចប្រទេសចិន ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងវិបត្តិអចលនទ្រព្យ និងវិបត្តិចំនួនប្រជាជនធ្លាក់ចុះស្រាប់ទៅហើយនោះ។
ម្យ៉ាងទៀតបញ្ហាសេដ្ឋកិច្ចពិភពលោកនាពេលនេះបាននាំឱ្យទីផ្សារគោលដៅមួយចំនួនបដិសេធមិនទទួលទិញទំនិញពីចិនដែលធ្វើឱ្យសេដ្ឋកិច្ចចិនកាន់តែលំបាកយ៉ាប់យ៉ឺន។
ការវាយប្រហារពីសំណាក់ក្រុមឧទ្ទាម ជាពិសេសគឺក្រុមសកម្មប្រយុទ្ធហ៊ូធីដែលមានអ៊ីរ៉ង់នៅពីក្រោយ ទៅលើផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក បានបង្ហាញពីភាពផុយស្រួយនៃសេដ្ឋកិច្ចដែលពឹងផ្អែកលើប្រទេសនាំចេញទំនិញធំៗដូចជាចិនជាដើម។
សហរដ្ឋអាមេរិក និងប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់អឺរ៉ុបមួយចំនួនដូចជា បារាំង អង់គ្លេស អ៊ីតាលី បែលហ្ស៊ិក ហូឡង់ បារ៉ែន កាណាដា ន័រវែស និងប្រទេសខ្លះទៀតនៅតំបន់មជ្ឈិមបូព៌ាតែម្តង បានរួមគ្នាបង្កើតសម្ព័ន្ធមិត្តថ្មីមួយដើម្បីការពារកប៉ាល់ដែលដឹកទំនិញឆ្លងកាត់ច្រកសមុទ្រក្រហមដែលនៅជិតមូលដ្ឋានរបស់ក្រុមហ៊ូធី។
ទាក់ទិននឹងចំណុចនេះនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos លោកនាយករដ្ឋមន្ត្រីចិន Li Qiang ក៏ធ្លាប់បានសង្កត់ធ្ងន់លើតម្រូវការចាំបាច់មួយក្នុងការរក្សាខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកដោយមិនសំដៅជាពិសេសទៅលើតែបញ្ហានៅសមុទ្រក្រហមទេ នោះគឺការបញ្ចប់សង្គ្រាមនៅហ្គាហ្សា៕