អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលីលោក ស្កុត ម៉ូរី​សុន (Scott Morrison) បានប្រកាសថា ​លោក​នឹង​ចូលនិវត្តន៍​ពី​កិច្ច​ការ​នយោបាយ​​ចាប់​ពី​​ខែកុម្ភៈ ដោយ​បញ្ចប់​រយៈ​ពេល​​នៃ​ការរំពឹងទុក​ដ៏​យូរ​អំពី​អនាគត​របស់លោក ​បន្ទា​ប់​ពី​ការបរាជ័យ​ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ ២០២២។​ នេះ​បើតាម​សេចក្តីរាយការណ៍​របស់រ៉យទ័រ។

នៅក្នុង​ការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី ២៣​ ខែមករា លោក ម៉ូរី​សុន អាយុ ៥៥​ ឆ្នាំ​​ ​បាន​និយាយ​ថា​ លោក​នឹង​លាលែង​ពីសមាជិក​ស​ភា​នៅ​ចុងខែ​កុម្ភៈ​ដើម្បី «ទទួលយក​បញ្ហា​ប្រឈម​ថ្មី​នៅក្នុង​វិស័យ​សាជីវកម្ម​ពិភពលោក​ហើយ​ចំណាយពេល​ច្រើន​ជាមួយ​គ្រួសារ​របស់ខ្ញុំ»។

លោក ម៉ូរី​សុន បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមគ្រួសារមិត្ត​ភក្តិនិង​អ្នកបោះឆ្នោត​ដែល​បាន​ផ្តល់ឱកាស​ឱ្យ​​រូប​លោក​​​ដើម្បី​ «បម្រើ​ប្រទេស​របស់ខ្ញុំ​នៅ​កម្រិត​ខ្ពស់បំផុត និង​ធ្វើឱ្យ​ប្រទេស​អូស្ត្រាលី​កាន់តែ​រឹងមាំសុវត្ថិភាព និង​កាន់តែ​រីកចម្រើន»។


​លោក ម៉ូរី​សុន ដែល​បាន​ជាប់ឆ្នោត​​ក្នុង​សភា​ជា​លើកដំបូង​សម្រាប់​អាសនៈសភា​​តំណាង​​ឱ្យ​រដ្ឋ New South Wales ក្នុង​ឆ្នាំ ២០០៧ បាន​កើនឡើង​​ប្រជាប្រិយភាព​យ៉ាង​ឆាប់រហ័ស​តាមរយៈ​ជួរ​នៃ​គណបក្ស​សេរីនិយម​កណ្តាល។ ដំបូង​ឡើយលោក​ត្រូវបាន​គេ​ស្គាល់​ថា​ បាន​អនុវត្ត​ការបង្ក្រាប​យ៉ាង​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​លើ​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ដែល​មកដល់​តាម​ទូក បន្ទាប់មក​បាន​បន្តធ្វើ​ជា​ទេសាភិបាល​​រតនាគារជាតិ​​ ​នៅ​ឆ្នាំ ២០១៥ និង​​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ ២០១៨។

​ជា​​អ្នក​កាន់សាសនា​គ្រិស្ត​ម្នាក់នៅពេលដែល​លោក​ ម៉ូរី​សុន បានឈ្នះ​ការបោះឆ្នោត​ឆ្នាំ ២០១៩ ដោយ​​មិន​នឹកស្មាន​ដល់លោក​បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​​​ដែល​កំពុង​​ជួបជុំ​​ដ៏​រីករាយ​ថា ​លោក​តែងតែ​​ជឿជាក់​​លើ​អព្ភូតហេតុ។


ទោះជា​យ៉ាងណាក៏ដោយពេលវេលា​កាន់អំណាច​របស់លោក ម៉ូរី​សុន ត្រូវ​បាន​ចងចាំខ្លាំងបំផុត​​ចំពោះ​ជំងឺ​រាតត្បាត​កូវីដ ១៩ ​ដែល​ជា​ពេលវេលា​​មួយ​ដែល​លោក​បាន​ត្រួតពិនិត្យ​​​​ព្រំដែន​យ៉ាង​តឹងរ៉ឹង​ ដើម្បី​កំណត់​រាល់​ការធ្វើដំណើរ​​ចូល​ក្នុង និង​​ចេញ​ក្រៅប្រទេស​អូស្ត្រាលី និង​បានដាក់​ពង្រាយ​ការជំរុញ​សារពើពន្ធ​ដ៏​ធំ​មួយ។

ការឆ្លើយតប​ដ៏​តឹងតែង​របស់លោកពីដំបូង​​មាន​ការ​សាទរ​ខ្លាំងណាស់។ ទោះជា​យ៉ាង​ណា​ក៏ដោយនៅពេលដែល​ការ​រឹតបន្តឹង​ត្រូវបាន​ដកចេញ​ជាបណ្តើរៗរដ្ឋាភិបាល​ត្រូវបាន​គេ​យល់ឃើញ​កាន់តែខ្លាំង​ឡើង​ថា​ ជា​គំនិត​ផ្តួចផ្តើមសំខាន់ៗដូចជា​ការចាក់​វ៉ាក់សាំងដែល​បណ្តាល​ឱ្យ​ការគាំទ្រ​ដល់​រដ្ឋាភិបាល​​របស់គាត់​ធ្លាក់ចុះ​យ៉ាងខ្លាំង។

បន្ទាប់ពី​ចាញ់​ការបោះឆ្នោត​ឆ្នាំ ២០២២​ ដល់​លោក អាន់ថូនី អាល់បានីស (Anthony Albanese) នៃ​គណបក្ស​ពលករ លោក ម៉ូរី​សុន ត្រូវ​បាន​គេដឹងថា បាន​ស្បថ​ដោយ​សម្ងាត់​នៅក្នុង​ផ្នែក​រដ្ឋមន្ត្រី​ជាច្រើន​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​​កូវីដ​ ១៩ ដែល​បង្កឱ្យមាន​កំហឹង​ពី​សមាជិក​នៃ​គណបក្ស​ផ្ទាល់ខ្លួន​របស់លោក។

សមាជិកសភា​មួយចំនួន​បាន​អំពាវនាវ​ឱ្យ​លោក ម៉ូរីសុន លាលែង​ពី​តំណែង ប៉ុន្តែ​អតីត​នាយករដ្ឋមន្ត្រី​បាន​បន្ត​ជា​សមាជិក​​សភា​អស់​រយៈពេល​ជាង ១៨​ ខែ​ បន្ទាប់ពី​ការ​ចាញ់​ការបោះឆ្នោត​របស់លោកដែលជា​ជំហាន​មិនធម្មតា​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​អតីត​មេដឹកនាំ​អូស្ត្រាលី​ដែល​គណបក្ស​របស់គាត់​បាន​បាត់បង់​​ការគាំទ្រ​​៕​