ភរិយា​របស់​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​ ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​គូប្រជែង​នយោបាយ​របស់​នាយករ​ដ្ឋ​មន្ត្រី អាន់​វ៉ា អ៊ីប្រាហ៊ីម ត្រូវបាន​ចោទប្រកាន់​កាលពី​ថ្ងៃទី ២៣ ខែមករា ពីបទ​ខកខាន​ក្នុងការ​​លាត​ត្រដាង​​ទ្រព្យសម្បត្តិ​របស់​​តលោក​ស្រី​​ដល់​ក្រុម​អ្នកស៊ើប​អង្កេត​ប្រឆាំង​អំពើពុករលួយ។ នេះ​បើយោង​តាម AFP។ 

​​ទីភា្នក់ងារ​ព័ត៌មាន​បារាំង បាន​រាយការណ៍ថា លោកស្រី Na'imah Abdul Khalid អាយុ ៦៦​ ឆ្នាំ ភរិយា​របស់​អ្នកជំនួញ Daim Zainuddin ដែល​​ធ្លាប់​បាន​បម្រើការ​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​​ចំនួន ២​ លើក ​​ក្នុង​ចន្លោះ​ឆ្នាំ ១៩៨៤ និង ២០០១​ បាន​សារភាពថា​មិន​មាន​កំហុស​នៅក្នុង​តុលាការ​ក្នុង​រដ្ឋធានី កូឡាឡាំពូ​​​នោះទេ​។ 

បទល្មើស​នៃ​ការមិន​បង្ហាញ​ទ្រព្យសម្បត្តិ​របស់​​លោក​ស្រី​​​ជាការ​ឆ្លើយតប​ទៅនឹង​សំណើ​របស់​ទីភ្នាក់ងារ​​ប្រឆាំង​អំពើពុករលួយ​ត្រូវបាន​ចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៣​។​ នេះ​បើ​យោងតាម​ឯកសារ​របស់​តុលា​ការដែល​មើលឃើញ​ដោយ AFP ។


​​អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Daim Zainuddin ដែលមាន​អាយុ ៨៥​ ឆ្នាំ​ គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​​អតីត​នាយករដ្ឋមន្ត្រី​ពីរ​សម័យកាលគឺ​លោក Mahathir Mohamad ។

អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Daim Zainuddin គឺជា​អ្នក​រិះគន់​យ៉ាង​ខ្លាំងក្លា​ទៅលើ​ លោក​ អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar ​Ibrahim) ដែល​បាន​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ ២០២២​ ដោយ​ប្តេជ្ញា​ថា​នឹង​លុបបំបាត់​អំពើពុករលួយ​កម្រិត​ខ្ពស់។


លោកស្រី Na'imah បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ខាងក្រៅ​តុលាការ​ថា «គ្មាន​ឧក្រិដ្ឋកម្ម​​ណាមួយ​ត្រូវបាន​ប្រព្រឹត្ត​ដោយ​ខ្ញុំ​ទេ ហើយ​ខ្ញុំ​នឹង​បង្ហាញ​រឿងនេះ​នៅក្នុង​តុលាការ»។

​សេចក្តី​ថ្លែង​ការ​ណ៍​នោះ​បន្តថា៖«ឧក្រិដ្ឋកម្ម​ពិតប្រាកដ​គឺ​ការធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​ប្ដី​ខ្ញុំ។ ឧក្រិដ្ឋកម្ម​ពិតប្រាកដ​គឺ​ការ​កាន់អំណាច​រដ្ឋ​​សម្រាប់​ប្រយោជន៍​​ផ្ទាល់ខ្លួន ហើយ​មិនមែន​ដើម្បី​ប្រយោជន៍​ប្រជាជន​នោះទេ»។

​លោកស្រី បាន​ផ្ញើ​សារ​ទៅកាន់​នាយក​រដ្ឋមន្ត្រី អាន់​វ៉ា ដោយ​និយាយថា «អំណាច​គឺ​ខ្លី​ណាស់​ ហើយ​តែងតែមាន​ការគិតគូរ​ចំពោះ​អ្នក​ដែល​បំពាន​វា»។

តុលាការ​បានកំណត់​ថ្ងៃទី២២ ​ខែមីនា សម្រាប់​សវនាការ​លើក​ក្រោយ​ក្នុង​សំណុំ​រឿងនេះ ដែល​​កាល​បរិច្ឆេទ​​​​ជំនុំជម្រះ​អាច​ត្រូវបាន​កំណត់។

បើ​រកឃើញថា​មាន​កំហុស លោកស្រី Na'imah អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​យ៉ាង​ច្រើន​ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ជា​​ច្រើន​ទៀត​។

ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​នេះ​បាន​និយាយថា ខ្លួន​កំពុង​ស៊ើបអង្កេត​អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Daim Zainuddin ដែល​បាន​ហៅ​ការស៊ើបអង្កេត​លើ​កិច្ចការ​របស់គាត់​ថា​ជា «ការ​ប្រមាញ់​មេ​ធ្មប់​ផែ្នក​នយោបាយ»។

​អតីត​នាយករដ្ឋមន្ត្រី​ Mahathir Mohamad ក៏បាន​អះអាង​ដែរ​ថា ការស៊ើបអង្កេត​នេះ​មាន​ហេតុផល​នយោបាយ។

កាលពី​សប្តាហ៍​មុន គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី (MACC) បាន​កោះហៅ​កូនប្រុស​របស់លោក​បណ្ឌិត Mahathir មក​សាកសួរ​ជុំវិញ​សកម្មភាព​អាជីវកម្ម​របស់គាត់។

MACC បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​សប្តាហ៍​មុន ដីកា​បញ្ជារបស់ MACC ដើម្បី​សាកសួរ​លោក Mirzan Mahathir គឺជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​​របស់​ខ្លួន បន្ទាប់ពី​​ការ​លាតត្រដាង​​ដែលមាន​នៅក្នុង​អ្វីដែល​គេ​ហៅថា Panama Papers «ក៏ដូចជា​សកម្មភាព​អាជីវកម្ម​របស់គាត់​ដែល​ពាក់ព័ន្ធ​នឹង​ការលក់ និង​ការទិញ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល»។ 

នៅ​ខែសីហាឆ្នាំ២០២២​ MACC បាន​និយាយថា ខ្លួន​បានចាប់ផ្តើម​ស៊ើបអង្កេត «អង្គភាព​ដែល​ភ្ជាប់ និង​ដាក់ឈ្មោះ» នៅក្នុង​ឯកសារ Pandora និង Panama ដែល​មាន​ពន្លឺ​លើ​ការ​គេចពន្ធ​ដោយ​អ្នកមាន​ទ្រព្យ និង​អ្នកមានអំណាច​ជុំវិញ​ពិភពលោក។

​នាយក​រដ្ឋមន្ត្រី អាន់វ៉ា​ ដែល​កំពុង​កាន់អំណាចត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​ការស៊ើបអង្កេតរ​បស់ MACC ដើម្បី​តាមដាន​សត្រូវ​នយោបាយ​របស់គាត់៕​