រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ីលោកសឺហ្គេយឡាវរ៉ូវ (Sergei Lavrov) បានជួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់ តួកគី និង លីបង់ មុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃអង្គារ ដោយសារតែការពិភាក្សាអំពីមជ្ឈិមបូព៌ា។ យោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្រសួងបាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram កាលពីថ្ងៃអង្គារថាកិច្ចប្រជុំទ្វេភាគីផ្តោតលើតំបន់ហ្គាហ្សាស្ទ្រីបស៊ីរីនិង «ស្ថានភាពតានតឹង»នៅសមុទ្រក្រហម។កិច្ចប្រជុំនេះបានធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទ។
ក្រសួងការបរទេសរុស្ស៊ី បាននិយាយថាលោករដ្ឋមន្ត្រី ឡាវរ៉ូវ និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានព្រមព្រៀងគ្នាលើតម្រូវការសម្រាប់បទឈប់បាញ់យ៉ាងឆាប់រហ័សនៅក្នុងតំបន់ហ្គាហ្សានិងលក្ខខណ្ឌសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិល។
តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងបាននិយាយថា៖«ក្តីបារម្ភជាទូទៅត្រូវបានសម្តែងអំពីស្ថានភាពតានតឹងនៅសមុទ្រក្រហមដែលបានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង»។
មន្ទីរបញ្ចកោណបាននិយាយថាកាលពីថ្ងៃចន្ទសហរដ្ឋអាមេរិកនិងអង់គ្លេសបានធ្វើការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងក្រុមហ៊ូធី (Houthi) មានមូលដ្ឋាននៅប្រទេសយេម៉ែនជុំវិញការកំណត់គោលដៅរបស់ពួកគេលើការដឹកជញ្ជូនតាមសមុទ្រក្រហម។
ក្រសួងបាននិយាយថាលោក ឡាវរ៉ូវនិងរដ្ឋមន្ត្រីការបរទេសលីបង់ លោកAbdallahBouHabib បាននិយាយអំពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសនានានៅក្នុងតំបន់ឆ្ពោះទៅរកបទឈប់បាញ់ជាបន្ទាន់។
អ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះតាមសេចក្តីរាយការណ៍ថាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតនៅតំបន់ភាគខាងត្បូងហ្គាហ្សាចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមក្នុងខែតុលាដោយជំរុញឱ្យមានការអំពាវនាវពីទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារប្រជាជនស្លូតត្រង់នៅក្នុងមន្ទីរពេទ្យ បុគ្គលិកពេទ្យនិងអ្នកជំងឺ។
យោងតាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខនឹងពិភាក្សាអំពី «ស្ថានភាពនៅមជ្ឈិមបូព៌ារួមទាំងសំណួរប៉ាឡេស្ទីន»។
លោកឡាវរ៉ូវបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាលោកនឹងស្នើ «កិច្ចខិតខំប្រឹងប្រែងរួមគ្នា»នៅឯកិច្ចប្រជុំដើម្បីដោះស្រាយវិបត្តិមជ្ឈិមបូព៌ា។
ជាមួយសមភាគីតួកគី គឺរដ្ឋមន្ត្រី Hakan Fidan លោក ឡាវរ៉ូវក៏បានពិភាក្សាអំពីបញ្ហាថាមពលក៏ដូចជា «ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ»។
កាលពីខែធ្នូ វិមានក្រឹមឡាំងបាននិយាយថាប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន អាចនឹងទៅបំពេញទស្សនកិច្ចនៅតួកគីនៅដើមឆ្នាំ២០២៤៕