សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ប្រចាំ​ខែ​ជាមួយ​សម្ព័ន្ធ​មិត្ត​ ៥០ ​ប្រទេស ​ដើម្បី​បន្ត​ជំនួយ​ដល់​ក្រុង​កៀវ​ ​ដោយសារ​​អស់​លទ្ធភាព​ទិញ​គ្រាប់​រំសេវ​ និង​មីស៊ីល​បញ្ជូន​ទៅ​អ៊ុយក្រែន​ ខណៈ​សភា​អាមេរិក​មិន​ទាន់​អនុម័ត​កញ្ចប់​ថវិកា​ថ្មី​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​ AP។ 

នា​ពេល​នេះ​ អាមេរិក​​កំពុង​រង​ចាំ​ការ​អនុម័តថវិកា​របស់​សភា​ ដែល​អាច​នឹង​រួម​បញ្ចូល​ទាំង​​​​​កញ្ចប់​ជំនួយ​​បន្ថែម​​សម្រាប់​អ៊ុយក្រែន ​ដើម្បី​បន្ត​ប្រយុទ្ធ​នឹង​កង​ទ័ព​ឈ្លាន​ពាន​រុស្ស៊ី​។ កិច្ច​ប្រជុំ​​នា​​ថ្ងៃ​អង្គារ​នេះ​ រំពឹង​ថា​ ក្រុម​សម្ព័ន្ធ​មិត្ត​​អន្តរជាតិ ​នឹង​​បំពេញ​ចម្លោះ​ប្រហោង​​​អំឡុង​ពេល​ដែល​អាមេរិក​​អស់​​ធន។ ក្រុម​សម្ព័ន្ធ​មិត្ត​នេះ​ ត្រូវ​បាន​​​​បង្កើត​ឡើង​​ក្នុង​ខែ​មេសា​ឆ្នាំ​ ២០២២ ដើម្បីជួយ​​​អ៊ុយក្រែន​ ​ក្រោយ​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ទ្រង់​ទ្រាយ​ធំ​នា​​​ចុង​ខែ​កុម្ភៈ​ ​ឆ្នាំ​ដដែល​។ ​

​អនុលេខាធិការ​ផ្នែក​សារព័ត៌មាន​របស់​មន្ទីរបញ្ចកោណ​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ លោក​​ស្រី​Sabrina Singh ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ កាល​ពី​ថ្ងៃ​ចន្ទ​ថា​ កិច្ច​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​ នឹង​ផ្តោត​លើ​តម្រូវ​ការ​រយៈ​ពេល​វែង​។​ លោក​ស្រី​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «ទោះ​បី​ជា​យើង​មិន​អាច​ផ្តល់​ជំនួយ​ផ្នែក​សន្តិសុខ​របស់​យើង​នៅ​ពេល​នេះ​ក៏​ដោយ ​ដៃគូ​របស់​យើង​កំពុង​បន្ត​ធ្វើ​ដូច្នេះ​»​។


បើ​តាម​ AP កិច្ច​​ប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​វិដេអូ​ ដោយ​សារ​តែ​​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​ លោក​ Lloyd Austin​ ​កំពុងបន្ត​​សម្រាក​ព្យាបាល​នៅ​ផ្ទះ​​ក្រោយ​វះ​កាត់​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​។​

កាល​ពី​ចុង​ខែ​ធ្នូ​ មន្ទីរ​បញ្ចកោណ​បាន​ប្រកាស​ជំនួយ​សន្តិសុខសម្រាប់​អ៊ុយក្រែន​ចុង​ក្រោយ​របស់​ខ្លួន​ ​ ដែល​សរុប​ជា​ទឹក​ប្រាក់ចំនួន​​ ២៥០ លាន​ដុល្លារ​។ ជំនួយ​ទាំង​នោះ ​​​រួម​មាន​គ្រាប់​​ ១៥៥​ មីលីម៉ែត្រ ​​មីស៊ីល​ប្រឆាំង​យន្តហោះ​ចម្បាំង​ Stinger ​​និង​សម្ភារៈ​យោធា​ ដែល​ជា​តម្រូវការ​ខ្ពស់​ផ្សេង​ទៀត​ ហើយ​ត្រូវ​បាន​យក​​​ចេញ​ពី​ឃ្លាំង​ស្តុក​​អាវុធ​ ដែល​មាន​ស្រាប់​របស់​​អាមេរិក​​។ ចាប់​តាំង​ពី​ពេល​នោះ​មក​ សហរដ្ឋ​​អាមេរិ​ក​​មិន​​អាច​​ផ្តល់​​អាវុធ​​បន្ថែម​ទៅ​អ៊ុយក្រែន​បាន​ទេ​ ដោយ​សារ​តែ​អស់​ប្រាក់​ដែល​ត្រូវ​យក​ទៅ​ដោះ​ដូរ​ជាមួយ​​​អាវុធ​​​ក្នុង​ស្តុក​​​​ ហើយ​​​សភា​ក៏​​មិន​​ទាន់​​អនុម័ត​​ថវិកា​​បន្ថែម​។ ​​ 


នា​ពេល​នេះ​ កញ្ចប់​​ជំនួយ​ជាង​ ១១០ ប៊ីលាន​ដុល្លារ​ សម្រាប់​​អ៊ុយក្រែន ​និង​អ៊ីស្រាអែល​ ត្រូវ​ជាប់​​គាំង​ដោយ​សារ​ការ​ខ្វែង​គំនិ​ត​គ្នា​រវាង​សភា​ និង​សេតវិមាន​ លើ​អាទិភាព​គោល​នយោបាយ​ផ្សេង​ទៀត​រួម​ទាំង​សន្តិសុខ​តាម​ព្រំដែន​អាមេរិក​-​ម៉ិកស៊ិក​។​

​ទន្ទឹម​នឹង​នេះ​ ​រុស្ស៊ី​​ក៏​​​​​គ្មាន​ឆន្ទៈ​ក្នុង​ការ​បញ្ចប់​​ការ​ឈ្លាន​ពាន​​អ៊ុយក្រែន​ ដោយ​ក្នុង​កិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ​​​កាល​ពី​ថ្ងៃ​ចន្ទ​ មន្រ្តី​ការទូត​ប្រទេស​នេះ​​​បាន​ច្រាន​ចោល​ផែនការ​សន្តិភាព​ណា​មួយ​ ដែល​គាំទ្រ​ដោយ​អ៊ុយក្រែន ​​​និង​លោក​ខាង​លិច​។ 

គួរ​គូស​បញ្ជាក់​ថា​​ថា​ គិត​តែ​លើ​ជំនួយ​យោធា​​​ សហរដ្ឋ​អាមេរិក​​​បាន​ចំណាយ​ទៅ​លើ​អ៊ុយក្រែន​​សរុប​​ជា​​ទឹក​ប្រាក់​​ជាង​ ៤៤,២ ប៊ីលាន​ដុល្លារ​ រាប់​តាំង​ពី​រុស្ស៊ី​ចូល​ឈ្លាន​ពាន​ទ្រង់​ទ្រាយ​ធំ​មក​។ ប្រហែល​ ២៣,៦ ក្នុង​នោះ​ ត្រូវ​បាន​យក​ទៅ​ដូរ​នឹង​អាវុធ​ពី​​ឃ្លាំង​ស្តុក​យោធា​ដែល​មាន​ស្រាប់​ ហើយ​ជិត​ ១៩ ប៊ីលាន​ដុល្លារ​​ផ្សេង​ទៀត​ ត្រូវ​បាន​ប្រើ​ក្នុង​​កិច្ច​សន្យា​យោធា​រយៈ​ពេល​វែង​ សម្រាប់​​​សម្ភារៈ​យោធា​ដែល​នឹង​​ចំណាយ​ពេល​រាប់​ខែ​ដើម្បី​ទិញ​។​ 

​ដូច្នេះ​ ទោះ​បី​ជា​អស់​ថវិកា​​​ក៏​​ដោយ​​ អាវុធ​មួយ​ចំនួន​ដែល​បាន​ទិញ​ពី​មុន​តាម​កិច្ច​សន្យា​ នឹង​បន្ត​ហូរ​​ទៅ​អ៊ុយក្រែន​។ លើស​ពី​នេះ​ ក៏​មាន​ប្រាក់​បន្ថែម​ចំនួន​ ១,៧ ប៊ីលាន​ដុល្លារ​​ ដែល​ក្រសួង​ការ​បរទេស​អាមេរិកបាន​​​ផ្ដល់​ឱ្យ​សម្រាប់​អ៊ុយក្រែន​ ​​ក្នុង​ទម្រង់​ជា​ហិរញ្ញប្បទាន​យោធា​បរទេស​។​

ក្រៅ​ពី​​ហិរញ្ញវត្ថុ​សម្រាប់​ជំនួយ​យោធា​ លោក​ ​Marty O'Donnell ​អ្នក​នាំ​ពាក្យ​​ក​ង​ទ័ព​​អាមេរិក​​ប្រចាំ​​តំបន់​​អឺរ៉ុប​ និង​​អាហ្វ្រិក​ ​បាន​​និយាយ​ថា ​សហរដ្ឋ​អាមេរិក ​និង​​ដៃគូ​​អន្តរជាតិ​​ប្រមាណ ​៣០​​ ប្រទេស​ ក៏​​កំពុង​​បន្ត​​បណ្តុះ​បណ្តាល​​កង​កម្លាំង​​អ៊ុយក្រែន​​ផង​ដែរ​ ហើយ​​រហូត​មកដ​ល់​​បច្ចុប្បន្ន​ ​បាន​​បណ្តុះ​បណ្តាល​ទាហាន​​​​​អ៊ុយក្រែន​​សរុប​ ១១៨ ០០០ នៅ​តាម​ទីយោធា​ផ្សេង​ៗ​ជុំ​វិញ​ពិភព​លោក​៕