​ក្រុម​សាច់ញាតិ​របស់​ចំណាប់​ខ្មាំង​ជនជាតិ​អ៊ី​ស្រា​អែល​ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុម​ហា​ម៉ាស់​ បាននាំគ្នា​សម្រុកចូល​ទៅក្នុង​បរិវេណ​សភា​ក្នុងអំឡុង​ពេលដែល​សមាជិកសភា​កំពុង​ប្រជុំ​គណៈកម្មាធិការ​។​

​ក្រោយ​ចូលដល់​ក្នុង​សភា​ក្រុម​សាច់ញាតិ​ចំណាប់ខ្មាំង​បានទាមទារ​ឱ្យ​សមាជិកសភា​ដាក់ចេញ​សកម្មភាព​បន្ថែមទៀត​ដើម្បី​ជួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​។​

​ដោយឡែក​ការ​សម្រុកចូល​នេះ ​ត្រូវបាន​ធ្វើឡើង​ដោយ​មនុស្ស​ប្រហែល ​២០ ​​នាក់ ខណៈដែល​សង្គ្រាម​បាន​ឈានចូល​ដល់​ខែ​ទី​៤ ​ទៅហើយ រីឯ​ចំណាប់​ខ្មាំង​ក៏​នៅតែ​មិនទាន់​ទទួលបាន​ការដោះលែង​នៅឡើយ​។​


​ក្នុងចំណោម​ក្រុម​សាច់ញាតិ​ទាំងនោះ​ស្ត្រី​ម្នាក់ ​បាន​កាន់​រូបថតរ​បស់​សមាជិកគ្រួសារ​រ​បស់​ខ្លួន​ចំនួន​ ៣ ​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ៧​ តុលា​និង​ជា ៣ ​នាក់ ​ក្នុងចំណោម​ចំណាប់ខ្មាំង​ទាំង ​២៥៣ ​នាក់​។​

​ជាមួយគ្នា​នោះ​ក្រុមអ្នកតវ៉ា​ផ្សេងទៀត​បាន​លើក​បដា​ដោយ​សរសេរថា​៖«​អ្នក​មិនអាច​អង្គុយ​នៅទីនេះ​ដោយ​ស្ងប់​សុខ និង​ទុកឱ្យ​ពួកគេ​ស្លាប់​បានទេ​»​។​


​យ៉ាងណាមិញ រហូតមកដល់​ពេលនេះ​មនុស្ស​ប្រមាណ ​១៣០ ​នាក់​ នៅតែ​បន្ត​ជាប់ឃុំ ខណៈដែល​មួយចំនួនទៀត​ត្រូវបាន​ដោះលែង​តាមរយៈ​បទ​ឈប់​បាញ់​កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ ​២០២៣​។ ក្នុងនោះ​ប្រទេស​អាមេរិក កាតា និង​អេ​ហ្ស៊ី​ប​ក៏​បាននិងកំពុង​ស្វះស្វែង​ចរចា​ដើម្បី​បង្កើត​បទ​ឈប់​បាញ់​បន្តទៀត​ក្នុងន័យ​ដោះលែង​ចំណាប់​​ខ្មាំង​ ដែល​នៅសល់​ឱ្យអស់​។​

​ប៉ុន្តែ​ការផ្សះផ្សា​ហាក់ដូចជា​តឹងតែង ដោយហេតុថា គោលដៅ​ចុងក្រោយ​របស់លោក​នាយក​​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែល គឺ​កម្ទេច​ក្រុម​ហា​ម៉ាស់​ចោល​តែម្ដង​។​ម្លោះ​ហើយ​បើទោះបីជា​រង​ការ​រិះគន់​ពី​ប្រជាជន​ខ្លួនឯង និង​ពិភពលោក​ក្ដី ក៏​មេដឹកនាំ​រូបនេះ​នៅតែ​មិន​បន្ធូរដៃ​ក្នុងការ​វាយ​​លុក​នៅ​តំបន់​ហ្គា​ហ្សា​ឡើយ​។​

​ដោយមាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ចំណាប់ខ្មាំង​ក្រុម​សាច់ញាតិ​ទាំងនោះ​ បាន​បំផុស​បំផុល​ចលនា​បាតុកម្ម​កាន់តែ​ធំ​ឡើងៗ​។ ក្នុងនោះ​ក៏មាន​ផង​​ដែរ​នូវ​ការប្រមូល​ផ្ដុំគ្នា​ទៅ​បោះតង់​នៅ​ជុំវិញ​បរិវេណ​ផ្ទះ​របស់លោក​នាយករដ្ឋមន្ត្រី​ នេ​តាន់ យ៉ា​ហ៊ូ និង​ការធ្វើ​បាតុកម្ម​ទាម​ទារ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង​ជាដើម​។​

​សម្ទុះ​នៃ​ការខឹង​សម្បា​ចំពោះ​ការដឹកនាំ​របស់លោក ​នេ​តាន់ យ៉ា​ហ៊ូ​ ហាក់​កាន់តែ​ពុះកញ្ជ្រោល​ក្នុងចំណោម​ប្រជាជន​អ៊ីស្រា​អែល​។ ប្រជាជន​ខ្លះទៀត​ថែមទាំង​ចាត់ទុក​ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់​ ទៅលើ​អ៊ីស្រា​អែល ​កាលពី​ខែតុលា​ ថា ជា​បរាជ័យ​របស់លោក​ទៀតផង​៕