​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយ​ក្រែ​ន ​ទៅលើ​ស្ថានីយប្រេងឥន្ធនៈ​ក្រុមហ៊ុន​ Novatek ​របស់​ប្រទេស​រុស្ស៊ី បានធ្វើឱ្យ​តម្លៃ​ប្រេង​ពិភពលោក​បាន​កើនឡើង​ប្រហែល​ ២%​ កាលពី​ថ្ងៃ​ចន្ទ ដោយ​សារ​តែ​ការព្រួយបារម្ភ​អំពី​ការប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ថាមពល​សកល​។ ទន្ទឹមនឹងនេះ បញ្ហា​ប្រឈម​ផ្សេងទៀត ដូចជា​អាកាសធាតុ​ត្រជាក់​ខ្លាំង ក៏​ប៉ះពាល់​ដល់​ផលិតកម្ម​ប្រេង​ឆៅ​របស់​សហរដ្ឋអាមេរិក​ផងដែរ​។​

​តម្លៃ​ប្រេង​ឆៅ​ប្រភេទ Brent ដែល​លក់​នៅ​ខែមីនា ​ខាងមុខនេះ នឹង​កើន​ដល់ ៨០,០៦​ ដុល្លារ​សហរដ្ឋអាមេរិក​​ ក្នុង​ ១​ បារ៉ែល កើនឡើង ១,៥ ​ដុល្លារ ស្មើនឹង ១,៩%​។ ដោយឡែក​ប្រេង​​ឆៅ​ប្រភេទ WTI របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ខែកុម្ភៈ​បាន​កើន​ដល់​ ៧៥,១៩​ ដុល្លារ កើនឡើង ១,៧៨ ដុល្លារ ស្មើនឹង​ ២,៤%​។​

​លោក ច​ន ឃី​ល​ដុ​ហ្វ (John Kilduff)​ ដែលជា​ដៃគូ​នៅ​ក្រុមហ៊ុន Again Capital LLC បាន​លើកឡើងថា​៖ «​ការព្រួយបារម្ភ​អំពី​ទីផ្សារ​ប្រេង​កំពុង​កើនឡើង​ដោយសារតែ​ការរំខាន​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់​»​។ ការលើក​​ឡើង​របស់លោក​បែបនេះ គឺ​ចង់​សំដៅ​ទៅលើ​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយ​ក្រែ​ន​ទៅលើ​ស្ថានីយ​ប្រេង​របស់​ក្រុមហ៊ុន ​Novatek​។​


​លើសពីនេះ អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅ​សហរដ្ឋអាមេរិក ក៏​កំពុង​រំខាន​ដល់​ដំណើរការ​ផលិតកម្ម​ប្រេង​ឆៅ​នៅ​រដ្ឋ​ដា​កូតា​ខាងជើង (North Dakota)​ និង​នៅក្នុង​រដ្ឋ​ផ្សេងទៀត នេះ​បើ​យោងតាម​លោក ហ្វ៊ីល ហ្វ្ល៊ី​ន (Phil Flynn)​ អ្នកវិភាគ​របស់​ក្រុមហ៊ុន Price Future Group​។​

​ជាក់ស្ដែង ផលិតកម្ម​ប្រេង​នៅក្នុង​រដ្ឋ​ដា​កូតា​ខាងជើង​នេះ បាន​ធ្លាក់ចុះ​ជាង​ ២០%​ នៅ​ថ្ងៃ​ចន្ទ បន្ទាប់ពី​ត្រូវបាន​កាត់បន្ថយ​ ៥០% កាលពី​សប្តាហ៍​មុន ដោយសារតែ​ស្ថានភាព​អាកាសធាតុ​ត្រជាក់​ខ្លាំង និង​បញ្ហា​ប្រតិបត្តិការ​មួយចំនួនទៀត​។ នេះ​បើ​យោងតាម​ការរាយការណ៍​ដោយ​អាជ្ញាធរ​ទទួល​បន្ទុក​បំពង់​បង្ហូរ​ប្រេង​ក្នុង​រដ្ឋ​ដា​កូតា​ខាងជើង​។​


​ម្យ៉ាងវិញទៀត ការវាយលុក​របស់​អ៊ី​ស្រា​អែល​នៅ​តំបន់​ហ្គា​ហ្សា ទំនងជា​មិនអាច​នឹង​បញ្ឈប់​ឆាប់ៗ​ នាពេលខាងមុខ​នោះទេ​។ លើសពីនេះ​ការ​វាយ​ប្រហារ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ហ៊ូ​ធី​​ (Houthi) ទៅលើ​នាវា​ពាណិជ្ជកម្ម​​អ៊ី​នៅ​តំបន់​សមុទ្រ​ក្រហម​នៅតែ​បន្ត បើទោះបីជា​សហរដ្ឋអាមេរិក ចាត់​វិធាន​​ការតបត​ក៏ដោយ។

យ៉ាងណាក៏ដោយ អ្នកវិភាគ​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ ​IG លោក តូ​នី ស៊ី​ខេ​ម័​រ (Tony Sycamore) បាន​យល់ឃើញថា តម្លៃ​ប្រេង​អាច​ធ្លាក់ចុះ បើទោះបីជា​កំពុងមាន​ភាព​តានតឹង​នាពេល​បច្ចុប្បន្ន​ក៏ដោយ​។​

​យោងតាម​ការ​ព្យាករ តម្រូវការ​ប្រេង​អាច​កើនឡើង​បន្តិច​ក្នុង​ឆ្នាំ​ ២០២៤ ប៉ុន្តែ​មិន​ច្រើន​ដូច​ឆ្នាំ​ ២០២៣​ ទេ ពោលគឺ​កើនឡើង​ពី ១,២ ទៅ​ ២,២​ លាន​បា​រែ​ល​ក្នុង​ ១​ ថ្ងៃ​៕