​ប្រទេស​ម៉ាឡេស៊ី​ កំពុង​ពិចារណា​ចាប់ផ្តើម ដំណើរការ​ផ្លូវច្បាប់​ប្រឆាំងនឹង​ធនាគារ​បរទេស​នានា​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​លុយរាប់​ពាន់​លាន​ដុល្លារ​ ក្នុង​មូលនិធិ​វិនិយោគ​រដ្ឋ 1Malaysia Development Berhad (1MDB)​។ នេះ​បើតាម​ការរាយការណ៍រ​បស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រ​។​

​ប្រធាន​ក្រុមការងារ​ស្រោចស្រង់​ទ្រព្យ​សម្បត្តិ 1MDB ឡើងវិញ លោក Johari Abdul Ghani បាន​អះអាង​ពី​ការ​ដំណើរ​ការ​ផ្លូវច្បាប់​នេះ ប៉ុន្តែ​មិនបាន​កំណត់​អត្ត​សញ្ញាណ​ថា ​មាន​ធនាគារ​បរទេស​ណាខ្លះ ​ដែល​នឹង​ជាប់​ពាក់ព័ន្ធ​នោះទេ​។ លោក​បន្តថា ធនាគារ​ទាំងនោះ ​មិនបាន​ធ្វើការ​ត្រួត​​ពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​មុនពេល​សម្រប​សម្រួល​ការផ្ទេរ​មូលនិធិ​វិនិយោគ​រដ្ឋ​។​

​ក្រុម​អ្នកស៊ើប​អង្កេត​ម៉ាឡេស៊ី និង​សហរដ្ឋអាមេរិក​ ប៉ាន់​ស្មានថា ប្រាក់​ប្រមាណ ៤,៥​​ ពាន់​លាន​ដុល្លារ​ ត្រូវបាន​លួច​ពី​មូលនិធិ 1MDB ដោយមាន​ការជាប់​ពាក់ព័ន្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បុគ្គលិក​​ធនាគារ​វិនិយោគ​អាមេរិក Goldman Sachs និង​មន្ត្រីជាន់ខ្ពស់​ម៉ាឡេស៊ី​ ជាច្រើន​ទៀត​ដែល​ស្ថិតក្រោម​ការស៊ើបអង្កេត​។​


​ក្នុង​ឆ្នាំ​ ២០២១ ​ម៉ាឡេស៊ី​បាន​ប្តឹង​អង្គភាព​របស់​ធនាគារ​វិនិយោគ​អាល្លឺម៉ង់ Deutsche Bank ធនាគារ​វិនិយោគ​អាមេរិក ​JP Morgan និង​ធនាគារ​គ្រប់គ្រង​ទ្រព្យ​អង់គ្លេស Coutts & Co ដើម្បី​យកមក​វិញ​នូវ​ការខាតបង់​រាប់ពាន់​លាន​ដុល្លារ​ពី​មូល​និ​ធិ​ 1MDB  ទោះបីជា​សំណុំរឿង​មិនទាន់​ដំណើរការ​នៅក្នុង​តុលាការ​ក៏ដោយ​។​

​លោក Johari បាន​និយាយ​ក្នុង​សេចក្តី​​ថ្លែងការណ៍​ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គា​រថា​៖«​ក្រុមការងារ 1MDB មានការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ដោះស្រាយ​បញ្ហា 1MDB ប្រកបដោយ​តម្លាភាព និង​ធ្វើឱ្យ​ភាគី​ទាំងអស់​ទទួលខុសត្រូវ​»​។​


​ដោយឡែក មន្ត្រី​ 1MDB បាន​បន្ថែមថា​កាលពី​ថ្ងៃ​ដើមខែ​វិច្ឆិកា ឆ្នាំមុន ម៉ាឡេស៊ី​ បាន​ឆ្លើយតប​ចំពោះ​សំណើ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ដោយ​ក្រុមហ៊ុន​ Goldman Sachs ហើយ​ភាគី​ទាំង​២​កំពុងស្ថិត​ក្នុង​ដំណើរការ​ព្រមព្រៀងគ្នា​លើ​តារាង​ពេលវេលា​នៃ​នីតិវិធី​។​

​ក្នុង​ឆ្នាំ​ ២០២០ ក្រុមហ៊ុន Goldman Sachs បាន​យល់ព្រម​បង់ប្រាក់​ចំនួន​ ៣,៩​ ពាន់​លាន​ដុល្លារ ​ដើម្បី​ដោះស្រាយ​ការ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​របស់​ម៉ាឡេស៊ី​ ជុំវិញ​ការ​ពាក់ព័ន្ធ​របស់ខ្លួន​ក្នុង​រឿងអាស្រូវ​។ យ៉ាងណាក៏ដោយ​ឥឡូវនេះ​ភាគី​ទាំង​ ២ ​មានការ​ខ្វែង​គំនិត​គ្នា​លើ​ដំណោះស្រាយ​ដែល​ចែងថា​ក្រុមហ៊ុន Goldman គួរតែ​ធ្វើការ​បង់ប្រាក់​បណ្តោះអាសន្ន បើសិន​ម៉ាឡេស៊ី​មិន​ទទួល​បាន​យ៉ាងហោចណាស់​ ៥០០ ​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​វិញ​ត្រឹម​ខែសីហា ឆ្នាំ​ ២០២២​។​

​ក្នុង​សំណុំរឿង​កាន់តែ​ស្មុគស្មាញ​ក្រុមហ៊ុន Goldman បាន​ប្តឹង​ម៉ាឡេស៊ី ​ទៅ​តុលាការ​អង់គ្លេស​កាលពី​ខែតុលា ឆ្នាំមុន​ចំពោះ​ការរំលោភ​លើ​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​​ម៉ាឡេស៊ី​ ក្នុងការ​កាត់​យ​ក​ប្រាក់​ផ្ទុយ​ពី​ការ​ធានា​របស់ Goldman ក្នុង​កិច្ចព្រមព្រៀង​ទូទាត់ និង​ក្នុង​ការទាញយក​ទ្រព្យសម្បត្តិ​បាត់បង់​ផ្សេងទៀត ដែលមាន​តម្លៃ​ ១,៤ ​ពាន់​លាន​ដុល្លារ​។​

​ប៉ុន្តែ​ម៉ាឡេស៊ី​បាន​បដិសេធ​ការចោទប្រកាន់​ដែលថា​ខ្លួន​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ដោះស្រាយ​ហើយ​កាលពី​ថ្ងៃ​អង្គារ​នេះ​បាន​ចោទប្រកាន់​ក្រុមហ៊ុន​ Goldman Sachs ពី​ការព្យាយាម​ប្រឆាំងនឹង​ 1MDB​ ចំពោះ​ការ​ទាញ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​ ១,៤ ពាន់​លាន​ដុល្លារ​មកវិញ​ចេញពី​ស្ថាប័ន​ផ្សេងទៀត​ដូចជា ធនាគារ AmBank និង​ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិ​ប្រេង​អន្តរជាតិ ​Abu Dhabi ជាដើម​។​

​លោក Johari បាន​និយាយថា 1MDB មិន​បានធ្វើ​សកម្មភាព​ដែល​ស្ថិតក្រោម​វិសាលភាព​នៃ​ការធានា​ការ​ស្រោចស្រង់​ទ្រព្យសម្បត្តិ​ឡើងវិញ​របស់​ក្រុមហ៊ុន ​Goldman នោះទេ​៕