តួក​គី​ដែលជា​ប្រទេស​ប្រកាន់តឹង​រឹង​​ និង​បង្កើត​លក្ខខណ្ឌ​ច្រើន​សម្រាប់​​​ប្រទេស​ស៊ុយអែត ​​​​ជា​ថ្នូ​រ​នឹង​ការ​ទទួលបាន​កា​រគាំ​ទ្រ​ឱ្យ​ចូល​ជាសមាជិក​ពេញសិទ្ធិ​របស់​អង្គការ​ណាតូ នៅ​ទីបំផុត​សភា​របស់​ប្រទេស​តួកគី​ កាលពី​ថ្ងៃទី ២៣​ ខែមករា ​បាន​ផ្តល់​​សច្ចាប័ន​​​លើ​ការស្នើសុំសមាជិកភាព​ណា​តូ​របស់​ប្រទេស​ស៊ុយអែត។ 

សមាជិកសភា​តួក​គី​​បាន​បោះឆ្នោត​គាំទ្រ​​លើ​​​​សមាជិកភាព​នោះ​ដោយ​សំឡេង​គាំទ្រ ២៨៧​ ទល់​​នឹង​​សំឡេង​ប្រឆាំង​​ ៥៥​​ និង​​ ៤ សំឡេង​អនុប្បវាទ​​ក្នុង​សភា​តួក​គី​ ដើម្បី​​គាំ​ទ្រ​ការ​ស្នើ​សុំ​​ចូល​ជាសមាជិក​​​​ភាព​នៃ​ប្រទេស​ស៊ុយអែត ដែល​​ស្ថិតនៅ​​តំបន់​​ណ័រឌិក​ (Nordic)​​ ​ឬ​អឺរ៉ុប​ខាងជើង​​ ដើម្បី​​ក្លាយជា​សមាជិក​ទី៣២នៃ​សម្ព័ន្ធភាព​ប្រដាប់អាវុធ​​ធំផុត​ក្នុង​ពិភពលោក គឺ​អង្គការ​ណាតូ ​បន្ទាប់ពី​បាន​ប្រឹងប្រែង​​អស់​រយៈពេល​ជិត​ ២ ឆ្នាំ​ ចាប់​តាំងពី​ការ​ប៉ុនប៉ង​ចូល​ជាសមាជិក​របស់ណាតូ​​ដំបូងនៅខែ​​មិថុនា​​ឆ្នាំ​២០២២​ ប៉ុន្មានខែ​ក្រោយ​​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន​។​

ដំបូង​ឡើយ ​ប្រទេសស៊ុយអែត​និង​ហ្វាំង​ឡង់ដែល​នៅ​ក្បែរគ្នា​ និង​ស្ថិត​នៅជាប់​ព្រំដែន​រុស្ស៊ី​ដូច​គ្នា​ បាន​ដាក់​ពាក្យ​​ស្នើសុំ​ចូល​ជា​សមាជិក​របស់​អង្គការ​ណាតូ​​ក្នុងខែ​មេសា​ឆ្នាំ​២០២២ ហើយ​រំពឹង​ថា​ទទួលបាន​កា​រអនុម័ត​ចូលជាសមាជិក​ពេញ​លេញ​នៅ​ខែមិថុនា​ឆ្នាំ​ដដែល ប៉ុន្តែ​ដល់​ពេល​បោះឆ្នោត​​គាំទ្រ​​ សម្រាប់តែ​​ប្រទេសតួក​គី​​បាន​ចេញ​មុខ​ជំទាស់​ដែល​មិននឹក​ស្មានដល់ ហើយ ទាមទារ​ការ​ចរចា​​និង​ការ​ដាក់​លក្ខខណ្ឌ​ផ្សេង​ៗ​ឱ្យ​ប្រទេស​ទាំងពីរ​អនុវត្ត​ក្នុងនោះ​មាន​កា​រគាំទ្រ​​របស់ស៊ុយអែត​លើ​ក្រុម​ប្រដាប់អាវុធ​ដែល​តួកគី​ចោទ​ថា​ជា ភេរវករ​​ផង។​​


​ហើយ​កាល​ពីឆ្នាំមុន ហ្វាំងឡង់​ក៏​ទទួលបាន​កា​រយល់​ព្រម​មុន​ពីប្រទេសតួកគី​សម្រាប់សមាជិក​ភាព​ពេញសិទ្ធិ ទុក​ឱ្យ​​ស៊ុយអែត​នៅតែលតោល​ម្នាក់ឯង​ ដោយ​ប្រទេស​២មិន​ផ្តល់សច្ចាប័ន​​​គឺ​តួកគី​ និង​ហុងគ្រី។ ប៉ុន្តែពេលនេះ​ សភា​តួកគី​បានផ្តល់សច្ចាប័ន នៅឡើយ​តែ​​សភា​ប្រទេស​ហុងគ្រី​ប៉ុណ្ណោះ៕