ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក ​ហ្វឺ​ឌី​ណាន់ ម៉ា​កូ​ស ជូនៀ (Ferdinand Marcos Jr) បានប្រកាស​កាលពី​ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ ថា រដ្ឋាភិបាល​ហ្វីលី​ពី​ន នឹងមិន​សហការ​ជាមួយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ជុំវិញ​ការស៊ើបអង្កេត​លើ​សំណុំរឿង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់​អតីត​ប្រធានាធិបតីហ្វីលីពីន​លោក រ៉ូ​ទ្រី​ហ្គោ ឌូ​តឺ​តេ (Rodrigo Duterte) នោះទេ។

លោក ម៉ា​កូ​ស បាន​ប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន​ដោយ​បញ្ជាក់​ឡើងវិញ​ពី​ជំហរ​របស់គាត់​ថា៖ «ខ្ញុំ​ចាត់ទុកថា​វា​គឺជា​ការគំរាមកំហែង​ដល់​អធិបតេយ្យភាព​រប​ស់​យើង។ ដូច្នេះហើយ រដ្ឋាភិបាល​ហ្វីលីពីន​នឹងមិន​លូកដៃ​ជួយ​ក្នុង​ដំណើរការ​ស៊ើបអង្កេត​ណាមួយ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នោះទេ»។

កាលពី​ខែកក្កដា ឆ្នាំ២០២៣ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បាន​ច្រានចោល​សំណើ​បញ្ឈប់​ការស៊ើបអង្កេត​របស់​រដ្ឋាភិបាល​ហ្វីលីពីន ដោយបាន​អនុញ្ញាត​ឱ្យមាន​ការស៊ើបអង្កេត​បន្ត ដោយ​តុលាការ​នេះ​បាន​ចោទប្រកាន់ថា​មានការ​សម្លាប់​ជាច្រើន​ក្នុងអំឡុងពេល​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់លោក ឌូ​តឺ​តេ ​រួមទាំង​ការរំលោភ​សិទ្ធិមនុស្ស​ផ្សេងទៀត។


យ៉ាងណាក៏ដោយ លោក ម៉ា​កូ​ស បាន​និយាយថា អ្នកស៊ើប​អង្កេត​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នឹងត្រូវ​បាន​ស្វាគមន៍​ក្នុងការ​មក​សួរសុខទុក្ខ​ធម្មតា ប៉ុន្តែ​រដ្ឋាភិបាល​ហ្វីលី​ពី​ន​នឹងមិន​ផ្តល់ជំនួយ​អ្វី​ទាំងអស់។

ការលើកឡើង​របស់ លោក ម៉ា​កូ​ស​ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​របស់លោក បាន​ប្រាប់​ទៅកាន់​សារព័ត៌មាន Kyodo News កាលពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​ហ្វីលី​ពី​ន​អាច​នឹង​អនុញ្ញាតឱ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បន្ត​ការស៊ើបអង្កេត​ ប្រសិនបើ​អនុវត្តតាម​នីតិវិធី​ច្បាប់។ យ៉ាងណាក៏ដោយ ក្រុម​អ្នកគាំទ្រ​របស់លោក ឌូ​តឺ​តេ ​បាន​អះអាងថា ទង្វើ​បែបនេះ​គឺ​ខុស​ទៅនឹង​ច្បាប់។


នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ អនុ​ប្រធានាធិបតី លោកស្រី សា​រ៉ា ឌូ​តឺ​តេ (Sara Duterte) បានលើកឡើង​ពី​ទស្សនៈ​ឪពុក​របស់លោក​ស្រី​ថា ការជ្រៀតជ្រែក​ពី​បរទេស​ក្នុង​កិច្ចការ​របស់​ប្រទេស​មិនគួរ​ត្រូវបាន​អនុញ្ញាត​នោះទេ។ លោកស្រី ​ក៏បាន​បញ្ជាក់ដែរថា លោកស្រី​នឹងមិន​ចូលរួម​ក្នុង​ដំណើរការ​ណាមួយ​ដែល​អាច​នាំ​ឲ្យ​តុលាការ​និង​ប្រព័ន្ធតុលាការ​ទាំងមូល​រប​ស់​ប្រទេស​ត្រូវ​អាម៉ាស់មុខ​នោះឡើយ។

លោក សាល់​វ៉ា​ដូ ផា​ណេ​ឡូ (Salvador Panelo)អតីត​អ្នកនាំពាក្យ​របស់លោក ឌូ​តឺ​តេ បាន​និយាយ​នៅក្នុង​សារ​មួយ​ថា៖«ការអនុញ្ញាតឱ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បើក​ការស៊ើបអង្កេត​នៅក្នុង​ប្រទេស​របស់​យើង ដោយ​បំពាន​រដ្ឋធម្មនុញ្ញ គឺជា​ការលះបង់​ទាំងស្រុង​នូវ​សិទ្ធិ​របស់​យើង​ជា​ប្រទេស​ដែលមាន​អធិបតេយ្យភាព»។

ប្រទេស​ហ្វីលីពីន​បាន​ចាក​ចេញពី​តុលាការអន្តរជាតិ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០១៩ ពោលគឺ​នៅពេលដែល​ប្រធានាធិបតី ឌូ​តឺ​តេ ​នាពេល​នោះបាន​បដិសេធ​ការស៊ើបអង្កេត​ទៅលើ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ដែល​បាន​បណ្តាលឱ្យ​មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់។

យោងតាម​ក្រុមប៉ូលិស​ហ្វីលីពីន​បានឱ្យដឹងថា ពួកគេ​បានសម្លាប់​អ្នកជួញដូរ​គ្រឿងញៀន​ចំនួន ៦ ២០០ នាក់​ក្នុងអំឡុង​អាណត្តិ​របស់លោក ឌូ​តឺ​តេ។ បន្ថែម​លើ​នេះ អ្នកប្រើប្រាស់ និង​អ្នកដើរ​លក់​គ្រឿងញៀន​ជាច្រើន​នាក់​ទៀត​ត្រូវបាន​បាញ់សម្លាប់​ក្នុងអំឡុងពេល​នៃ​ការចុះ​បង្ក្រាប។

ដោយឡែក ក្រុម​សិទ្ធិមនុស្ស និង​ជនរងគ្រោះ​មួយចំនួន​បាន​ចោទប្រកាន់ថា​ប៉ូលិស​បានធ្វើការ​បិទបាំង​ជា​ប្រព័ន្ធ​ចំពោះ​ការប្រហារជីវិត​អ្នកជួញដូរ​គ្រឿងញៀន​ទាំងនោះ ប៉ុន្តែ​អាជ្ញាធរ​បាន​បដិសេធ។

កាលពី​ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ម៉ា​កូ​ស ធ្លាប់បាន​លើកឡើង​ពី​ការពិចារណា​ក្នុងការ​អនុញ្ញាតឱ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ត្រឡប់​ចូល​ស៊ើបអង្កេត​វិញ ប៉ុន្តែ​ពេលនេះ លោក​បានប្រកាស​បដិសេធ​ក្នុងការ​លូកដៃ​ជួយ​ក្នុង​ដំណើរការ​ស៊ើបអង្កេត៕