ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បានរាយការណ៍​ថា ​រដ្ឋាភិបាល​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស់​ ដែល​កំពុង​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​នៅ​តំបន់ហ្គាហ្សា ​បាន​ជិត​ត្រូវរ៉ូវគ្នា​​លើ​ព្រមព្រៀង​​ស្តី​ពីបទ​ឈប់​បាញ់​​ថ្មី​មួយ​ទៀត ​ដែល​មាន​រយៈពេល​ ៣០ ​ថ្ងៃ​។ 

កិច្ច​ព្រម​ព្រៀង​បទ​ឈប់បាញ់​ក្រោយ​នេះ​​ ក៏​នឹង​បើក​ផ្លូវ​ឱ្យ​មាន​ការ​ដោះដូរ​​ចំណាប់ខ្មាំង ​​ដែលនៅសេសសល់​​​ដែល​ក្រុម​​ហាម៉ាស់ចាប់​ទៅ​​កាល​ពី​ការ​​វាយឆ្មក់​ចូល​ទឹកដីអ៊ីស្រាអែល ​​​កាល​ពីថ្ងៃទី​៧ ខែ​​តុលា ឆ្នាំ​២០២៣ ជា​ថ្នូរ​នឹង​ការ​ដោះលែង​អ្នកទោស​​​ប៉ាឡេស្ទីន​ ដែលឃុំខ្លួន​នៅ​អ៊ីស្រាអែល។​

សេចក្តីរាយការណ៍​នេះ​​កើត​ឡើង​តែ​មួយ​ ១ ថ្ងៃ​ក្រោយ​​កងកម្លាំង​របស់អ៊ីស្រាអែល​ប្រកាស​ពី​ការ​​​ស្លាប់​ទាហាន​របស់ខ្លួន​ចំនួន​២៤​នាក់​​ក្នុងការ​វាយ​ប្រហារ​​បំបាក់​អគារ​​​កាល​ពីថ្ងៃទី​២២ ​ខែ​មករា ដែល​អ៊ីស្រាអែល​ចាត់ទុក​ជាកា​របាត់​បង់​ច្រើន​បំផុត​​ចាប់តាំង​ពី​ការ​វាយ​លុក​តាម​ផ្លូវគោក ដែល​បាន​ធ្វើឡើង​កាល​ពីថ្ងៃទី​២៧ ខែ​តុលា​២០២៣ ​មកនោះ។ 


​ខណៈ​ពេល​នេះ​ កង​កម្លាំង​​ទាហាន​​អ៊ីស្រាអែល​ បាន​ជំរុញ​ការវាយលុក​របស់ខ្លួន​លើ​ទីក្រុង​សំខាន់​របស់​ហ្គា​ហ្សា​ភាគខាងត្បូង​ គឺ​ទីក្រុង Khan Younis ខណៈ​អន្តរជាតិ​ទទូច​ហើយ​ទទូច​ទៀត​ឱ្យ​​​ភាគី​អ៊ីស្រាអែល​អនុវត្ត​បទ​ឈប់បាញ់​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​​​ជំនួយ​មនុស្ស​ធម៌​ចូល​ទៅ​តំបន់​នោះ​ដើម្បី​ជួយសង្គ្រោះ​​​ជនស៊ីវិល​ដែល​ស្រេកឃ្លាន។ 

តាមសេចក្តីរាយការណ៍​របស់​រ៉យទ័រ ប្រទេស​​កាតា អាមេរិក និង​អេ​ហ្ស៊ី​ប បាន​បើក​ការចរចា​ការ​ទូត ចាប់តាំងពី​ថ្ងៃទី២៨​ខែធ្នូ ២០២៣ ដើម្បី​ស្វែងរក​ការផ្សារភ្ជាប់​ភាពខុសគ្នា រវាង​អ៊ីស្រាអែល និង​ក្រុម​ប្រដាប់អាវុធ​ហាម៉ាស់​​ប៉ា​ឡេ​ស្ទី​ន លើ​ក្របខណ្ឌ​សម្រាប់​ការ​បំបែក​អរិភាព ដែល​​នឹង​អនុញ្ញាតឱ្យ​មានការ​កើនឡើង​នៃ​ជំនួយ​មនុស្សធម៌​ដល់​ហ្គា​ហ្សា។


ប៉ុន្តែ​ភាគី​ទាំងពីរ​នៅតែមាន​ជម្លោះ​លើ​របៀប​បញ្ចប់សង្គ្រាម​ហ្កា​ហ្សា​ជា​អចិន្ត្រៃយ៍ ហើយ​ក្រុម​ហា​ម៉ាស់​បាន​បដិសេធ​មិន​បន្តដំណើរ​ទៅមុខ​រហូត​ទាល់តែ​បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ។

​រ៉យទ័រ​បាន​ផ្សាយ​ថា ខ្លួន​បាន​ទាក់​ទង​​ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក និង​សេត​វិមាន ក្រសួងការបរទេស​កា​តា និង​សេវា​ព័ត៌មាន​រដ្ឋ​របស់​​ប្រទេស​អេ​ហ្ស៊ី​ប ​ដែល​ទាំង​បី​ភាគី​មិនបាន​ឆ្លើយតបភ្លាមៗ ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​លើ​របាយការណ៍​របស់ខ្លួន​ឡើយ។

សង្គ្រាម​នៅតំបន់ហ្គាហ្សា​បាន​អូសបន្លាយ​ជិត​ ៤ ខែ​​​ ទៅ​ហើយ ដោយ​អ៊ីស្រាអែល​បាញ់ស្រោច​មីស៊ីល លើ​ទីតាំង​សំខាន់​ៗ​​របស់ក្រុមហាម៉ាស់ មុន​​​ប្រតិបត្តិការ​សមរភូមិ​ជើងគោក​នៅថ្ងៃទី​២៧ខែ​​តុលា​ឆ្នាំមុន។​ រហូត​ដល់​ពេលនេះ ជនស៊ីវិល​​ប៉ាឡេស្ទីន​ នៅតំបន់ហ្គាហ្សា​ដែល​ភាគច្រើន​​ជា​កុមារ​និង​ស្ត្រី​​ជាង​ ២៥០០០​ នាក់​ត្រូវ​បានសម្លាប់​​​ ខណៈដែល​អ៊ីស្រាអែល​តែ​ង​ច្រាន​ចោល​បទឈប់បាញ់​ណាមួយស្នើ​ដោយ​អង្គការ​សហប្រជាជាតិ​ក៏ដូចជា​សម្ព័ន្ធមិត្ត​អាមេរិក៕