បើតាម​ការប៉ាន់ប្រមាណ​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បង្ហាញថា​ សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េខាងត្បូង​ បាន​កើនឡើង​នៅក្នុង​ត្រីមាស​ទី៤ ឆ្នាំ​២០២៣ ក្នុង​ល្បឿន​ដូចគ្នា​ទៅនឹង​ត្រីមាស​មុន​​​ ខណៈ​វា​បាន​កើន​លើស​ការរំពឹងទុកដោយសារ​​ការនាំ​ចេញ​មានការ​ងើប​និង​មាន​សម្ទុះ​ខ្លាំងក្លា​ឡើងវិញ។

បើ​យោងតាម​ធនាគារ​​កណ្តាល​កូរ៉េ (BOK) បានឱ្យដឹងថា​ ផលិតផល​ក្នុងស្រុក​សរុប (GDP) សម្រាប់​ត្រីមាស​ខែតុលា​ដល់​ខែធ្នូឆ្នាំ២០២៣ ស្ថិតក្នុង​រង្វង់ ០,៦ ភាគរយ ​ខ្ពស់ជាង​រយៈពេល​បី​ខែ​មុន​ឬ​ត្រីមាស​មុន ក្រោយ​មានការ​កែសម្រួល​ជា​បន្ត​បន្ទាប់មក។ ដូច្នេះ​ក្នុង​ត្រីមាស​ទី៤ មាន​កំណើន​ស្ថិតក្នុង​រង្វង់ ០,៦កើន​លើស​កម្រិត​មធ្យម ០,៥ ភាគរយ។

ការវិភាគ​នៃ​តួលេខ​ផលិតផល​ក្នុងស្រុក​សរុប​ឆ្នាំ២០២៣ បាន​បង្ហាញថា ​ការនាំចេញ​បាន​ងើប​កើន​ឡើងវិញ​ចំនួន ២,៦ ភាគរយ ​ខណៈពេលដែល​ ការនាំ​ចូល​បាន​កើនឡើង ១ ភាគរយ ដែល​នាំ​មាន​កំណើន​សុទ្ធ ឬ net growth០,៨ ភាគរយ។


ជុំវិញ​ការកើនឡើង​នេះ​គឺមាន​ការរួមចំណែក​ពី​ការប្រើប្រាស់​ឯកជន​ដែល​បាន​កើនឡើង ០,២ភាគរយ ការវិនិយោគ​លើ​គ្រឿង​បរិក្ខារ​បាន​កើនឡើង៣,០ភាគរយ ចំណែក​ការវិនិយោគ​លើ​វិស័យ​សំណង់​បាន​ធ្លាក់ចុះ ៤,២ភាគរយ ហើយ​ក្នុងនោះ​ការចំណាយ​របស់​រដ្ឋាភិបាល​គឺ​ខ្ពស់ជាង ០,៤ភាគរយ។

ផ្អែកលើ​មូលដ្ឋាន​ប្រចាំឆ្នាំ ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទី៤ របស់​អាស៊ី​ក្នុង​ត្រីមាស​ទី ៤ បាន​កើនឡើង ២,២ភាគរយ ដែល​នេះ​គឺជា​កំណើន​លឿន​បំផុត​មួយ​បើ​គិត​ចាប់តាំងពី​ត្រីមាស​ទី ៣ ឆ្នាំ២០២២។


ការនាំចេញ​របស់​កូរ៉េខាងត្បូង បាន​កើន​ឡើងវិញ​ក្នុង​រយៈពេល៣ខែ​ជាប់​គ្នា​គិត​ត្រឹម​ខែធ្នូ​ឆ្នាំ២០២៣ បន្ទាប់ពី​មានការ​កែសម្រួល​ការលក់​បន្ទះ​ឈី​ប និង​បើទោះបីជា​តម្រូវការ​ថម​ថយ​ពី​សំណាក់​ប្រទេស​ចិន​នៅតែ​អូសបន្លាយ​ក្តី។

​នៅ​ឆ្នាំ ២០២៣ សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​កើនឡើង​ត្រឹមតែ ១,៤ភាគរយ​ប៉ុណ្ណោះ ដែល​នេះ​ជា​កម្រិត​ទាប​រយៈពេល​ប៣ ឆ្នាំ​ចុងក្រោយ ដោយ​ឆ្នាំ២០២២មាន​កំណើន ២,៦ភាគរយ និង ៤,៣ភាគរយ​នៅ​ឆ្នាំ២០២១។ សម្រាប់​ឆ្នាំ ២០២៤ នេះ​សេដ្ឋកិច្ច​កូរ៉េខាងត្បូង​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​ចំនួន ២,១ភាគរយ។​ នេះ​បើ​យោងតាម BOK៕