ក្រោម​ការបញ្ជា​របស់​មេ​ដឹកនាំ​កូរ៉េខាងជើង​ លោក គីម​ ជុង​អ៊ុន (Kim Jong Un) មន្ត្រី​កូរ៉េខាងជើង​បាន​ចាត់វិធានការ​វាយកម្ទេច បំផ្លាញ​ខ្លោងទ្វារ​ដ៏​សំខាន់​មួយ​នៅក្នុង​រដ្ឋធានី​ព្យុងយ៉ាង (Pyongyang)ដែលជា​តំណាងឱ្យ​សេចក្តីប្រាថ្នា​ឆ្ពោះទៅរក​ការផ្សះផ្សា​ជាមួយ​កូរ៉េខាងត្បូង។ ការ​វាយកម្ទេច​នេះ ធ្វើឡើង​ បន្ទាប់ពី​ការប្រកាស​កាលពីពេលថ្មីៗនេះ​របស់លោក​គីម​ដែលថា​កូរ៉េខាងត្បូង​ឥឡូវនេះ គឺជា​សត្រូវ​ចម្បង​រប​ស់​កូរ៉េខាងជើង​ហើយ​លោក​បាន​បញ្ជាក់ថា​ អនាគត​នៃ​ការបង្រួបបង្រួម​គឺ​មិនអាច​ទៅរួច​នោះទេ។

យោងតាម​រូបភាព​ផ្កាយរណប​ដែល​គេ​បាន​បង្រួម​មើល​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃទី២៣ខែមករា​ បានឱ្យដឹងថា ខ្លោងទ្វារ​ដែលជា​និមិត្តរូប​នៃ​ការបង្រួបបង្រួម​ឧបទ្វីប​កូរ៉េ បាន​បាត់​វត្តមាន​ហើយ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ ​NK News ដែលជា​សារព័ត៌មាន​តាម ដាន​ការវិវត្ត​របស់​កូរ៉េខាងជើង។

គួររំឭកថា ខ្លោងទ្វារ​នេះ​ត្រូវបាន​សាងសង់ឡើង​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​ក្នុង​ឆ្នាំ ២០០០។


យ៉ាងណាក៏ដោយ សារព័ត៌មាន Reuters មិនទាន់​អាច​ផ្ទៀងផ្ទាត់​ជាក់ច្បាស់​នៅឡើយ​ទេ​ថា​តើ​ខ្លោងទ្វារ​ដែល​គេ​ស្គាល់​ថា​ជា​ខ្លោងទ្វារ​នៃ​ការបង្រួបបង្រួម(Arch of Reunification)ពិតជា​ត្រូវបាន​វាយកម្ទេច​ចោល​ឬក៏​យ៉ាងណា។កាលពី​អំឡុងពេល​សុន្ទរកថា​នៅឯ​សភា​ប្រជាជន​កំពូល​របស់​កូរ៉េខាងជើង​នៅ​ថ្ងៃទី១៥ខែមករា លោក​គីម​ធ្លាប់បាន​រិះគន់​ខ្លោងទ្វារ​នេះ​ថា​ជា​ខ្លោងទ្វារ​ដែល​មើលទៅ​មិន​ចូល​ភ្នែក​សោះ ពោលគឺ​ពិតជា​ទើសភ្នែក​ខ្លាំងណាស់។ លោក​ថែមទាំង​បានលើកឡើង​អំពី​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ឱ្យ​ដាក់បញ្ចូល​មាត្រា​ដែល​ចែងថា​កូរ៉េខាងត្បូង​គឺជា​ប្រទេស​សត្រូវ​ជា​រៀងរហូត​ទៀតផង។

ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​បាន​កើនឡើង​កាន់តែខ្លាំង​បន្ទាប់ពី​កូរ៉េខាងត្បូង​បានធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​ឆ្លើយតប​ទៅនឹង​ការធ្វើ​តេស្ត​គ្រាប់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង។ រីឯ​កូរ៉េខាងជើង​វិញ បាន​អះអាងថា ខ្លួន​បាននិងកំពុង​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ដើរចូល​ក្នុង​ភ្លើងសង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​សត្រូវ។


ខ្លោងទ្វារ​នេះ​មានឈ្មោះ​ជា​ផ្លូវការ​ថា«វិមាន​ធម្មនុញ្ញ​ទាំងបី​សម្រាប់​ការបង្រួបបង្រួម​ជាតិ» មាន​កម្ពស់៣០ម៉ែត្រ​និង​តំណាងឱ្យ​គោលការណ៍​ទាំង ៣ គឺ​ការពឹង​ផ្អែកលើ​ខ្លួនឯង​សន្តិភាព​និង​កិច្ចសហប្រតិបត្តិការ​ជាតិ។នេះ​បើ​យោងតាម​កំណត់ត្រា​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង។

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​យូ​ន ស៊ុ​ក​យ៉ុ​ល (Yoon Suk-yeol)ដែល​បាន​ឡើងកាន់តំណែង​ក្នុង​ឆ្នាំ២០២២តែងតែបាន​ប្រកាស​ពី​គោលជំហរ​ប្រឆាំងនឹង​កូរ៉េខាងជើង​របស់ខ្លួន ហើយ​លោក​បាន​ព្យាយាម​បង្ហាញ​ឱ្យ​ពិភពលោក​ដឹងថា កូរ៉េខាងត្បូង​ប្រកាន់​ជំហរ​ប្រឆាំង​ដាច់ខាត​ចំពោះ​សកម្មភាព​យោធា​របស់​កូរ៉េខាងជើង​នៅ​តំបន់​ឧបទ្វីប​កូរ៉េ។

ដោយឡែក កូរ៉េខាងជើង​បាន​សន្យា​ថា​នឹង​វាយកម្ទេច​កូរ៉េខាងត្បូង​ ប្រសិនបើ​យោធា​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ហ៊ាន​បើក​ការវាយប្រហារ​មកលើ​ខ្លួន។ កាលពី​ចុងឆ្នាំ​២០២៣​កូរ៉េខាងជើង​បានប្រកាស​រំលាយ​កិច្ចព្រមព្រៀង​ស្ដីពី​ការកាត់បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​​ដ៏​​សំខាន់​មួយ​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ២០១៨។

បន្ទាប់ពី ​លោក គីម បាន​ថ្លែង​សុន្ទរ​ក​កាលពី​សប្តាហ៍ ​មុន​រួច​សភា​របស់​ប្រទេស​កូរ៉េខាងជើង បាន​ចាត់វិធានការ​រុះរើ​ទីភ្នាក់ងារ​រដ្ឋាភិបាលសំខាន់ៗនៅ​កូរ៉េខាងត្បូង​ដែល​ធ្លាប់បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ទំនាក់ទំនង​ជាច្រើន​ទសវត្សរ៍​មកហើយ​ជាមួយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល៕