កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី ២៤ ខែមករាថ្មីៗនេះ បាន​បើក​នាវាចម្បាំង​ដំបូង​របស់ខ្លួន​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់។ ការណ៍​នេះ បាន​ជំរុញ​ឱ្យ​ភាព​តានតឹង​ផ្នែក​នយោបាយ​កាន់តែ​កើនឡើង មួយកម្រិត​ទៀត ​ខណៈដែល​ការបោះឆ្នោត​តៃវ៉ាន់​ទើបតែ​បញ្ចប់​បាន​ជិត២សប្ដាហ៍។

យ៉ាងណាមិញ កងទ័ពជើងទឹក​អាមេរិក​បាន​និយាយថា នាវាចម្បាំង​របស់ខ្លួន​ដែលមាន​ឈ្មោះថា USS John Finn ពិតជា​បាន​ឆ្លងកាត់​ច្រករបៀង​មួយ​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​ក៏ពិតមែន ប៉ុន្តែ​តំបន់​នោះ​គឺ​មិន​ស្ថិតក្នុង​ដែន​កម្មសិទ្ធិ​របស់​រដ្ឋ​អំណាច​ណាមួយ​ឡើយ។

កងទ័ពជើងទឹក​អាមេរិក​ក៏បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ផងដែរ​ថា៖« ការឆ្លងកាត់ ច្រក​សមុទ្រ​តៃវ៉ាន់ របស់​នាវា John Finn ជាការ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ក្នុងការ​រក្សា​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​សម្រាប់​ប្រជាជាតិ​ទាំងអស់»។


សេចក្តីថ្លែង​ការ​ណ៍បន្ត៖​«ហើយ​គ្មាន​សមាជិក​សហគមន៍​អន្តរជាតិ​ណាមួយ គួរ​ត្រូវបាន​គេ​បំភិតបំភ័យ ឬ​បង្ខំ​ឱ្យ​បោះបង់​សិទ្ធិ និង​សេរីភាព​ក្នុងការ​ធ្វើដំណើរ​របស់​ពួកគេ​ឡើយ»។ 

ប៉ុន្តែ​យ៉ាងណា យោធា​ចិន​បាន​ចាត់ទុកថា​សកម្មភាព​របស់​អាមេរិក​នាពេល​នេះ​គឺជា​ការ​បំភាន់​ភ្នែក​សាធារណជន ហើយ​ថា​កងកម្លាំង​ជើង​ទឹក​របស់ខ្លួន​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ជាមួយ​នាវា​នោះ ដើម្បី​ចៀសវាង​នូវ​ការបង្ក​ទង្វើ​អសន្តិសុខ​ណាមួយ។


យោធា​ចិន​បាន​និយាយទៀតថា៖«ថ្មីៗនេះ យោធា​សហរដ្ឋអាមេរិក​បានធ្វើ​សកម្មភាព​ញុះញង់​ដើម្បី​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់»។

បើទោះបីជា​យ៉ាងណាក៏ដោយ ចិន​នៅតែ​បន្ត​អះអាងថា​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់ខ្លួន និង​ថា​រាល់​បញ្ហា របស់​តៃវ៉ាន់ គឺជា​បញ្ហា​រួម​របស់​ចិន​តែម្ដង។

តៃវ៉ាន់​បាន​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពី​ថ្ងៃទី ១៣ ខែមករា ឆ្ន ២០២៤ ដែលជា​លទ្ធផល គណបក្ស​ប្រជាធិបតេយ្យ​នៅតែ​បន្ត​ឈ្នះឆ្នោត​ជាថ្មី។ ការ​ឈ្នះឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ​នេះ បានធ្វើឱ្យ​ចិន​សង្កៀត​ធ្មេញ​កាន់តែខ្លាំង​ដាក់​តៃវ៉ាន់។

ជាក់ស្ដែង កាលពី​សប្ដាហ៍​មុន តៃវ៉ាន់​បាន​រាយការណ៍​ពី​ការរកឃើញ​យន្ដហោះ​ចម្បាំង​របស់​ចិន​ចំនួន ១៨គ្រឿង ហោះ​ក្រឡឹង​ជុំវិញ​ដែន​កោះ​របស់ខ្លួន ដោយបាន​គំរាមកំហែង​ដល់​សន្ដិសុខ​តៃវ៉ាន់ ក៏ដូចជា​រំខាន​ដល់​ការធ្វើ​ចរាចរណ៍​ផ្លូវអាកាស​ផងដែរ។

ការបើក​នាវាចម្បាំងរ​បស់​អាមេរិក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ចុងក្រោយបង្អស់ គឺធ្វើឡើង​កាលពីដើម​ខែវិច្ឆិកា ដែល​កាលណោះ​មានការ​ចូលរួម​ពី​នាវាចម្បាំង​របស់​កាណាដា​ផង។ ជារឿយៗ អាមេរិក​តែងតែ​ធ្វើ​សកម្មភាព​នេះ ដើម្បី​បញ្ជាក់​ពី​ការគាំទ្រ​របស់ខ្លួន​ចំពោះ​របប ប្រជាធិបតេយ្យ​នៅ​តៃវ៉ាន់៕