ប្រទេស​សិង្ហ​បុរី និង​ចិន នឹង​ចាប់ផ្តើម​ការលើកលែង​ទិដ្ឋាការ​រយៈពេល ៣០ ​ថ្ងៃ​ទៅវិញទៅមក ចាប់ពី​ថ្ងៃទី​ ០៩ ខែកុម្ភៈ ឆ្នាំ​ ២០២៤ នេះ​ទៅ ពោលគឺ​មុន​ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំ​ចិន​មួយថ្ងៃ​។

កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង ​២ នេះ​ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅ​ថ្ងៃទី ​២៥ ខែមករា ដោយ​មន្ត្រី​នៃ​ភាគី​ទាំង ២ ​យល់ព្រម​អនុញ្ញាតឱ្យ​អ្នក​កាន់​លិខិតឆ្លងដែន​ធម្មតា​ពី​សិង្ហ​បុរី​និង​ចិន​ចូលទៅ​ក្នុងប្រទេស​គ្នា​ទៅវិញទៅមក​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ​និង​សម្រាប់​ការ​ស្នាក់នៅ​រហូតដល់ ៣០ ថ្ងៃ​។

មែនទែនទៅ សេចក្តីសម្រេច​ដ៏​ធំ​នេះ​ត្រូវបាន​ប្រកាស​តាំងតែ​ពី​ខែធ្នូ ឆ្នាំ ២០២៣ ពោល​ជា​ពេលដែល​ឧបនាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក Lawrence Wong ស្ថិតនៅក្នុង​ប្រទេស​ចិន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​កំពូល​ប្រចាំឆ្នាំ​រវាង​រដ្ឋាភិបាល​ទាំង ២ ស្តីពី​កិច្ចសហប្រតិបត្តិការ និង​គម្រោង​រួមគ្នា​។


គួរ​ជម្រាប​ថា ប្រទេស​ចិន ​បាន​ស្ដារឡើងវិញ​នូវ​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​រយៈពេល ១៥ ថ្ងៃ ​សម្រាប់​ប្រជាជន​សិង្ហ​បុរី​តាំងតែ​ពី​ដើមខែ​កក្កដា​ឆ្នាំ ២០២៣ បន្ទាប់ពី​ការផ្អាក​អស់​រយៈពេល​ជាង ៣ ​ឆ្នាំ​ ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​ ១៩​។

ហើយ​បច្ចុប្បន្ននេះ ពោលគឺ​មុន​ថ្ងៃទី​ ៩ ខែ​កុ​ម្ភៈ ចូលមក​ដល់ ប្រជាជន​សិង្ហ​បុរី​អាច​ទៅលេង​ប្រទេស​ចិន​ បាន​រហូតដល់ ១៥ ​ថ្ងៃ​ ដោយ​គ្មាន​ទិដ្ឋាការ ខណៈដែល​អ្នក​កាន់​លិខិតឆ្លងដែន​ធម្មតា​របស់​ចិន​នៅតែ​ត្រូវដាក់​ពាក្យសុំ​ទិដ្ឋាការ​ដើម្បី​ចូល​សិង្ហ​បុរី​។


អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Wang Wenbin បាន​និយាយថា ការអនុវត្ត​គម្រោង​លើកលែង​ទិដ្ឋាការ​នៅមុន​ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំ​ចិន គឺជា «​អំណោយ​ឆ្នាំ​ថ្មី​» ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​រាយការណ៍​ថា ពេលបច្ចុប្បន្ន​នេះ​ប្រទេស​ចិន​បាន​បើកទូលាយ​នូវ​ការរៀបចំ​គម្រោង​លើកលែង​ទិដ្ឋាការ​ទៅវិញទៅមក​ជាមួយ​ប្រទេស​យ៉ាងហោចណាស់ ២២ ប្រទេស​។

ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង ​បាន​និយាយ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ខ្លួន​ទន្ទឹងរង់ចាំ​ការមកដល់​នៃ​អាជីវកម្ម ទេសចរណ៍ និង​ការផ្លាស់ប្តូរ​រវាង​ប្រទេស​ទាំងពីរ​តាមរយៈ​ការអនុវត្ត​ការរៀប​ចំនេះ​។

ស្ថានទូត​បន្តថា ការលើកលែង​នេះ​ក៏​នឹង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំង ២ លើកកម្ពស់​ការយល់ដឹង​គ្នា​ទៅវិញទៅមក និង​នាំមក​នូវ​ឱកាស​សេដ្ឋកិច្ច​កាន់តែច្រើន​សម្រាប់​ប្រជាជន​សិង្ហ​បុរី និង​ប្រទេស​សិង្ហ​បុរី​។

គួរ​ជម្រាប​ថា មុន​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីត ​១៩ ភ្ញៀវទេសចរ​ចិន​ជាង ៣,៥ លាន​នាក់​បាន​ទៅ​ទស្សនា​ប្រទេស​សិង្ហ​បុរី​ក្នុង​ឆ្នាំ ២០១៩​។ សម្រាប់​ឆ្នាំ​២០២៣ ចាប់ពី​ខែមករា​ដល់​ខែវិច្ឆិកា សិង្ហ​បុរី​ទទួលបាន​ត្រឹម ៣៧ ភាគរយ នៃ​ភ្ញៀវទេសចរ​ដែល​មកពី​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៩​។ នេះ​បើ​យោងតាម​តួលេខ​ដែល​ចេញផ្សាយ​ដោយ​ក្រុមប្រឹក្សា​ទេសចរណ៍​សិង្ហ​បុរី​។

យ៉ាងណា​ក្រោយ​សេចក្តីប្រកាស​ថ្មី​នេះ អ្នក​និយម​លេង​អ៊ីនធឺណិត​ចិន​ជាច្រើន​បានចាប់ផ្តើម​ពិភាក្សា​អំពី​គម្រោង​ធ្វើដំណើរ​របស់​ពួកគេ​ទៅកាន់​ប្រទេស​សិង្ហ​បុរី ដោយ​អ្នកខ្លះ​ត្រេកអរ​ដោយ​មិនចាំបាច់​សុំ​ទិដ្ឋាការ ​ដើម្បី​ចូលរួម​ការប្រគំ​តន្ត្រី​នៅ​ប្រទេស​សិង្ហ​បុរី​៕​