ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវ លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរីបាននិយាយថា ឡាវជាប្រទេសដែលមានសក្កានុពលសេដ្ឋកិច្ចធំសម្បើម ហើយប្រទេសនេះ អាចរីកចម្រើនបានលឿន ដោយគ្រាន់តែមានការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ក៏ដូចជារៀបចំក្របខណ្ឌគោលនយោបាយឱ្យបានត្រឹមត្រូវ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី ២៧ ខែមករាកន្លងទៅ លោក Vivian Balakrishnan បាននិយាយថា សិង្ហបុរីអាចធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសឡាវ ក្នុងការបង្កើនសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការអប់រំ និងការបណ្តុះបណ្តាល ក៏ដូចជាការផ្តល់ជំនួយផ្សេងៗដើម្បីរុញប្រទេសនេះឱ្យបានចូលទៅក្នុងទីផ្សារពិភពលោក ដែលក្នុងនោះក៏រួមមាននូវការលក់ឥណទានកាបូន ផងដែរ។
ដោយឡែក អតិផរណាតម្លៃទំនិញប្រើប្រាស់ក្នុងប្រទេសឡាវមានជាមធ្យម ៥,១% ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយ (គិតត្រឹមឆ្នាំ ២០២២) ដែលចំនួននេះ លើសពីមធ្យមភាគអាស៊ីប៉ាស៊ីហ្វិកដែលមានត្រឹមតែ ២,១% ប៉ុណ្ណោះ។ រីឯអត្រាអតិផរណារបស់ប្រទេសឡាវ សម្រាប់ឆ្នាំ ២០២២ វិញ គឺបានហក់ឡើងរហូតដល់ ២៣% ឯណោះ។
ប៉ុន្តែយ៉ាងណា លោក Vivian Balakrishnan បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ឡាវបានបើកចំហរ ក្នុងការលើកយកបញ្ហានេះមកពិភាក្សាជាមួយខ្លួន ដោយពួកគេចង់ដោះស្រាយវិបត្តិសេដ្ឋកិច្ចនៅក្នុង ផ្ទៃប្រទេសឱ្យប្រសើរជាងបច្ចុប្បន្ននេះ។
លោករដ្ឋមន្ត្រីការបរទេសក៏បានបន្ថែមដែរថា៖«ពេលនេះ យើងកំពុងចាប់ផ្តើមធ្វើសកម្មភាពដូចជា ធ្វើបដិវត្តន៍បច្ចេកវិទ្យាដោយប្រើប្រាស់បញ្ញាសិប្បនិមិត្ត ការប្រើបច្ចេកវិទ្យាកុំព្យូទ័រ ការធ្វើបដិវត្តឌីជីថលនៅក្នុងស្រុក និងការជំរុញប្រទេសឡាវចំពោះវិស័យថាមពលកកើតឡើងវិញ»។
សម្រាប់ប្រទេសឡាវ ដែលមានរហ័សនាមថាជាធុងអាគុយអគ្គិសនីស្រាប់នោះ មានសក្កានុពលដ៏ ធំធេងលើវិស័យវារីអគ្គីសនី ហើយសិង្ហបុរីមើលឃើញថា នេះជាប្រភពនៃការទទួលបានឥណទានកាបូន។
លោក Vivian Balakrishnan បានសង្កត់ធ្ងន់ថា៖ «នៅពេលដែលពិភពលោកព្យាយាមសម្រេចបាននូវគោលដៅមិនបំភាយឧស្ម័នកាបូននៅត្រឹមឆ្នាំ ២០៥០ ពួកគេនឹងត្រូវការអគ្គីសនីពីប្រទេសឡាវកាន់តែច្រើន»។
ឡាវគឺជាប្រទេសដែលស្ថិតនៅចំកណ្ដាលនៃតំបន់អាស៊ីអាគ្នេយ៍ ដែលមិនមានព្រំប្រទល់ជាប់សមុទ្រ ប៉ុន្តែជាប្រទេសតែមួយគត់ដែលមានអាងទន្លេមេគង្គច្រើនជាងគេ។ ដោយមានលក្ខខណ្ឌភូមិសាស្ត្របែបនេះ ប្រទេសឡាវសម្បូរទៅដោយ ភ្នំខ្ពស់ៗ និងព្រៃឈើ ដែលអំណោយផលដល់ការធ្វើវារីអគ្គិសនី។
បច្ចុបន្ននេះដែរ អគ្គិសនីដែលផលិតបាននៅប្រទេសឡាវ មានគោលដៅនាំចេញសំខាន់ៗទៅកាន់ប្រទេសវៀតណាម និងថៃ។
ក្នុងដំណើរទស្សនកិច្ចនាឱកាស៥០ឆ្នាំនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ លោករដ្ឋមន្ត្រីការបរទេសបានចំណាយពេលពេញមួយថ្ងៃ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីឡាវ Sonexay Siphandone រដ្ឋមន្ត្រីការបរទេស Saleumxay Kommasith និងប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិនៃបដិវត្តប្រជាជនឡាវ លោក Thongsavanh Phomvihane៕