គិត​ត្រឹម​ថ្ងៃទី​ ២៧ ខែមករា​ កសិករ​បារាំ​ង​នៅតែ​បន្តធ្វើ​បាតុកម្ម​តវ៉ា​នៅ​ទូទាំងប្រទេស ​ដោយ​លើក​ហេតុផល​ថា ​រដ្ឋាភិបាល​នៅ​មិនទាន់​អា​ចរក​ដំណោះស្រាយ​មួយ​ដែល​សមស្រប​សម្រាប់​ពួកគេ​នៅឡើយ។

យ៉ាងណាមិញ​ការធ្វើ​បាតុកម្ម​បិទផ្លូវ​ទូទាំងប្រទេស​របស់​ប្រជាកសិករ​បារាំង​បែបនេះ​ធ្វើឡើង​ក្រោយ​លោកនាយក​រដ្ឋមន្ត្រី​ទើប​ចូលកាន់​តំណែង Gabriel Attal បាន​កែទម្រង់​ការយកពន្ធ​លើ​ប្រេងឥន្ធនៈ​សម្រាប់​វិស័យ​កសិកម្ម។មិន​ត្រឹមតែ​ប៉ុណ្ណោះ​នាយករដ្ឋមន្ត្រី​ថ្មី​នេះ​ក៏បាន​ប្រកាស​ចេញ​នូវ​គោលនយោបាយ​ផ្សេងទៀត​សំដៅ​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ​ផងដែរ។

បើតាម​ការកែទម្រង់​ថ្មី​នេះ​រដ្ឋ​នឹង​បង្កើន​ពន្ធ​លើ​ប្រេងឥន្ធនៈ​សម្រាប់​វិស័យ​កសិកម្ម​ពីលើ​តម្លៃ​បច្ចុបន្ន​ចំនួន €0,0៣ (0,0៣ ដុល្លារ) ក្នុង ១ ឆ្នាំ​រហូតដល់​ឆ្នាំ ២០៣០។ ប៉ុន្តែ​សម្រាប់​កសិករ​ពួកគេ​កំពុងតែជួបប្រទះ​នូវ​បញ្ហា​ទីផ្សារ​ម្ល៉ោះហើយ​ការដំឡើង​ពន្ធ​ចំ​ស្ថានការណ៍​នេះ​ជា​រឿង​ដែល​ធ្វើឱ្យ​កសិករ​ភាគច្រើន​មិន​យល់ស្រប។


សហជីព​កសិកម្ម​ដ៏ធំៗរបស់​បារាំង​បាន​និយាយថា​ខ្លួន​នឹង​បន្ត​ការតវ៉ា​បិទផ្លូវ​បែបនេះ​រហូតដល់​រដ្ឋាភិបាល​មាន​ដំណោះស្រាយ។ក្រុម​កសិករ​ផ្សេងទៀត​ថែមទាំង​ដាក់​គោលដៅ​ធ្វើយ៉ាងណា​ឱ្យមាន​ភាពរអាក់រអួល​នៅ​ទីក្រុងធំៗនិង​ទីសាធារណៈ​ផងដែរ។

ជាមួយគ្នានេះដែរ​ក្រុមបាតុករ​ក៏បាន​រៀបចំ​នូវ​ការជួបជុំ​ដោយ​ស្ងៀមស្ងាត់​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ដល់​កសិករ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដោយ​អ្នកខ្លះ​បានធ្វើ​អត្តឃាត​ដោយសារតែ​បញ្ហា​ទីផ្សារ​និង​សម្ពាធ​ដែល​រដ្ឋាភិបាល​ដាក់​ទៅលើ​កសិករ។


ម្យ៉ាងទៀត​ក្រុម​កសិករ​បារាំង​ក៏​កំពុង​តវ៉ា​លើ​ការហាម​ប្រាម​ក្នុងការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ដើម្បីឱ្យ​សមស្រប​ទៅនឹង​កិច្ចព្រមព្រៀង​បៃតង​របស់​សហភាព​អឺរ៉ុប​ដែល​បានប្រកាស​ក្នុង​ឆ្នាំ២០១៩។

កិច្ចព្រមព្រៀង​នោះ​មានបំណង​សម្រេចបាន​នូវ​អព្យាក្រឹត​អាកាសធាតុ​និង​គ្មាន​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​នៅក្នុង​សហភាព​អឺរ៉ុប​ត្រឹម​ឆ្នាំ២០៥០ប៉ុន្តែ​វា​នឹង​ប៉ះពាល់​ដល់​ថ្លៃដើម​នៃ​ការផលិត​របស់​កសិក​រ​ទូទាំងប្រទេស​បារាំង​ក៏ដូចជា​ទូទាំង​សហភាព​អឺរ៉ុប​ដោយ​ធ្វើឱ្យ​កសិករ​កាន់តែ​ពិបាក​ក្នុងការ​រកប្រាក់​ចំណេញ។

ទាក់ទិន​នឹង​បញ្ហា​នេះ​ការិយាល័យ​នាយករដ្ឋមន្ត្រី Gabriel Attal បានឱ្យដឹងថា​ខ្លួន​នឹងធ្វើ​ដំណើរ​ទៅកាន់​កន្លែង​ដែល​កសិករ​កំពុង​តវ៉ា​នា​ថ្ងៃទី២៨មករា​នេះ​ដោយ​ធ្វើយ៉ាងណា​រារាំង​មិនឱ្យ​ចលនា​តវ៉ា​នេះ​រីកដុះដាល​កាន់តែ​ធំ។

ប្រទេស​បារាំង​គឺជា​អ្នកធ្វើ​កសិកម្ម​ដ៏​ធំ​បំផុត​របស់​សហភាព​អឺរ៉ុប​ហើយ​ការតវ៉ា​របស់​កសិករ​បារាំង​នាពេលនេះ​គឺធ្វើឡើង​ស្រដៀង​គ្នា​នឹង​អ្វីដែល​ធ្លាប់​កើតមាន​ក្នុងប្រទេស​សមាជិក​អឺរ៉ុប​ផ្សេងទៀត៕