មនុស្សជាច្រើនមានទាំងពលរដ្ឋអ៊ីស្រាអែលផ្ទាល់ និងជនបរទេសផង បានដើរទស្សនាផ្ទាំងបដាដែលមានបង្ហាញឈ្មោះ និងបិទរូបថតរបស់អ្នកដែលបានបាត់បង់ជីវិតក្នុងតំបន់ដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់បានលួចចូលវាយប្រហារទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេស។
អ្នកខ្លះកំពុងថតវីដេអូ និងនិងអ្នកខ្លះទៀតកំពុងផ្ដិតយករូបភាពនៅលើទូរស័ព្ទរបស់ពួកគេ ខណៈដែលអ្នកខ្លះទៀតបានបង្ហាញពីកាន់ទុក្ខដោយស្រក់ទឹកភ្នែក។
អ្នកដើរទស្សនានៅទីនោះម្នាក់ឈ្មោះថា សាម៉ានថា ម៉ាលកា (Samantha Malcar) មកពីប្រទេសកាណាដា បានលើកឡើងសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការធ្វើជាសាក្សីដោយផ្ទាល់ដោយបាននិយាយថា៖ «វាពិតជាសំខាន់ណាស់ក្នុងការដែលបានមកឃើញវាដោយផ្ទាល់ភ្នែករបស់អ្នក»។
លោកស្រីបានបន្តថា៖ «អ្នកអាចមើលឃើញផ្ទាំងរូបភាពដែលបង្ហាញពីទឹកមុខជាក់ស្ដែងរបស់ជនរងគ្រោះ។ អ្នកអាចមើលឃើញការបំផ្លិចបំផ្លាញ ហើយអ្នកអាចដឹងថា ពួកគេទាំងអស់នេះគឺជាមនុស្សពិតប្រាកដដែលបានបាត់បង់ជីវិតដោយគ្រាន់តែពួកគេធ្វើដំណើរមកចូលរួមពិធីជប់លៀងនៅថ្ងៃនោះ»។
នៅព្រឹកព្រលឹមថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ មនុស្សរាប់ពាន់នាក់កំពុងរីករាយនឹងពិធីជប់លៀងមួយក្នុងឱកាសពិធីបុណ្យណូវ៉ាខណៈដែលខ្មាន់កាំភ្លើងមកពីតំបន់ហ្គាហ្សាបានលួចវាយប្រហារភ្លាមៗនៅតាមផ្ទះរបស់ប្រជាជនអ៊ីស្រាអែលពី ១ កន្លែងទៅ ១កន្លែង។
បើយោងតាមអាជ្ញាធរអ៊ីស្រាអែលបានរាយការណ៍ថា ក្នុងចំណោមមនុស្សចំនួន ៣៦៤ នាក់ អ្នកខ្លះត្រូវបានបាញ់សម្លាប់ និងរងរបួស អ្នកខ្លះត្រូវបានវាយដំ ឬដុតទាំងរស់រហូតដល់ស្លាប់ ហើយអ្នកខ្លះទៀតក៏ប្រឈមនឹងការរំលោភផ្លូវភេទផងដែរ។ លើសពីនេះទៀត មនុស្សប្រហែល ៤០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ដោយបញ្ជូនខ្លួនត្រឡប់ទៅតំបន់ហ្គាហ្សា ដែលមានចម្ងាយ ៥គីឡូម៉ែត្រពីតំបន់នោះ។
អ្នកទេសចរខ្លះបានទៅទស្សនានៅតំបន់កើតហេតុនោះតាមរយៈការធ្វើដំណើរដែលរៀបចំដោយក្រុមអង្គការសង្គមស៊ីវិល ខណៈអ្នកផ្សេងទៀត ទៅចូលរួមគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបានបាត់បង់ជីវិតក្នុងពិធីបុណ្យណូវ៉ា។
ព្រឹត្តិការណ៍នេះគឺជាហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល និងសាហាវបំផុតនៅក្នុងការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស់ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់សរុបទាំងអស់ចំនួន ១ ២០០ នាក់ និងមនុស្ស ២៤០ នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
ជាការឆ្លើយតប អ៊ីស្រាអែលបានប្រកាសសង្គ្រាមជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់ដោយមានគោលដៅវាយកម្ទេច និងសម្លាប់ក្រុមសកម្មប្រយុទ្ធនេះទាំងស្រុងដែលកំពុងគ្រប់គ្រងតំបន់ហ្គាហ្សា។ គិតមកទល់ពេលនេះជនជាតិប៉ាឡេស្ទីនជាង ២៦ ០០០ នាក់ បានស្លាប់។ នេះបើយោងតាមការរាយការណ៍ដោយអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា៕