ឃាតកម្ម​កើត​ឡើ​​​ង​លើ​កម្មករ​ប៉ាគីស្ថាន​​​​ ៩​ នាក់​នៅ​ប្រទេស​អ៊ីរ៉ង់​ ខេត្តជាប់​ព្រំដែន​​​ប៉ាគីស្ថាន​ មុន​ដំណើរ​ទស្សន​កិច្ច​​​របស់​រដ្ឋមន្ត្រីការបរទេស​​អ៊ីរ៉ង់លោក Hossein Amirabdollahian​​ ដែល​គ្រោង​ធ្វើ​នៅថ្ងៃទី ​២៩​​ មករា​​ ទៅ​កាន់​ប្រទេសប៉ាគីស្ថាន​​ ដើម្បី​ប្រឹង​ប្រែង​ស្តារ​ទំនាក់​ទំនង​របស់​ពួក​គេដែល​​​កំពុង​ដុន​ដាបខ្លាំង​។ 

​​បន្ទាប់​ពី​ជម្លោះ​​​បាញ់​ប្រហារ​គ្នា​ទៅវិញ​ទៅមករវាង​ប្រទស​ប៉ាគីស្ថាន និង​អ៊ីរ៉ង់​​ប្រហែល​​១​សប្តាហ៍ ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​​​១​ក្រុម​ដែល​ត្រូវ​បាន​សង្ស័យ​​​មាន​គ្នា​៣​នាក់ ​បាន​បាញ់​សម្លាប់​កម្មករ​ប៉ា​គី​ស្ថាន៩នាក់ នៅ​តំបន់​ព្រំដែន​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អ៊ីរ៉ង់ កាល​ពី​ថ្ងៃទី ២៧​ ខែមករា។ 

យោ​ងតាម​ការ​ដក​ស្រង់​​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ​ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន​​ប្រចាំ​​​​ប្រទេស​អ៊ីរ៉ង់ លោក Muhammad MudassirTipuបាន​បញ្ជាក់​​​​ពី​ហេតុការណ៍​នេះ​​នៅលើ​​បណ្តាញ​សង្គម​X ដោយ​​សរសេរ​ថា៖«​ពិត​ជា​រន្ធត់ចិត្ត​ខ្លាំងណាស់​ចំពោះ​ការសម្លាប់​ជនជាតិ​ប៉ា​គី​ស្ថាន​៩នាក់​នៅ​សា​រ៉ា​វ៉ាន់។​ ស្ថានទូត​នឹង​ផ្តល់​កា​រ​គាំទ្រ​​​ពេញ​លេញ​​​ទៅដល់​គ្រួសារ​​ជនរងគ្រោះ​​»។ 


​​​តាមខ្លឹមសារ​នោះ លោក Muhammad MudassirTipuបន្ថែម​ថា៖«​​​យើង​បាន​អំពាវនាវ​ឱ្យ​អ៊ីរ៉ង់​ពង្រីក​កិច្ចសហប្រតិបត្តិការ​ពេញលេញ​ក្នុង​បញ្ហា​នេះ»​។ 

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​បាន​និយាយថា ប៉ូលិស​កំពុង​ស្វែងរក​ខ្មាន់កាំភ្លើង​ទាំង៣នាក់​ដែល​បាន​រត់គេចខ្លួន​បន្ទាប់​ពី​ការបាញ់ប្រហារ។


ក្រុម​សិទ្ធិ Baluch Haalvashបាន​និយាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា ជនរងគ្រោះ​គឺជា​កម្មករ​ប៉ា​គី​ស្ថាន ដែល​រស់នៅ​ហ្គារ៉ាស​​​ជួសជុល​រថយន្ត​ដែល​ពួកគេ​ធ្វើការ។ វា​បាន​និយាយថា មនុស្ស​៣នាក់​ផ្សេងទៀត​បាន​រងរបួស។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា គ្មាន​បុគ្គល ឬ​ក្រុម​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការបាញ់ប្រហារ​នៅ​សា​រ៉ា​វ៉ាន់ ក្នុង​ខេត្ត​Sistan-Baluchestan ដែល​ជា​ប់​ព្រំដែន​ប្រទេស​ប៉ាគីស្ថាន​នោះ​ឡើយ​​។ 

អ្នកនាំពាក្យ​ក្រសួងការបរទេស​ប៉ា​គី​ស្ថាន លោក Mumtaz Zahra Baloch បាន​និយាយថា«វា​គឺជា​ឧបទ្ទវហេតុ​ដ៏​រន្ធត់ និង​គួរឱ្យ​ស្អប់ខ្ពើម ហើយ​យើង​ថ្កោលទោស​វា​យ៉ាង​​​ឈឺចាប់​​»។

«យើង​កំពុង​ទាក់ទង​ជាមួយ​អាជ្ញាធរ​អ៊ីរ៉ង់ ហើយ​បាន​គូសបញ្ជាក់​អំពី​តម្រូវការ​ក្នុងការ​ស៊ើប​អង្កេត​​ឧបទ្ទវ​ហេតុនេះភ្លាមៗ ហើយ​រក្សាទុក​ដើម្បី​ទទួលខុសត្រូវ​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ»។
ការបាញ់ប្រហារ​នេះ​បានកើត​ឡើង​មុន​ដំណើរ​ទស្សនកិច្ច​ដែល​បានគ្រោង​ទុក​នៅ​ថ្ងៃទី២៩ ខែមករា​ទៅកាន់​ប្រទេស​ប៉ា​គី​ស្ថាន​ដោយ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក Hossein Amirabdollahian។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ លោក Nasser Kanaaniបាន​ថ្កោលទោស​ការ​បាញ់​ប្រហារ​​នេះ ដោយ​លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖«អ៊ីរ៉ង់ និង​ប៉ា​គី​ស្ថាន នឹងមិន​អនុញ្ញាត​ឱ្យ​​សត្រូវ​បំផ្លាញ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង២ឡើយ»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន និង​អ៊ីរ៉ង់​បាន​វិលត្រឡប់​មកកាន់​តំណែង​របស់​ពួកគេ​វិញបន្ទាប់ពី​ត្រូវបាន​ហៅត្រឡប់​មក​វិញ​នៅពេលដែល​ប្រទេសជិតខាង​បាន​​បាញ់​ប្រហារ​​ដាក់​គ្នា​ដោយ​មី​ស៊ី​ល​កាលពី​សប្តាហ៍​មុន សំដៅ​ទៅលើ​អ្វីដែល​ពួកគេ​បាន​និយាយថា​ជា​គោលដៅ​របស់​ក្រុម​សកម្មប្រយុទ្ធ។​

ក្នុងការ​បាញ់ប្រហារ​​កាល​ពីសប្តាហ៍​មុននោះ ​កង​​កម្លាំង​សន្តិសុខ​អ៊ីរ៉ង់​​បាន​​បាញ់​ប្រហារ​​លើ​ក្រុម​ទាម​ទារ​បំបែក​ខ្លួ​ន ហើយ​មីស៊ីល​បានធ្លាក់ចូល​ទឹកដី​ប៉ាគីស្ថាន​ ក៏បណ្តាល​ឱ្យ​មាន​អ្នកស្លាប់ ហើយ ប៉ាគីស្ថាន​​ក៏​​បាញ់​សង​សឹក​វិញ​នៅ​ពេល​ក្រោយ​មក។ 

តំបន់ Sistan-Baluchestanដ៏​ក្រីក្រក្នុង​ប្រទេស​អ៊ីរ៉ង់ គឺជា​កន្លែង​នៃ​ការប៉ះទង្គិច​គ្នា​ជា​បន្តបន្ទាប់​រវាង​កង​កម្លាំង​សន្តិសុខ និង​ពួក​សកម្មប្រយុទ្ធ​បំបែក​ខ្លួន និង​អ្នករត់ពន្ធ​អាភៀន​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែលជា​អ្នក​ផលិត​គ្រឿងញៀន​កំពូល​របស់​ពិភពលោក។

អ៊ីរ៉ង់​មានតម្លៃ​ប្រេងឥន្ធនៈ​ទាប​បំផុត​ក្នុង​ពិភពលោក ហើយ​នេះ​ក៏​នាំឱ្យមាន​ការបង្កើន​ការ​រត់​ពន្ធ​​ប្រេង​ទៅកាន់​ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គា​នី​ស្ថាន បើទោះបីជា​មានការ​បង្ក្រាប​ដោយ​ឆ្មាំ​ព្រំដែន​អ៊ីរ៉ង់​ក៏ដោយ៕​