ក្រសួងការពារជាតិ​តៃវ៉ាន់​កាលពី​ថ្ងៃទី២៧ ខែមករា​កន្លងទៅនេះ​បាន​និយាយថា​ខ្លួន​បាន​រកឃើញ​យន្តហោះ​យោធា​ចិន​ជាង ៣០ នៅ​ជុំវិញ​កោះ​តៃវ៉ាន់​ក្នុង​រយៈពេល​ត្រឹម ២៤ ម៉ោង​ប៉ុណ្ណោះ​ ដែល​នេះ​ជាការ​បង្ហាញ​កម្លាំង​ដ៏​ធំ​បំផុត​នៅ​ជុំវិញ​កោះ​ចាប់តាំងពី​តៃវ៉ាន់​បានបញ្ចប់​ការបោះឆ្នោត​ដ៏​សំខាន់​កាលពីពេលថ្មីៗនេះ។

ប្រទេស​ចិន​ដែល​តែងតែ​ទាមទារ​ថា​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន មិនដែល​បោះបង់​វិធីសាស្ត្រ​ប្រើប្រាស់​កម្លាំង​ដើម្បី​ព្យាយាម​ធ្វើយ៉ាងណា​យក​កោះ​ដែល​ព្យាយាម​ប្រកាស​ឯករាជ្យ​នេះ​មក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន។

នៅមុន​ការបោះឆ្នោត​កាលពី​ថ្ងៃទី១៣ ខែមករា​របស់​តៃវ៉ាន់​ទីក្រុង​ប៉េកាំង​បាន​ព្រមាន​អ្នកបោះឆ្នោត​ថា​បេក្ខជន​ប្រធានាធិបតី​លោក Lai Ching-te គឺជា«អ្នក​បំបែក​ខ្លួន​ដ៏​គ្រោះថ្នាក់» នឹង​នាំមក​នូវ​សង្គ្រាម​និង​ការចុះ​ខ្សោយ​ ប្រសិនបើ​ពួកគេ​ជ្រើសរើស​បុរស​រូបនេះ​ឱ្យ​ដឹកនាំ។


ទោះយ៉ាងណា​លោក Lai នៅតែ​ឈ្នះ​ការបោះឆ្នោត​និង​ធ្វើឱ្យ​គណបក្ស​​ប្រជាធិបតេយ្យ​​ជឿនលឿន​ដែលជា​បក្ស​ប្រឆាំងនឹង​ការទាមទារ​ទឹកដី​តៃវ៉ាន់​ពី​សំណាក់​ចិន​រហូតមក ទទួលបាន​អំណាច​បន្ត​សម្រាប់​អាណត្តិ​ទី៣ដែល​មិន​ធ្លាប់មាន​ពីមុនមក។

នៅក្នុង​សេចក្តីថ្លែងការណ៍​ក្រសួងការពារជាតិ​តៃវ៉ាន់​បញ្ជាក់ថា​ក្នុង​រយៈពេល ២៤ ម៉ោង​ថ្ងៃ​ទី​២៧​ ខែ​មករា​ ក្រសួងការពារជាតិ​បាន​រកឃើញ​យន្តហោះ​យោធា​ចិន​ចំនួន៣៣គ្រឿង​និង​នាវា​កងទ័ពជើងទឹក​ចំនួន ៧ ដែល​កំពុង​ប្រតិបត្តិការ​ជុំវិញ​កោះ​តៃវ៉ាន់​ក្នុងនោះ​យន្តហោះ ១៣គ្រឿង​បាន​ហោះ​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់។


លើសពីនេះ​ប៉េងប៉ោង​របស់​ចិន​ចំនួន២ ក៏ត្រូវ​បាន​គេ​រកឃើញថា​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ដែលជា​ចំណុច​ដ៏​រសើប​រវាង​ចិន​និង​តៃវ៉ាន់។

ការបង្ហាញ​កម្លាំង​សន្ធឹកសន្ធាប់​បែបនេះ​ក៏បាន​កើតឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​សមាជិកសភា​សហរដ្ឋ​អាមេរិក២នាក់​ទៅកាន់​ទីក្រុង​តៃប៉ិ​ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Lai និង​មិត្ត​រួម​អាជីព​លោក​គឺ Hsiao Bi-khimដែល​តែងតែ​ជា​មនុស្ស​ទីក្រុង​ប៉េកាំង​រិះគន់ថា​ជា «អ្នក​ឯករាជ្យ»៕