លោក Daim Zainuddin អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​ដែល​ស្និទ្ធនឹង​​​​លោក Mahathir Mohamad អតីត​​​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ដែល​ជា​គូសត្រូវ​នយោបាយ​របស់​​លោក​អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែល​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន  ​នឹង​​ចូល​​ក្នុង​តុលាការ​នៅ​ថ្ងៃទី​២៩ខែមករា ដើម្បី​ប្រឈមមុខ​នឹង​ការ​ចោទប្រកាន់​ចំនួន​២។ ​

​យោង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Star ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេសម៉ាឡេស៊ី ​ អតីត​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថរូប​នេះរង​ការ​ចោទ​ប្រកាន់​​​ចំពោះ​ការខកខាន​ក្នុងការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ ហើយ​កាល​ពីសប្តាហ៍​មុន​ភរិយា​របស់​លោក គឺ​លោកស្រី Na'imah Abdul Khalid អាយុ ៦៦​ ឆ្នាំត្រូវ​បាន​តុលាការ​​ចោទ​ប្រកាន់​ពីបទ​​មិន​ប្រកាស​ទ្រព្យសម្បត្តិនេះ​ដែរ។ 

​យោង​តាម ​ The Star លោក Daim Zainuddin បាន​​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ថ្ងៃ​ឡើង​សវនាការ​នៅថ្ងៃទី២៩​មករា​នេះ​។ 


គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី ​​ (MACC) ដែល​អ្នក​តាមដាន​នយោបាយ​​នៅ​ប្រទេសម៉ាឡេស៊ី​​​​​លើក​ឡើង​ថា បង្កើត​​ឡើង​​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ​ដើម្បី​សង​សឹក​​អ្នក​នយោបាយ​​​​​​​ជាន់ខ្ពស់​ក្នុងរដ្ឋាភិបាល​អាណត្តិមុនៗ​។ 

លោក Daim Zainuddin ​អាយុ៨៤​ឆ្នាំ ធ្លាប់​បាន​បម្រើការ​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​​ចំនួន ២​ លើក ​​ក្នុង​ចន្លោះ​ឆ្នាំ ១៩៨៤ និង ២០០១​​​ ហើយ ភរិយា​របស់លោក​ត្រូវ​បាន​​តុលាការ​សាកសួរ​​កាល​ពីសប្តាហ៍មុន ​ហើយ​ក៏បាន​ច្រាន​ចោល​រាល់ព័ត៌មាន​ចោទប្រកាន់ ព្រម​ទាំង​ចាត់ទុក​​កា​រចោទប្រកាន់​នេះ​ជា​រឿង​នយោបាយ​ទៀតផង​៕​