​ព្រះរាជាណាចក្រ​ថៃ និង​ចិន ​ដែលជា​ប្រទេស​មហា​យក្ស​អាស៊ី បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃទី​ ២៨ ខែមករា ដើម្បី​លើកលែង​លក្ខខណ្ឌ​តម្រូវ​ទិដ្ឋាការ​សម្រាប់​ជនជាតិ​ទាំង​ ២ ​ប្រទេស​ទៅវិញ​-​ទៅមក ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ ២​ ក្រោយ​ការអនុវត្ត​ការលើកលែង​សាកល្បង​កាលពី​ខែកញ្ញា ឆ្នាំមុន​។  

​យោង​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ រដ្ឋមន្ត្រី​ការ​បរ​​ទេស​ថៃ លោក Parnpree Bahiddhanukara និង​សម​ភាគី​ចិន​លោក Wang Yi បាន​ចុះហត្ថលេខា​លើ​ការលើកលែង​ទិដ្ឋាការ​ទៅវិញទៅមក ដែល​ចូល​ជាធរ​មាននៅ​ថ្ងៃទី​ ១ ខែមីនា នៅក្នុង​ពិធី​មួយ​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ទីក្រុង​បាងកក​។​


​លោក Wang Yi បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​រួមមួយ​ថា​៖ «​យុគសម័យ​គ្មាន​ទិដ្ឋាការ​នេះ​នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​ទៅកាន់​កម្ពស់​ថ្មី​មួយទៀត​»​។​

​ប្រទេស​ចិន​គឺជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍រ​បស់​ប្រទេស​ថៃ ដែលជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ ២ ​របស់​អាស៊ីអាគ្នេយ៍ មុនពេល​ជំងឺ​រា​ត​​ត្បា​ត ប៉ុន្តែ​ការវិលត្រឡប់​នៃ​ភ្ញៀវ​​ទេសចរ​ចិន​ទៅកាន់​ប្រទេស​ថៃ​វិញ​មាន​ភាពយឺតយ៉ាវ​។​


​ប្រទេស​ថៃ ​ក្រោយពី​លោក សេដ្ឋា ថា​វី​ស៊ីន ឡើង​ដឹកនាំ​រដ្ឋាភិបាល​ភ្លាម បាន​ដាក់ឱ្យអនុវត្ត​ការលើកលែង​ទិដ្ឋាការ​ជាមួយ​ប្រទេស​ចិន និង​ប្រទេស​កា​ហ្សា​ក់​ស្ថាន​មុនគេ ​កាលពី​ថ្ងៃទី​ ២៥ ខែកញ្ញា ហើយ​ជាការ​​កត់សម្គាល់ ភ្ញៀវទេសចរ​ចិន​ជាច្រើន​សម្រុក​ទៅ​ប្រទេស​ថៃ ប៉ុន្តែ​ចំនួន​ភ្ញៀវទេសចរ​ចិន​បាន​ធ្លាក់ចុះ​វិញ​យ៉ាងខ្លាំង​ក្រោយ​មាន​អំពើ​ឃាតកម្ម​បាញ់ប្រហារ​នៅ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​បាងកក​នៅ​ដើមខែ​តុលា ឆ្នាំមុន បណ្តាលឱ្យ​ទេសចរ​ចិន​ម្នា​ក់បាន​ស្លាប់​ក្នុងចំណោម​អ្នកស្លាប់ ៥ ​នាក់​៕